Thursday, March 29, 2018

លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការពារជាមួយលោក Ingo Karsten ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា។

ជំនួបនេះធ្វើឡើងនៅ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូត បានជម្រាបជូនថា កម្មវត្ថុនៃការសុំជួបនាពេលនេះ គឺដើម្បីអញ្ជើញលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ ចូលរួមសន្និសីទថ្នាក់តំបន់ប្រចាំអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Regional Conference) នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។
លោកបានជម្រាបថា នេះជាកិច្ចប្រជុំដ៏ធំមួយ ដែលមានការចូលរួមពីធុរជនកំពូលៗ និងក្រុមហ៊ុនធំៗរបស់អាល្លឺម៉ង់ ហើយក៏ជាឱកាសមួយដ៏ល្អសម្រាប់កម្ពុជាផ្សព្វផ្សាយពីសក្ដានុពលវិនិយោគរបស់ខ្លួន ជាពិសេសចំណុចអនុគ្រោះពិសេសៗនៃបរិយាកាសវិនិយោគនៅកម្ពុជា ដែលក្រុមហ៊ុនអាល្លឺម៉ង់ជាច្រើនមិនទាន់យល់ច្បាស់។ លើសពីនោះទៀត សន្និសីទនេះក៏អាចជាវេទិកាមួយសម្រាប់រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានជួបប្រជុំទ្វេភាគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។

ជាកិច្ចឆ្លើយតបទៅនឹងការអញ្ជើញ លោករដ្ឋមន្ត្រីក៏បានទទួលយកការអញ្ជើញនេះ ដោយលោកយល់ថាសន្និសីទនេះ មានសក្ដានុពលច្រើនក្នុងការទាក់ទាញការវិនិយោគអាល្លឺម៉ង់មកកម្ពុជា។ លោកបន្តទៀតថា ប្រទេសអាល្លឺម៉ង់ជាប្រទេសឧស្សាហកម្មធំមួយ ក្នុងពិភពលោក និងមានក្រុនហ៊ុនដែលមានបច្ចេកទេសខ្ពស់ជាច្រើនផងដែរ ដូចនេះនៅក្នុងសន្និសីទនេះ លោករំពឹងថានឹងបានជួបធុរជនកំពូលនៃក្រុមហ៊ុនទាំងនោះ ដើម្បីពិភាក្សាលើការវិនិយោគនៅកម្ពុជា ជាពិសេសនៅក្នុងវិស័យអាទិភាពមួយចំនួនដែលក្រុមហ៊ុនអាល្លឺម៉ង់អាចចាប់អារម្មណ៍ ដូចជាវារីអគ្គិសនី (ក្រុមហ៊ុនអាល្លឺម៉ង់មានជំនាញផលិតម៉ាស៊ីន Hydro-Turbine) គ្រឿងផ្សំរថយន្ត កង់ រថយន្ត៕






No comments:

Post a Comment