លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍ថា កម្ពុជានាពេលបច្ចប្បន្ន ពោរពេញដោយស្នាមញញឹម សន្តិភាពនិងការរស់ឡើងវិញរបស់កម្ពុជា ពីព្រោះថា កាលពី៣៥ឆ្នាំមុន នៅកម្ពុជាពោរពេញទៅដោយសង្គ្រាម និងជាសមរភូមិប្រយុទ្ធ ផ្ទុយទៅវិញនៅពេលនេះ កម្ពុជាជាពិសេសខេត្តសៀមរាប បានក្លាយទៅជាកន្លែងជួបជុំគ្នាគ្រប់ជាតិសាសន៍ បង្ហាញនូវវប្បធម៌សន្តិភាព និងក្លាយទៅជាកន្លែងសន្តិភាព មិត្តភាព ធ្វើឱ្យពិភពលោកក្លាយទៅជាពិភពលោកយើងទាំងអស់គ្នា។ ស្នាមញញឹមរបស់កម្ពុជានៅពេលនេះ មិនមែនស្នាមញញឹមនៅលើផ្ទាំងថ្មទៀតទេ គឺញញឹមដោយសុខសន្តិភាព និងញញឹមដោយក្តីស្រឡាញ់ ។
ក្នុងនាមប្រធានរាជបណ្ឌិតសភាកម្ពុជា និងក្នុងនាមតំណាងឲ្យរាជរដ្ឋាភិបាលនៃកម្ពុជា លោកបានថ្លែងអំណរគុណ ដល់ក្រុមការងារជាងឈើ ជាងចម្លាក់ តន្រ្តីករ សិល្បករ សិល្បការិនីជាតិ អន្តរជាតិ ទាំង១០០ប្រទេស ដែលបានចូលរួមបង្ហាញនូវទឹកដៃដ៏មានប្រសិទ្ធភាព ដែលទឹកដៃទាំងអស់នេះ បានផ្ញើជូនទៅដល់ប្រជាជននៅលើពិភពលោកថា កម្ពុជាពិតជាមានសន្តិភាព បើគ្មានសន្តិភាពទេ មិនអាចមកជួបជុំគ្នានៅកម្ពុជាបាននោះទេ ។
លោកក៏បានថ្លែងអំណរគុណ ដល់អង្គការសង្គមវប្បធម៌ឈើអន្តរជាតិ ដែលហៅកាត់ថា ( IWCS ) អង្គការសហព័ន្ធអន្តរជាតិនៃការស្រាវជ្រាវផ្នែករុក្ខកម្ម ( IUFOR ) និងមូលនិធិទិវាចម្លាក់ឈើពិភពលោក ( WWDF ) ដែលបានជួយឲ្យការបង្ហាញនូវស្នាដៃដ៏វិចិត្ររបស់ខ្លួន ស្តីពីការប្រើប្រាស់ចម្លាក់លើឈើបានទទួលលទ្ធផលល្អ និងជោគជ័យ។
លោក សុខ ទូច មានប្រសាសន៍បន្ថែមថា អ្នកនយោបាយអាចបង្កើតព្រំដែននយោបាយបានប៉ុន្តែ សិល្បៈ វប្បធម៌ និងចម្លាក់គឺគ្មានព្រំដែនទេ។ តាមការសង្កេតនៅលើចម្លាក់ជាច្រើន អស់រយៈពេលពេញមួយថ្ងៃ លោកយល់ឃើញថា គ្រប់ចម្លាក់ទាំងអស់ បានផ្តោត និងបង្កប់នូវទស្សនវិជ្ជាបី គឺជីវិត ធម្មជាតិ និងការបន្តវេន។ ក្នុងនោះ លោកក៏បានលើកនូវទស្សនៈល្អៗ ទៅនឹងទូរទស្សន៍ពណ៌ ដូច្នេះហើយទូរទស្សន៍ពណ៌នេះ បានបង្កើតគំនិតតែមួយ គឺរក្សានូវធម្មជាតិ ព្រៃឈើសម្រាប់យើងទាំងអស់គ្នា ។
លោកបណ្ឌិតបានបន្តទៀតថា ជីវិតមនុស្សពេលដែលស្លាប់គេនាំគ្នាភ័យ និងខ្លាចតែបើដើមឈើ បើស្លាប់វិញគេអាចយកវាមកច្នៃជាគ្រឿងសង្ហារឹម និងសម្ភារៈប្រើប្រាស់ផ្សេងៗ តាមរយៈភាពប៉ិនប្រសព្វនៃជាងចម្លាក់ មានន័យថា ឈើនិងព្រៃឈើគឺជាជិវិតរបស់មនុស្សនៅលើភពផែនដី គ្មានឈើគឺគ្មានជីវិត ហេតុនេះយើងត្រូវនាំគ្នាស្រឡាញ់ និងថែរក្សាព្រៃឈើ អភិរក្ស និងដាំឈើឡើងវិញ សម្រាប់យុវជនជំនាន់ក្រោយផងដែរ ៕

No comments:
Post a Comment