Thursday, March 29, 2018

គម្រោង​​ផ្លូវ​មួយ​ខ្សែរ​ប្រវែង ៥គីឡូម៉ែត្រ ​បាន​បើក​ការ​ដ្ឋាន​សាង​សង់នៅស្រុក​បាកាន

ពោធិ៍សាត់៖ ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំ​រកា នព្វស័ក ព.ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៨​ គម្រោង​​ផ្លូវ​មួយ​ខ្សែរ​ប្រវែង ៥គីឡូម៉ែត្រ ត្រូវ​បាន​បើក​ការ​ដ្ឋាន​សាង​សង់ ក្រោម​អធិបតី​ភាព​លោក ខូយ រីដា អភិបាលរង នៃគណៈអភិបាល​ខេត្តពោធិ៍សាត់ តំណាងលោក​បណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាល​ខេត្តពោធិ៍សាត់។ ការ​​បើក​ការ​ដ្ឋាន​​សាង​សង់​នេះ ក៏​មាន​ការ​អញ្ជើញចូលរួមពី​លោក ផាយ ឡេង អភិបាល​ស្រុក​បាកាន លោក​មេឃុំ​តាលោ ក្រុម​ប្រឹក្សាឃុំ និង​បងប្អូន​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​តាំងគោក សរុប​ប្រមាណ ៧០នាក់​។

ក្នុងឱកាសនេះដែរ លោកអភិបាលរង​ខេត្តបានមានប្រសាសន៍ថា សូមឱ្យបងប្អូនត្រូវពិចារណា កុំចាញ់ឃោសនាជនខិលខូច ពួកឱកាសនិយមមួយចំនួន​ដែល​កំពុង​ធ្វើ​សកម្ម​ភាព​ដើរ​សន្យា​ខ្សល់ ទាំង​ដែល​ពួក​នោះ​មិន​ដែល​បាន​ជួយ​ធ្វើ​អ្វី​ជូន​បងប្អូន​បន្តិច​សោះ គឺមាន​តែ​បំភ្លើស​បំភ្លៃ​ការ​ពិត ​ចោទ​ប្រកាន់​រដ្ឋា​ភិបាល។

ហើយមក​ដល់ពេលនេះប្រទេសជាតិយើង កំពុង​តែ​​អភិវឌ្ឍ​រីក​ចម្រើន។ ប្រជាពលរដ្ឋ មាន​ការ​អបអរសាទរ និង​សប្បាយរីករាយ នឹងសមិទ្ធិផលថ្មីៗ​​ដែលពីមុនមក​ពួកគាត់ មាន​ការលំបាក​ក្នុងធ្វើដំណើរពី​ភូមិមួយទៅភូមិមួយ (ពួកគាត់នៅឆ្ងាយជាប់ជើងភ្នំ)។ ប៉ុន្តែ​ឥឡូវទៅ​ដល់ណា​​ក៏មានផ្លូវដីក្រហម ឬផ្លូវក្រាលកៅស៊ូ​ជាហូហែ ធ្វើ​អោយ​បងប្អូនងាយ​​ស្រួល​​ក្នុង​​ការ​ធ្វើ​ដំណើរ ក៏ដូចជាការ​ដឹក​ជញ្ជូន​កសិផល​យក​មក​ទីផ្សារ​ផង៕







No comments:

Post a Comment