Tuesday, June 16, 2020

ទោះបីជាជំងឺកូវីដ-១៩ ​មានការឆ្លងរីករាលដាល​នៅលើពិភពលោក​យ៉ាងណាក៏ដោយ​ កាកបាទក្រហមកម្ពុជា​ នៅតែបន្តសកម្មភាពមនុស្សធម៌ជានិច្ច

ស្វាយរៀង៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌របស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារងាយរងគ្រោះ(ចាស់ជារា១៦គ្រួសារ កុមារកំព្រា៥គ្រួសារ ស្ត្រីមេម៉ាយ១១គ្រួសារ អ្នករស់នៅជាមួយមេរោគអេដស៍៣នាក់ ជនចំណាកស្រុក២គ្រួសារ និងគ្រួសារមានជីវភាពខ្វះខាត២ គ្រួសារ ) សរុបចំនួន៣៩គ្រួសារ ក្នុងស្រុកស្វាយជ្រំ មកពីពីរឃុំគឺ ឃុំស្វាយធំ២១គ្រួសារ និងឃុំគ្រួស១៨ គ្រួសារ។
នាឱកាសនោះ លោកស្រី បានថ្លែងថា ទោះបីជំងឺឆ្លងកូវីដ១៩ មានការរីរាលដាល នៅលើពិភពលោកយ៉ាងណាក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែយកចិត្តទុក្ខដាក់ជាប់ជានិច្ច ជាពិសេសការផ្តាំផ្ញើសាកសួរទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលតែងតែគិតគូរពីសុខទុក្ខ សុខភាពនិងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
ជាមួយគ្នានោះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ កាកបាទក្រហមកម្ពុជា ក៏បានរៀបចំនិងបានអនុវត្តវិធានការមួយចំនួន ដើម្បីផ្ដល់កិច្ចអន្តរាគមន៍ជាបន្ទាន់ដល់ប្រជាជនកម្ពុជាទាំងអស់ ដែលរងនូវផលប៉ះពាល់ដល់ជីវភាពរស់នៅ ជាពិសេស គ្រួសារក្រីក្រនិងគ្រួសារទទួលរងផលប៉ះពាល់ខ្លាំងជាងគេ ហើយលោក ដួង វណ្ណា ក៏បានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អោយមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល។
អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង៣៩គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ១០កំប៉ុង អាវយឺត២ សាប៊ូ២ដុំ ក្រម៉ា១ ម៉ាស់១ និងថវិកា ៤០,០០០ រៀល៕



No comments:

Post a Comment