Thursday, December 17, 2020

ក្រសួងអប់រំ ប្រកាសជាផ្លូវការឱ្យសិស្សចុះឈ្មោះប្រលងថ្នាក់ទី៩ និងថ្នាក់ទី១២ ជាប់ជាស្ថាពរ ដោយគ្មានកំណត់និទ្ទេស

 ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានសម្រេចឱ្យបេក្ខជនដែលបានចុះឈ្មោះប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៩-២០២០ ជាប់ជាស្ថាពរ ដោយគ្មានការកំណត់និទ្ទេស។

សេចក្ដីជូនដំណឹងនេះ ធ្វើឡើងដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសថ្លែងសារផ្ញើជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ-១៩ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដោយបានផ្តល់យោបល់ទៅលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឱ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០ ឱ្យជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដោយមិនបាច់ប្រលង។ លោកបានផ្តល់យោបល់បែបនេះ ដោយសារតែបារម្ភខ្លាចមានការរីករាតត្បាតជំងឺកូវីដ-១៩ ទើបមិនអនុញ្ញាតឱ្យមានការប្រលង។

បើតាមការបញ្ជាក់របស់លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា គឺបេក្ខជនដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២០នេះ មានចំនួនជាង ១២១,១០៨​នាក់ (ស្រី ៦៣,៩០៨នាក់)។ ក្នុងចំណោមនោះ បេក្ខជនថ្នាក់វិទ្យាសាស្ដ្រ ៤០,៧៤៦នាក់ (ស្រី ២៣,៦២៩​នាក់) និងថ្នាក់វិទ្យាសាស្ដ្រសង្គម ៨០,៣៦២នាក់ (ស្រី ៦៦.៣៥នាក់)។ ដោយឡែក ចំនួនមណ្ឌលវិញ មាន ២១០មណ្ឌល (កើន ៨មណ្ឌល) និងចំនួនបន្ទប់ ៤,៨៨៧បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ដ្រ មាន ៧០​មណ្ឌល ១,៦៥៤បន្ទប់ និងថ្នាក់វិទ្យាសស្ដ្រសង្គម មាន១៤០មណ្ឌល ៣,២៣៣បន្ទប់៕



No comments:

Post a Comment