Tuesday, June 16, 2020

កំណាព្យ៖ មេឧទ្ទាម

គេឯងតែងស្គាល់សមរង្ស៊ី   រស់នៅប៉ារីសពីកុមារ
សញ្ជាតិបារាំងមានមហិច្ឆតា   មកចង់ធ្វើការនៅដីអាយ  ។

ដើមឡើយមេបក្សហាក់ត្រឹមត្រូវ   ក្រោយមកធ្លាក់ទៅផ្លូវមហន្តរាយ
ជាពិរុទ្ធជនលែងគិតឆ្ងាយ   ដោយសារខ្លួនណាយច្បាប់មាត្រា  ។

ជាមេឧទ្ទាមបៀមគ្រោះថ្នាក់   ឃុបឃិតលួចលាក់ជាក់នេត្រា
កាត់ទឹកកាត់ដីព្រៃព្រឹក្សា   ក្បត់ជាតិខេមរាមហាក្សត្រឯង  ។

ក្រោយពេលចាញ់ឆ្នោតសារជាថ្មី   ពីរពាន់ដប់បីយ៉ាងជាក់ស្ដែង
ក៏បែកគំនិតគិតចាត់ចែង   ហ៊ានលេងប្រលែងល្បែងអគ្គី  ។

លែងស្គាល់ខ្មៅសល្អអាក្រក់   កាន់តែវីវក់ឈ្លក់ញាំញី
ថាមានតែខ្លួនពុំមានពីរ   មើលឃើញគិរីថាទន្លេ  ។

មើលឃើញស្រមោលថាការពិត   ដោយសារគំនិតគិតគ្នាន់គ្នេរ
រវើរវាយឆ្ងាយពីគេ   មើលឃើញដើមឃ្លេថាស្នាយបឹង  ។

ដោយសារមហិច្ឆតាប្រាថ្នាច្រាន   បង់បោយហួសប្រាណប្រមាណដឹង
ឃើញធំថាតូចស្ដួចក្រញឹង   ស្គាំងស្គមកំព្រឹងថាអង់អាច  ។

រស់នៅតែឯងតែងអាត្មា   តាំងខ្លួនដូចខ្លាមហាអំណាច
ពេលនេះធ្លាក់ខ្លួនជាបិសាច   គំនិតកោងកាចខ្លាចពេកកូវ  ។

គំនិតក្បត់ជាតិក្បត់សាសនា   ក្បត់មហាក្សត្រាយ៉ាងអាស្រូវ
ដូចសមសារីដែលជាឳ   គួររកផ្លូវត្រូវប្រសើរជាង  ៕

===========

*សម រង្ស៊ី៖ ថ្ងៃទី៣១ ខែសិហា ឆ្នាំ១៩៥៩ មានការផ្ទុះក្នុងព្រះបរមរាជវាំងបណ្ដាលឱ្យប្រធានពិធីការព្រះអង្គម្ចាស់ មគ្គវណ្ណ និងមន្ត្រី ២នាក់ ស្លាប់។ ព្រះបរមរតនកោដ្ឋ បានសង្ស័យលើពួកខ្មែរសេរីដែលមាន សម សារី ផង។

===========

ថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០
និពន្ធដោយ លោកអ៊ុ មូលមិត្ត


No comments:

Post a Comment