Tuesday, June 16, 2020

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការស្ថាបនាច្រាំងទន្លេបាក់ស្រុត ដោយសារទឹកជំនន់ក្នុងឆ្នាំកន្លងទៅ

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២០ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងកំពង់ចាម បានចុះពិនិត្យការស្ថាបនា ច្រាំងទន្លេ នៅក្រុងកំពង់ចាម និងនៅស្រុកកោះសូទិន ដែលបានរងនូវការបាក់ស្រុត ដោយសារទឹកជំនន់ក្នុងឆ្នាំកន្លងទៅ ។
គំរោងទាំងនេះ ជាការឆ្លើយតបនឹងក្តីកង្វល់របស់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេ ដែលបាក់ស្រុតច្រាំង ហើយអាជ្ញាធរខេត្តបានស្នើសុំរាជរដ្ឋាភិបាលជួយស្ថាបនា។
ក្រោយពីបានចុះពិនិត្យឃើញថា ការរដ្ឋានដែលបានសាងសង់រួច ១០០% មាននៅឃុំបឹងកុក ប្រវែង ២១ម៉ែត្រ និងនៅមុខសួនច្បារមាត់ទន្លេ ក្រុងកំពង់ចាម ប្រវែង ៧០ម៉ែត្រ បានស្ថាបនាឡើងវិញ ១០០% ហើយនៅសង្កាត់កំពង់ចាម ប្រវែង ៥៣ម៉ែត្រ កំពុងសាងសង់បាន 30% នៅឃុំពង្រ ស្រុកកោះសូទិន ប្រវែង ៥៥ម៉ែត្រ កំពុងសាងសង់បាន ៣០% ។
លោកអភិបាលខេត្តកំពង់ចាម បានចាត់អោយមន្ត្រីជំនាញបន្តសិក្សាលើកគំរោងមួយកន្លែងទៀតមានប្រវែង ១៥០ម៉ែត្រ ស្ថិតនៅភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន និងនៅឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ នាពេលបន្តបន្ទាប់ទៀត។
លោកអភិបាលខេត្ត បានបន្តដំណើរចុះពិនិត្យទីតាំគំរោងផ្លូវ ០១ខ្សែ ប្រវែង ២៦៩៧ម៉ែត្រ ទទឹង ៥ម៉ែត្រ ក្រាលកៅស៊ូ DBST ដែលជាគម្រោងកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់បឹងទន្លេសាបជំហានទី២ ដែលតភ្ជាប់ពីឃុំពង្រ ទៅឃុំមហាលាភ ស្រុកកោះសូទិន ជាផ្លូវអន្តរឃុំ។ ផ្លូវ ១ខ្សែនេះអាចជួយសម្រួលដល់ការធ្វើចរាចរណ៍ និងដឹកកសិផលរបស់បងប្អូនប្រជាកសិករក្នុងមូលដ្ឋានស្រុកកោះសូទិន ដែលប្រើប្រាស់ថវិកាឆ្នាំ២០២០ របស់គម្រោងកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់បឹងទន្លេសាបជំហានទី២ គ្រោងនឹងបើកការដ្ឋានសាងសង់នៅដើមខែកក្តដាខាងមុខនេះ ដោយគ្រោងប្រើរយៈពេលស្ថាបនា ៣ខែ៕



No comments:

Post a Comment