Thursday, March 29, 2018

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន សម្ពោធដាក់ឲ្យប្រើប្រាស់ឧបដ្ឋានសាលា និងអាគាររដ្ឋបាលឃុំចន្ទ្រា ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង

ស្វាយរៀង៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ឧបដ្ឋានសាលា និងអាគាររដ្ឋបាលឃុំចន្ទ្រា ស្ថិតនៅ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

លោកស្រីបានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺតែងតែគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ខាងជំនឿ និងការគោរពព្រះពុទ្ធសាសនា ដោយគ្មានការរើសអើង ហើយយល់ថា ទំនាក់ទំនងរវាងជំនឿសាសនា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិតជាមិនអាចកាត់ផ្ដាច់បានឡើយ។ លោកស្រីបានបន្តថា ក្រោមនយោបាយឈ្នះ ឈ្នះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកសាង និងដឹកនាំប្រទេសឲ្យមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ ដោយជ្រកក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ជាពិសេស មានសុខុដុមនីយកម្មផ្នែកសាសនា ទើបមានលេចចេញជាសមិទ្ធិផលទាំងអស់នេះ។

លោកស្រីឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្រោមគំនិតផ្តួចផ្តើមរបស់ លោក តាន់ ថាណា និងលោកស្រី ហូ ឡាយ រួមជាមួយ លោក ឧកញ៉ា លោកស្រី និងសប្បុរសជនទាំងអស់ ដែលជាពុទ្ធសាសនិក បានឧបត្ថម្ភដ៏ថ្លៃថ្លានូវថវិកាផ្ទាល់ខ្លួន និងបានកៀរគរថវិកាដែលជាទឹកចិត្តសទ្ធាជ្រះថ្លាក្នុងការកសាងទាំងពុទ្ធចក្រ និងអាណាចក្រ ទើបលេចចេញនូវសមិទ្ធផលនានា នៅក្នុងវត្តសិរីវង្ស និងនៅក្នុងឃុំចន្រ្ទានាពេលនេះ ។

ទី១. ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ និងរួមគ្នាថែរក្សានូវសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឲ្យបាន គង់វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។
ទី២. មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
ទី៣. រួមគ្នាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ អនុវត្ដន៍ឱ្យបាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ស្តីពីភូមិ-ឃុំមានសុវត្ថិភាព ចៀសឲ្យផុតគ្រឿងញៀន មិនត្រូវបានបងតូច បងធំ និងក្រុមក្មេងទំនើង គោរពច្បាប់ចរាចរណ៍។
ទី៤. មិនត្រូវជឿតាមការញុះញង់របស់ជនអគិតមួយចំនួនដែលតែងត រារាំងដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេស។
ទី៥. បងប្អូនទាំងអស់គ្នាត្រូវត្រៀមខ្លួនទៅពិនិត្យបញ្ជីឈ្មោះតាមសេចក្តីប្រកាសរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត ត្រូវចូលរួមបោះឆ្នោត ឲ្យបានគ្រប់គ្រប់គ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខកុំបីអាក់ខានឡើយ ដោយត្រូវប្រែក្លាយសមាជិកបក្សម្នាក់ ទៅជាសម្លេងគាំទ្រគណបក្សមួយសន្លឹក និងត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះមានតែគណបក្សប្រជាជនតែមួយគត់ ដែលបានរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ មិនចេះភូតភរកុហកបោកប្រាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ ប្រទេសឆ្ពោះទៅរកវឌ្ឍនភាព និងធានាបាននូវសុខសន្តិភាពជូនប្រទេសជាតិ។

ជាចុងក្រោយលោកស្រីក៏បានអញ្ជើញកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅសាលាឃុំចន្ទ្រាផងដែរ៕







No comments:

Post a Comment