Thursday, March 29, 2018

លំហាត់ហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយ នៃការកែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសកម្ពុជា នាពេលអនាគត

កំពង់ស្ពឺ៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា កងយោធពល ខេមរភូមិន្ទ នៅតែចាត់ទុកថា លំហាត់ហ្វឹកហ្វឺន គឺជាការងារដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសមត្ថភាព យោធិន ដែលជាជ្រុងអាទិភាពមួយ នៃការកែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា នាពេលអនាគត។

ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានធ្វើឡើងនៅក្នុងពិធីបិទលំហាត់សមយុទ្ធនាគមាស ឆ្នាំ២០១៨ នៅតំបន់ភ្នំធំម្រះព្រៅ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ស្យង់ បូ អគ្គរដ្ឋទូត នៃសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំកម្ពុជា, ឧត្តមសេនីយ៍ឯក Zhou Songhe មេបញ្ជាការរងកងទ័ពជើងគោក នៃកងទ័ព រំដោះប្រជាជនចិន និងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ យ៉ាងច្រើនកុះករផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបន្តថា ក្នុងយុទ្ធសាស្ត្ររាជរដ្ឋាភិបាលកម្ពុជា ដែលមានលោក នាយករដ្ឋមន្រ្ដី ហ៊ុន សែន បានដាក់ផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើន សមត្ថភាពវិជ្ជាជីវៈដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីធានាកិច្ចការពារប្រកបដោយប្រសិទ្ធភាពនូវ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ បានធ្វើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបង្កើនគុណភាពហ្វឹកហ្វឺន និងបណ្តុះបណ្តាលយោធិនអាជីព ក្នុងគោលដៅកសាងជួរកងកម្លាំង ប្រដាប់អាវុធវ័យក្មេង សម្រាប់បន្តវេននាពេលអនាគត ដែលជាកត្តាគន្លឹះ ដ៏សំខាន់មួយ ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ ធានាជោគជ័យ និងនិរន្តរភាពក្នុងការកែទម្រង់លើគ្រប់វិស័យនៅកម្ពុជា។
សូមជំរាបថា លំហាត់សមយុទ្ធនាគមាសឆ្នាំ២០១៨ រវាងកងទ័ពកម្ពុជា-ចិន ត្រូវបានធ្វើឡើងដើម្បីអបអរ សាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-ចិន ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥៨។ លំហាត់សមយុទ្ធនេះ បានធ្វើឡើងក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» ដោយផ្តោតលើសកម្មភាព ប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ការដោះមីន និងការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយ ៕









No comments:

Post a Comment