Wednesday, March 28, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថាអ្នកសេដ្ឋកិច្ចប៉ាន់ស្មាននៅឆ្នាំ២០២៣ ប្រាក់បៀវត្សអប្បបរមារបស់កម្មករ-កម្មការិនីមិនតិចជាង ២៥០ដុល្លារទេ!

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា «បើយោងទៅលើការប៉ានស្មានរបស់អ្នកសេដ្ឋកិច្ច នៅក្នុងឆ្នាំ២០២៣ ប្រាក់បៀវត្សរបស់កម្មករ-កម្មការិនីរបស់យើង មិនតិចជាង ២៥០ដុល្លារទេ» លោកនាយករដ្ឋមន្ត្រីបានបន្តថា «ប្រាក់បៀវត្សរបស់ក្មួយៗឆ្នាំទៅអនុវត្ត ១៥៣ដុល្លារសហរដ្ឋអាមេរិក តែឆ្នាំនេះបានអនុវត្តរហូតទៅដល់ ១៧០ដុល្លារសហរដ្ឋអាមេរិក ជាមួយនិងប្រាក់អត្ថប្រយោជន៍ដទៃទៀតដែលកម្មករ-កម្មការិនីរបស់យើងភាគច្រើនបានទទួលរហូតទៅដល់ជាង ២០០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ប្រធានរដ្ឋបាល ប្រធានក្រុម ប្រធានផ្នែក គឺទទួលបានបៀវត្សកាន់តែខ្ពស់»។

នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ដូចនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកូនក្មួយ កម្មករ កម្មការិនីប្រមាណជាង ១៥,០០០នាក់ មកពីរោងចក្រសហគ្រាសចំនួន២៣ នៅតំបន់ព្រៃទា ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨។

សូមបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ននេះប្រាក់បៀវត្សអប្បបរមា របស់កម្មករ-កម្មការិនីកម្ពុជា បានដើរលឿនជាងបណ្តាប្រទេសនានាដែលនាំចេញសំលៀកបំពាក់ គឺកម្ពុជាមានប្រាក់បៀវត្សអប្បបរមា១៧០$ បង់ក្លាដេស៦៧$ ស្រីលង្ការ៦៧$ ឥណ្ឌាចន្លោះ៧៧$-១៤៣$ មីយ៉ាន់ម៉ាឡើង១០៨$ ឥណ្ឌូណេស៊ី១០៧$-២៦៧$ វៀតណាម១២២$-១៧៥$ ឡាវ១៣៣$ ប៉ាគីស្ថាន១៣៤$។ កន្លងមកដើម្បីបានប្រាក់បៀវត្សរហូតទៅដល់ ១៧០ដុល្លារ ជូនកម្មករ-កម្មការិនី រាជរដ្ឋាភិបាលបានទទួលនូវការបង់ខាត ដើម្បីប៉ះប៉ូវបន្ថែម ក្នុងមួយឆ្នាំជាង ៤០លានដុល្លារសហរដ្ឋអាមេរិក។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា រាជរដ្ឋាភិបាលកំពុងតែពិចារណាបន្ថែមទៀតនូវគោលនយោបាយទាក់ទងនឹងបញ្ហាមួយចំនួន ក្នុងនោះតម្លៃអគ្គីសនី គឺត្រូវតែមានការគិតគូរបន្ថែម ដោយលោកបានមានប្រសាសន៍បន្ថែមថា «ហើយមិនមែនត្រឹមតែតម្លើងបៀវត្សសម្រាប់តែឆ្នាំ២០១៨នោះទេ ២០១៩ក៏ត្រូវឡើង ២០២០ក៏ត្រូវឡើង ឡើងរាល់ឆ្នាំ ខ្ញុំបានបញ្ជាក់ហើយបញ្ជាក់ទៀតថា ប្រាក់ចំណូលរបស់ក្មួយៗកាន់តែច្រើន ហើយដើម្បីឱ្យប្រាក់ចំណូលនេះវាបន្ត ជម្រើសដែលល្អជាងគេ គឺក្មួយៗខិតខំចូលរួមរក្សាសន្តិភាព សន្តិភាពនោះហើយដែលធានាឱ្យមានការអភិវឌ្ឍ ធានាឱ្យក្មួយៗមានការងារធ្វើ និងមានប្រាក់ចំណូលជាបន្តទៀត បញ្ហាក្រពះជារឿងសំខាន់ ការរីកលូតលាស់នៃសេដ្ឋកិច្ច នឹងនាំឱ្យមានការកើនឡើងនូវប្រាក់ខែកម្មករ ប្រាក់ចំណូលរបស់អ្នកធ្វើការ រាប់ទាំងប្រាក់ចំណូលរបស់កម្មកររបស់យើង»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានរំលឹកអំពីប្រវត្តិនៃការកកើតដំបូងនៃរោងចក្រកាត់ដេរនៅក្នុងប្រទេសកម្ពុជាផងដែរ ដោយលោកបានលើកឡើងថា «ការចាប់ផ្តើមរបស់យើង ពេលនោះយើងជួបការលំបាកណាស់ ប្រទេសក៏មិនទាន់មានសន្តិភាពគ្រប់គ្រាន់នៅឡើយ ខ្មែរក្រហមក៏នៅសល់ អ្នកដែលមកវិនិយោគនៅពេលនោះក៏មានការប្រថុយប្រថានផងដែរ ពេលនោះមានត្រឹមតែ ៦៤រោងចក្រ ជាមួយកម្មករ ៨២,០០០នាក់ និងប្រាក់ខែអប្បបរមាត្រឹមតែ ៤០ដុល្លារសហរដ្ឋអាមេរិកទេ ឥឡូវរោងចក្ររបស់យើងបានកើន បើនិយាយពីសហគ្រាសទូទៅវិញជាង ២ម៉ឺនសហគ្រាស ប៉ុន្តែសម្រាប់វិស័យកាត់ដេរ និងដេរស្បែកជើង គឺមានជាង ១,១០០រោងចក្រ»៕






No comments:

Post a Comment