Tuesday, June 16, 2020

អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ

ប៉ៃលិន៖ ក្នុងឱកាសអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានមានប្រសាសន៍លើកឡើងថា ដោយសាររដូវនេះជារដូវមានភ្លៀងធ្លាក់ច្រើននិងលាយឡំជាមួយខ្យល់កន្ត្រាក់ ផ្គរ រន្ទះ ដែលងាយបង្កការគ្រោះថ្នាក់កើតឡើង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ពិសេសកូនចៅតូចៗដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួននិងសេចក្តីសុខក្រុមគ្រួសារទាំងមូល។
លោកអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់បន្ថែមថា គ្រោះថ្នាក់ធម្មជាតិគឺតែងតែកើតមានឡើងជាយថាហេតុ ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់និងប្រញ៉ាប់រាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុតឲ្យបានលឿនដើម្បីឱ្យក្រុមការងារចុះទៅជួយអន្តរាគមន៍និងផ្តល់អំណោយសង្គ្រោះបន្ទាន់ឱ្យបានទាន់ពេលវេលាក្នុងការចូលរួមសម្រាលការខ្វះខាតនានា ជាបណ្តោះអាសន្ន។
លោក ផាន់ ចាន់ធុល បានមានប្រសាសន៍បន្តថា បើទោះបីជាអំណោយសង្គ្រោះបន្ទាន់ទាំងនេះមិនអាចបំពេញតាមតំរូវការ និងការលំបាករបស់បងប្អូនក៍ពិតមែន តែក៏អាចដោះស្រាយបានមួយរយៈពេលផងដែរ ដូច្នេះសូមលោកតា លោកយាយ អ៊ុពូមីង និងបងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ចឹមជីវិតដូចជាការបង្ករបង្កើនផលដាំដំណាំ និងការចិញ្ចឹមសត្វលក្ខណៈគ្រួសារឱ្យបានកាន់តែច្រើនដើម្បីលើកកម្ពស់ជីវភាពឱ្យបានប្រសើជាងមុន។
នៅក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្ត ក៏បានមានប្រសាសន៍អំពាវនាវឱ្យប្រជាពលរដ្ឋត្រូវរស់នៅមានអនាម័យជាប្រចាំដោយលាងដៃនឹងសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែងនៅពេលចេញទៅខាងក្រៅហើយប្រសិនបើមានសាច់ញាតិទើបត្រលប់មកពីក្រៅប្រទេស ត្រូវធ្វើការពន្យល់ និងអប់រំពួកគាត់ព្រមទាំងដាក់ខ្លួននៅដាច់ដោយឡែក រយះពេល១៤ថ្ងៃសិនចាំចូលមកស្និតស្នាលជាមួយជាមួយសាច់ញាតិក្រុមគ្រួសារ ឬបងប្អូននៅមូលដ្ឋាន ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩នៅសហគមន៍ ហើយបើមានអាការៈសង្ស័យណាមួយត្រូវប្រញាប់មកកាន់មណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែក ឬទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមមកលេខ១១៥។
សូមរំលឹកថា កាលពីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅខេត្តប៉ៃលិន មានភ្លៀងធ្លាក់យ៉ាងខ្លាំងលាយឡំនឹងខ្យល់កន្ត្រាក់ បានបណ្តាលឱ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ចំនួន ០៨គ្រួសារ នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងការខូចខាតយ៉ាងធ្ងន់ធ្ងរហើយអាជ្ញាធរខេត្ត បានផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់គ្រួសាររងគ្រោះដោយក្នុង១គ្រួសារៗ រួមមាន៖ កៅស៊ូតង់ ១ អង្ករ ២៥គីឡូក្រាមមី១កេះ ទឹកត្រី១យួ ត្រីខ ១យួ និងប្រេងឆា១ដបផងដែរ៕




No comments:

Post a Comment