Tuesday, June 16, 2020

ពិធីផ្សព្វផ្សាយ​អប់រំវគ្គជីវភាពនយោបាយ​ និងពិធីផ្ទេរ​ប្រគល់ពលទាហានថ្មី​

កំពង់ឆ្នាំង៖ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបចំប្រារព្ធពិធីផ្សព្វផ្សាយអប់រំវគ្គជីវភាពនយោបាយ និងពិធីផ្ទេរប្រគល់ពលទាហានថ្មីទៅតាមបណ្ដាកងឯកភាពចំណុះ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងមានការចូលរួមពីលោកមេបញ្ជាការរង,លោកនាយសេនាធិការរងព្រមទាំងនាយទាហានថ្នាក់ដឹកនាំអង្គភាព និងពលទាហានថ្មីទាំងអស់។
នៅក្នុងពិធីនោះ លោកមេបញ្ជាការ បានលើកយកនូវសភាពការណ៍ជាតិ-អន្តរជាតិ ដែលកំពុងកើតមានក្នុងពេលបច្ចុប្បន្នមកធ្វើការផ្សព្វផ្សាយជូនដល់អង្គពិធីទាំងមូលព្រមទាំងបានលើកឡើងអំពីស្ថានភាពជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាសកលពាសពេញពិភពលោក ប៉ុន្តែប្រទេសកម្ពុជារបស់យើងដែលមានការដឹកនាំប្រកបដោយភាពវៃឆ្លាតរបស់ថ្នាក់ដឹកនាំកំពូល មានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខដឹកនាំបានធ្វើការទប់ស្កាត់ និងចាត់វិធានការបញ្ជៀសឲ្យបាននៅការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ។
ទោះបីជំងឺកូវីដ១៩ នេះមានការស្រាកស្រានទៅហើយក៏ដោយក៏យើងមិនត្រូវបំភ្លេចវាដែរ ត្រូវបន្តធ្វើអនាម័យខ្លួនប្រាណ ឲ្យបានជាប់ជាប្រចាំ ត្រូវពាក់ម៉ាស់នៅពេលដែលចាកចេញពីផ្ទះ ឬពីកន្លែងធ្វើការ ធ្វើការលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយនឹងសាប៊ូ ឬទឹកអាល់កុល ព្រមទាំងស្ដាប់ការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារបាននូវសុខភាពរបស់អ្នក និងក្រុមគ្រួសារអ្នក ពីជំងឺឆ្លងកូវីដ១៩ នេះ។
បន្ទាប់ពីបានធ្វើការផ្សព្វផ្សាយនៅរាល់សភាពការណ៍ជាតិ-អន្តរជាតិ និងសភាពការណ៍ថ្មីៗស្តីពីជំងឺកូវីដ១៩ រួចមក លោកមេបញ្ជាការ បានប្រកាស និងប្រគល់ពលទាហានថ្មីជូនដល់កងឯកភាពចំណុះ តាមផែនការរបស់ថ្នាក់លើ នឹងធ្វើការក្រើនរំលឹកដល់ប្អូនៗដែលជាពលទាហានថ្មីចាប់ពីពេលនេះតទៅត្រូវមានស្មារតី និងឆន្ទ:ក្នុងការចូលរួមបំពេញតួនាទីភារកិច្ចជាកងទ័ពល្អ ហើយត្រូវគោរពវិន័យជាកងទ័ពឲ្យបានហ្មត់ចត់ ត្រូវមានស្មារតីស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ស្មោះត្រង់ដាច់ខាតចំពោះរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។
លើសពីនោះ ឧត្តមសេនីយ៍ទោ ធន ធឿន បានមានប្រសាសន៍ផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំអង្គភាព ពេលទទួលបានពលទាហានថ្មីហើយនោះ ត្រូវបន្តធ្វើការអប់រំណែនាំដល់ប្អូនៗដែលជាពលទាហានថ្មីទាំងនេះ ដើម្បីពង្រឹងសមត្ថភាពយល់ដឹងលើវិស័យការពារជាតិ៕


No comments:

Post a Comment