Tuesday, June 16, 2020

រដ្ឋបាលខេត្តកែប រៀបចំព្រះរាជពិធីចម្រើនព្រះជន្មវស្សាសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ

កែប៖ នៅព្រឹកថ្ងៃអង្គារទី១៦ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលខេត្តកែប ដឹកនាំដោយលោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី ស ម៉ាលីដា រួមដំណើរដោយ លោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្ត និងជាប្រធានស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អនុប្រធានសមាជិក សមាជិកា អនុសាខា គណៈកម្មាធិការសាខាកកាបាទក្រហមកម្ពុជាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំង មន្រ្តីរាជការទូទាំងខេត្ត និងយុវជនគ្រប់ប្រភេទ បានប្រគេនចង្ហាន់ និងទេយ្យវត្ថុ ជូនព្រះសង្ឃក្នុងពិធីចម្រើនព្រះជន្មវស្សាសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ស្ថិតនៅវត្តសត្ថារ៉ាមភ្នំពោន ឃុំពងទឹក ស្រុកដំណាក់ចង្អើរ។
បន្ទាប់ពីបានស្តាប់នូវសារលិខិតថ្វាយព្រះពរសម្តេចព្រះប្រធានកិត្តិយសកាកក្រហមកម្ពុជា ដែលអានដោយលោកស្រី អ៊ុល ភីរុណ ប្រធានស្តីទីគណៈកម្មាធិការសាខាកក្រកខេត្ត រួចមក លោក សោម ពិសិដ្ឋអភិបាល នៃគណៈអភិបាលខេត្តកែប បានបញ្ជាក់ថា ការទប់ស្កាត់អំពីការរីករាលដាលនៃជំងឺកូវីដ១៩ ត្រូវអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយមានអនាម័យល្អជាប្រចាំ លាងដៃនឹងសាប៊ូ ឬប្រើទឹកអាល់កុល ជាពិសេសត្រូវរក្សានូវគម្លាតសង្គមឲ្យបានជាដាច់ខាត ព្រោះជំងឺកូវិដ១៩នេះ មិនទាន់បានចេញឆ្ងាយពីខ្លូនយើងនៅឡើយទេ។ លោក បានបញ្ជាក់ថា ថ្វីត្បិតតែកម្ពុជាមិនមានការឆ្លងក្នុងសហគមន៍ក៏ដោយ ក៏ត្រូវតែការពារខ្លួនយើងជានិច្ច។
លោកស្រីប្រធានស្តីទីកាកបាទក្រហមកម្ពុជាខេត្ត បានបញ្ជាក់ជូនថា សម្ភារជាចង្ហាន់ និងទេយ្យវត្ថុ ដែលបានប្រគេនព្រះសង្ឃ ក្នុងថ្ងៃនេះ រួមមាន អង្ករ ចំនួន១០បាវ ត្រីខកំប៉ុងចំនួន ១កេស ទឹកស៊ីអ៊ីវចំនួន ៥ឡូរ មីចំនួន ៨កេស ទឹកផ្លែឈើ ចំនួន ៥កេស ទឹកសុទ្ធ១០កេស សម្រាប់ប្រគេនជូនដល់ព្រះសង្ឍ ៣២អង្គ និងចង្ហាន់ចំនួន១០ស្រាក់ រួមទាំងស្លាដក បច្ច័យជូនដល់យាយជីតាជីផងដែរ។ លោកស្រីប្រធានស្តីទីបានបន្ថែមទៀតថា ក្រៅពីនេះ ក៏នៅមានថវិកា ចំនួន ៦,២០០,០០០ រៀលទៀតសម្រាប់កសាងវត្ត បើសរុបជាថវិកាទាំងអស់គឺ ៩,៥៨៧,០០០ រៀល៕





No comments:

Post a Comment