Thursday, December 17, 2020

ប្រជាពលរដ្ឋចំនួន១៥គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ទទួលបានអំណោយមនុស្សធម៌

 ស្វាយរៀង៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុករមាសហែក ដឹកនាំដោយលោក ស៊ូ ម៉ុល ប្រធានគណៈកម្មាធិការអនុសាខា ស្រុក និងសហការី បាននាំយកអំណោយមនុស្សធម៌របស់អនុសាខាចុះសួរសុខទុក្ខនិងផ្តល់ជូនបងប្អូនប្រជាពលរដ្ឋចំនួន១៥គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ប៉ះពាល់ចំនួន២ ឃុំក្នុងស្រុករមាសហែក គឺឃុំសម្បត្តិមានជ័យចំនួន១១ខ្នង ឃុំសំបួរ ៤ ខ្នងក្នុងនោះខូចខាតធ្ងន់ចំនួន៣ខ្នង មធ្យមចំនួន១០ខ្នង ខូចខាតស្រាលចំនួន២ខ្នង។

ក្នុងឱកាសនោះដែរ លោក ស៊ូ ម៉ុល ប្រធានគណៈកម្មធិការអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំ ផ្ញើសួរសុខទុក្ខ និងសោកស្តាយពីសំណាក់លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា នាយឧត្តមសេនីយ៍ សៅ សុខា គណៈកិត្តិយសសាខា ពិសេសលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចជាកាលតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងដោយមិនមានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។

សម្ភារដែលអនុសាខាផ្តល់ជូនទាំង១៥ គ្រួសារ សម្រាប់គ្រួសារខូចខាតទាំងស្រុង ៣ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម ក្រណាត់កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្ល ២ កន្ទេលបត់ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកត្រី ៦ ដប ឃីត១ កញ្ចប់ (ភួយ ១ មុង ១ សារុង ១ ក្រមា ១) និងថវិកា ១០០,០០០ រៀល។

សម្រាប់គ្រួសារខូចខាតមធ្យម ១០ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកត្រី ៦ ដប កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ៥០,០០០ រៀល ។ សម្រាប់គ្រួសារខូចខាតស្រាល ២ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន៖ ថវិកា ៥០,០០០ រៀល ដើម្បីទិញសម្ភារជួសជុលផ្ទះឡើងវិញ៕






No comments:

Post a Comment