Tuesday, March 27, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា អ្នកឯងខុសច្បាប់ មិនមែនជារឿងនយោបាយទេ ឥឡូវមានភ័ស្តុតាងថ្មីមួយទៀតដែលអ្នកឯងកាត់ទឹកដីឱ្យពួកម៉ុងតាញ៉ាវៀតណាម!

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តាំផ្ញើទៅថ្នាក់ដឹកនាំអតីតបក្សសង្គ្រោះជាតិ និងក្រុមដែលបាត់បង់សិទ្ធិធ្វើនយោបាយ កុំសង្ឃឹមលើដំណោះស្រាយនយោបាយ និងកុំសង្ឃឹមលើអន្តរជាតិឱ្យសោះ ដោយលោកបានមានប្រសាសន៍បញ្ជាក់ថា «ឯងធ្វើខុសច្បាប់ រឿងរបស់ឯងត្រូវចូលគុក មិនមែនមនុស្សទាំងអស់ត្រូវជាប់គុកនោះទេ អ្នកឯងធ្វើខុសច្បាប់ អ្នកឯងទាស់ជាមួយច្បាប់ មិនមែនរឿងនយោបាយឯណា ដែលត្រូវដោះស្រាយរឿងនយោបាយ? ភ័ស្តុតាងនៅក្រឡាញ ឥឡូវភ័ស្តុតាងថ្មីមួយទៀតដែលអ្នកឯងកាត់ទឹកដីឱ្យពួកម៉ុងតាញ៉ា»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងដូចនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន ២,១២៥នាក់ នាព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ។

សូមរំលឹកផងដែថាទណ្ឌិត សម រង្ស៊ី កាលជាប្រធានគណបក្សសង្គ្រោះជាតិ បានចុះកិច្ចព្រមព្រៀង ជាមួយឈ្មោះ កុក សរ មេដឹកនាំរដ្ឋដេហ្គា របស់ជនជាតិភាគតិចម៉ុងតាញ៉ា វៀតណាម នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ នៅសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការកាត់ទឹកដី០៤ ខេត្ត ឲ្យជនជាតិដើមភាគតិតនោះគ្រប់គ្រង គឺខេត្តរតនគិរី ស្ទឹងត្រែង មណ្ឌលគិរី និងក្រចេះ នៅពេលដែលគណបក្សសង្គ្រោះជាតិបានកាន់អំណាច។ ថ្មីៗបន្ទាប់ពីមានការបែកធ្លាយឯកសារកិច្ចព្រមព្រៀងខាងលើ ទណ្ឌិត សម រង្ស៊ី ក៏បានចេញមុខមកទទួលស្គាល់នៅក្នុងប្រព័ន្ធឃោសនាក្រុមប្រឆាំង និងបានប្រកែកថា ជាការចុះហត្ថលេខាផ្តល់សិទ្ធិជាមូលដ្ឋានឱ្យជនជាតិដើមភាគតិចខ្មែរទៅវិញ។

ឆ្លើយតបនឹងការប្រកែកដោះសារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា «លោកឯងចេញមកទទួលស្គាល់ហើយ រួចលោកឯងប្រកាសថាអាហ្នឹងជាសិទ្ធិ នៃជនជាតិដើមភាគតិច ប៉ុន្តែខ្ញុំចេញជាសំណួរសួរប្រជាជនកម្ពុជាថា នៅកម្ពុជាមានជនជាតិម៉ុងតាញ៉ាឬអត់ ហើយចាំបាច់អីចុះហត្ថលេខាមានទង់ជាតិរហូតដល់ទៅ ៣ ទង់ជាតិអាមេរិកកាំងនៅកណ្តាល ទង់ជាតិខ្មែរតំណាងឱ្យអាក្បត់ជាតិនេះ និងទង់ជាតិមួយទៀតតំណាងឱ្យអា កុក ស ដែលជាមេនៃរដ្ឋដេហ្គា របស់ជនជាតិម៉ុងតាញ៉ា បើខ្មែរនិងខ្មែរហេតុអ្វីចុះហត្ថលេខា? កុក ស អត់ចេះនិយាយខ្មែរសូម្បីតែមួយម៉ាត់? បើសិនជាខ្មែរនិងខ្មែរមែនហេតុអ្វីបានជាមានទង់ជាតិ២? ស្របពេលដែលរដ្ឋធម្មនុញ្ញយើងមិនអនុញ្ញាតិឱ្យមានអប្បគម សូម្បីតែនៅក្នុងសម្បថនៃ សមាជិកតំណាងរាស្ត្រ អត់មាននិយាយរឿងអនុញ្ញាតិឱ្យមានអប្បគមទេ»។

លោកនាយករដ្ឋមន្ត្រីបានចោទជាសំនួរថា «ខ្ញុំសូមសួរបងប្អូនយើង តើប្រទេសយើងមានជនជាតិភាគតិចឈ្មោះថា ម៉ុងតាញ៉ាឬទេ? ដែលលឺទេ? យើងធ្លាប់តែលឺ ស្ទៀង ភ្នង ចារ៉ាយ កញ្ចក់ ទំពួន គួយ យើងធ្លាប់លឺ ប៉ុន្តែម៉ុងតាញ៉ាយើងមិនដែលលឺទេ ហេតុអ្វីបានជាប្រគល់ឱ្យគេស្វ័យភាព ៤ខេត្តមាន រតនគិរី មណ្ឌល់គិរី ស្ទឹងត្រែងនិងក្រចេះ រឿងនេះអត់តូចទេលោក កុំយកសិទ្ធិជាមូលដ្ឋាន សិទ្ធិជាមូលដ្ឋានយើងធ្វើបានតែជាមួយនឹងជនជាតិស្ទៀង ភ្នង ចារ៉ាយ ទំពួន កញ្ចក់ ដែលមាននៅក្នុងសញ្ជាតិកម្ពុជា តែរឿងម៉ុងតាញ៉ា គឺជាជនជាតិភាគតិចរបស់វៀតណាមទេ»៕





No comments:

Post a Comment