Wednesday, March 28, 2018

ទស្សនៈ​មិត្ត​អ្នកអាន​៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​គឺ​ជាដៃ​គូ​​លើ​​ឆាក​​អន្តរ​ជាតិ​ដែល​​មិន​អាច​ខ្វះ​បាន​

តាម​សេចក្តីប្រកាស​ពត៌​មាន​របស់​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ​ប្រតិ​ភូ​ជាន់​​ខ្ពស់​​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ដឹក​នាំ​ដោយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ នឹង​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​​អាស៊ី​-អឺរ៉ុប​ លើក​ទី​១២​ ដែល​នឹង​ប្រព្រឹត្តិទៅ​ពី​​​ថ្ងៃ​​ទី​​១៨​-១៩​ ខែតុលា​ ឆ្នាំ​២០១៨​ ខាង​មុខ​​នេះ​​​​ នៅ​​ទី​​ក្រុង​ប៊្រុយសែល ប្រទេស​ប៊ែលហ្សិក​ ក្រោម​មូល​បទ​គន្លឹះ​ «អឺរ៉ុប​ និង​អាស៊ី​៖ ដៃគូសកល សម្រាប់​​ការ​ប្រឈម​សកល​»។ គួររំលឹក​ថា​ កិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប​ (Asia-Europe Meeting-ASEM) គឺ​ជា​វេទិកា​ដ៏​សំខាន់​​មួយ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រវាង​តំបន់​ និង​តំបន់​ ដែល​មាន​រដ្ឋ​ដៃ​គូ​ជាសមាជិក​រហូ​ត​ដល់​៥៣​​​ប្រទេសមក​ពី​ទ្វី​អាស៊ី និង​​​អឺរ៉ុប​ ដែល​វេទិកា​នេះ​បាន​ធ្វើ​ឱ្យ ASEM ក្លាយ​ជាវេទិកា​អន្តរ​តំបន់​​ដ៏​ធំ​​ជាង​​គេ​​​មួយ​នៅក្នុង​ពិភព​លោក​ និង​តំណាង​ឱ្យ​ផលិតផល​ក្នុង​ស្រុក​សរុប​(GDP) របស់​ពិភព​​លោក​ប្រមាណ​៥០%​​ ប្រជាជន​​​​​​ពិភព​លោក​​ប្រមាណ​៦០%​ និង​ពាណិជ្ជកម្មពិភព​លោក​ប្រ​មាណ​៦០%​​ ឯណោះ​។​ ​

​ដំណើរ​​​ទស្ស​នៈកិច្ច​​​របស់​​​ប្រមុខ​​​រាជ​រដ្ឋាភិបាល​​​កម្ពុជា​ ទៅ​ចូលរួម​​កិច្ច​​ប្រជុំ​​កំពូល​ អាស៊ី​-អឺរ៉ុប​ នា​ពេល​​ខាង​​មុខ​​នេះ​ បាន​​បញ្ជាក់​​យ៉ាង​​ច្បាស់​​ថា ​កម្ពុជា​​និង​សហគមន៍​អឺរ៉ុប​នៅ​តែ​មើល​ឃើញ​ពី​ការ​ផ្តល់​ផល​ប្រយោជន៍​​ឱ្យ​គ្នា​ទៅវិញ​ទៅមកមិនអាច​កាត់​ផ្តាច់​បាន​ និងតួនាទីដ៏សំខាន់បំផុតរបស់លោក ហ៊ុន សែន នៅ​ក្នុង​ឆាក​នយោ​បាយខ្មែរ ក៏ដូចជាទំនាក់ទំនងរវាងកម្ពុជា-អឺរ៉ុប ​​ដោយ​ផ្តោត​សំខាន់​លើ​សរសរស្តម​៣​ គឺ​នយោបាយ​ សេដ្ឋកិច្ច​ និង​វប្បធម៌​។ ASEM ក៏ជាវេទិកាដ៏សំខាន់​មួយ​ក្នុង​ការ​តម្រែ​តម្រង់​របៀប​របប​​ពិភព​លោក​​ នាពេល​បច្ចុប្បន្ន​នេះ​ តាម​រយៈការចូល​រួម​ចំណែក​ដល់​សន្តិភាព​ សន្តិសុខ​ ស្ថេរភាព​ និង​ការ​ងើប​ឡើង​នៃ​សេដ្ឋកិច្ច​ និង​បញ្ហាប្រឈម​របស់​ពិភព​លោក​ និង​​នៅក្នុង​តំបន់​។​ ការ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ​ក៏​ជា​សញ្ញា​បញ្ជាក់​អំពី​ការ​​លើក​​កម្ពស់​​​នូវភាព​ស្មើ​មុខ​​គ្នា​របស់​​កម្ពុជា ​​លើ​ឆាក​អន្តរជាតិ​ ដែល​ជាឱកាស​ក្នុង​ការ​ពង្រឹង​កិច្ច​​សហ​ប្រតិ​​បត្តិ​ការ​ទ្វេ​ភាគីជាមួយសមាជិក​ដ៏ទៃ​ទៀត​​​​​ ដើម្បីជំរុញ​ឱ្យ​មាន​​ការ​ផ្លាស់​ប្តូរ​ផ្នែក​​ពាណិជ្ជកម្ម​ ការ​​វិនិយោគ​ និង​ទេសចរណ៍​ផង​ដែរ​។​

ដូច្នេះ ការ​បំភ្លៃ​ព័ត៌​មាន​​របស់​​ក្រុម​​ប្រឆាំង​នៅលើ​ឆាក​អន្តរជាតិ​ ពី​ការ​ដាក់​សម្ពាធ​របស់​សហគមន៍​​អឺរ៉ុប​​មក​លើ​រាជរដ្ឋាភិបាល​​កម្ពុជា​​ ​គឺ​កាន់​តែ​គ្មាន​ន័យ​ និង​គ្មាន​ប្រសិទ្ធភាព​អ្វី​ទាល់​តែ​សោះ​។ ការ​សម្រេច​ចិត្ត​របស់​សហគមន៍​អឺរ៉ុប​ ​តែង​តែ​ឈរ​លើ​ការ​ផ្តល់​ផល​ប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​​រដ្ឋ​​និងរដ្ឋ ​រវាង​ផល​ប្រយោជន៍​របស់​ប្រជាជនអឺរ៉ុប ​និង​ផល​ប្រយោជន៍​របស់​ប្រជាជន​​​កម្ពុជា​ជាង​១៦ ​លាន​នាក់​មិន​​ឈរ​លើ​សម្លេង​មនុស្ស​ដែល​​កំពុង​មានទោស​ដោយ​អំណាច​សាលដីកា​របស់​តុលាការ​កំពូល​ចំនួន​ត្រឹម​១១៨​ នាក់​នោះ​ទេ​។​

តែផ្ទុយទៅវិញ​ រាល់​សេចក្តី​ស្នើ​សុំ​របស់​ក្រុម​ប្រឆាំង​ចំពោះ​ប្រទេស​នានា​នៅលើ​ឆាក​អន្តរជាតិ​ គឺ​តែង​តែ​បង្ហាញ​ពី​អំពើ​ក្បត់​ផល​ប្រយោជន៍​ប្រជាជន​ និង​ប្រទេស​ជាតិ​ជានិច្ច​។ ទង្វើ​ក្បត់​ជាតិ​របស់​ក្រុម​ប្រឆាំង​​ឧទ្ទាម​​ក្រៅ​​ច្បាប់​​ទាំង​​នោះ​មិន​បាន​គិត​ដល់​ផល​វិបាក​​ដែល​ធ្លាក់​មក​លើ​ប្រជាជន​កម្ពុជា​​នោះ​ទេ​។ ពួក​គេ​​តែង​តែ​ទាម​ទារ​ឱ្យ​មាន​ការ​កាត់​​ជំនួយ​ពី​បរទេស​ ដាក់​សម្ពាធ​មក​លើរាជរដ្ឋា​ភិបាល​ក្នុង​ការ​រឹតត្បិត​ពន្ធ​​អនុគ្រោះ​នានា​ជាដើម​។ ជាង​នេះ​ទៀត​ មាន​ភស្តុតាង​ថ្មីៗ​បង្ហាញ​ពី​ការ​ចំណាយ​លុយ​ដ៏​ខ្ជះ​ខ្ជាយ​រហូត​​ដល់​​ជាង​២៥ម៉ឺន​ដុល្លារ​ ​របស់​មេ​ក្បត់​ជាតិ​ សម រង្ស៊ី​ ក្នុង​ការ​ជួល​​ក្រុម​ហ៊ុន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​របស់​​អាមេរិក​​​មួយ​​​ឱ្យ​​​សរសេរ​​ព័ត៌មាន​​បង្ខូច​​កេរ្តិ៍​​ឈ្មោះ​​កម្ពុជា​​នៅ​លើ​ឆាក​អន្តរជាតិ​ថែម​ទៀត​។​

ទោះបី​ជា​បែប​នេះ​ក្តី​ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​តែ​អាច​​ជំនះ​បាន​រាល់​ឧបសគ្គ​ និង​ឧបាយ​កល​ដ៏ពិស​ពុល​របស់​ក្រុម​ប្រឆាំង​ ហើយ​ខិត​ខំ​ព្យាយាម​ពន្យល់​ដល់​សាធារណៈមតិ​ជាតិ​ និង​អន្តរជាតិ​ ឱ្យ​យល់​កាន់​តែ​ច្បាស់​ពី​អំពើ​ល្មើស​ច្បាប់​របស់​ក្រុម​ប្រឆាំង​ ដែល​បាន​ប្រព្រឹត្តិ​ល្មើស​ម្តង​ហើយ​ម្តង​ទៀត​យ៉ាង​ងងើល​ ដែល​ធ្វើ​ឱ្យ​ទំហ៊ំ​នៃ​ទោស​ក្បត់​ជាតិ​​របស់​ពួក​គេ​កាន់​តែ​ធ្ងន់​ធ្ងរ​មិនអាច​អត់​ឱន​ឱ្យ​បាន​ឡើយ​។​

ជាងនេះទៅទៀត ​រាជរដ្ឋា​ភិបាលដែល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ កាន់​តែ​ទទួល​​បាន​​នូវ​ការ​គាំទ្រ​ និងគោរព​ស្រឡាញ់​ពី​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​​កាន់​តែ​ច្រើន​ឡើង​​ៗ​​ជាលំដាប់​។ តាម​ការ​សិក្សា​ស្រាវជ្រាវ​ របស់​កាសែត​បរទេស​ Burson​-Mar​steller​ on​ World​ Leaders​ on​ Face​book ឆ្នាំ​២០១៧ បា​នបញ្ជាក់​ថា លោក​ ហ៊ុន សែន គឺ​ជា​វរៈ​ជន​នយោបាយ​កម្ពុជា​ ដ៏​មាន​ប្រជា​ប្រិយភាព​ ដែល​ទទួល​បាន​ការ​ទាក់ទាញ​ពី​ប្រជាពល​រដ្ឋ​ជុំវិញ​ពិភព​​លោក​ជាង​​៥៨​លាន​នាក់​ ទទួល​បាន​ចំណាត់​ថ្នាក់​ពិភព​លោក​ធំ​ទី​៣ បន្ទាប់​ពី​ប្រធានា​ធិ​បតី​អា​មេរិក​ Donald​ Trump​ និង​ ប្រ​ធា​នា​ធិ​បតី​ឥណ្ឌា​ Nar​en​dra​ Modi​ ។​

សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​ប្រជាពលរដ្ឋ​ផ្តល់​រហ័ស​នាម​ថ្មីមួយទៀត​ថា​ជា “នាយករដ្ឋមន្រ្តីថ្ពាល់ផ្អែម” ថែម​ទៀត​ ដោយ​ហេតុ​ថា​ នាយក​រដ្ឋ​មន្ត្រី​រូបនេះ​ត្រូវ​បាន​​​ប្រពលរដ្ឋ​ទាំងក្នុង​ និង​ក្រៅ​ប្រទេស​ទន្ទឹង​រង់​ចាំ​ចង់​សុំ​ថត​ Selfie​ សុំ​ចាប់​ដៃ​ ​សុំ​ឱប​ ​សុំ​ថើប​ គ្រប់​ទី​កន្លែង​ដោយ​សារ​ការ​គោរព​ស្រឡាញ់​អស់​ពី​បេះ​ដូង​​។

ជារួម​ និរន្តរភាព​ នៃ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​គឺ​នៅតែ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ទទួល​​ស្គាល់​ និង​ផ្តល់​ជំនួយ​ទាំង​សម្ភារៈ បច្ចេកទេស​ និង​ថវិកា​ ព្រម​ទាំង​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​នៅក្នុង​កិច្ច​ប្រជុំ​ធំៗ​ទាំង​ថ្នាក់​តំបន់​ និង​ពិភពលោក​។ ដោយ​ហេតុ​ថា​ ប្រទេស​ជាមិត្តនៅអាស៊ី​​របស់​កម្ពុជា និង​សហគមន៍​អឺរ៉ុប​​ នៅ​តែ​ចាត់​ទុក​ថា​រាជរដ្ឋា​ភិបាល​​កម្ពុជា​គឺ​ជាដៃ​គូ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ដែល​មិនអាច​ខ្វះ​បាន​ ទាំង​វិស័យ​​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម ទេសចរណ៍​ វប្បធម៌​ និង​ភូមិសាស្ត្រនយោ​បាយ​៕​

ដោយ៖​ សួន ចំរើន​


No comments:

Post a Comment