Thursday, October 05, 2017

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ អញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើកម្មវិធី “អាហារូបករណ៍ SmartEdu”

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើកម្មវិធី “អាហារូបករណ៍ SmartEdu” ដើម្បីគាំទ្រដល់យុវជនកម្ពុជាដែលមានទេពកោសល្យក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT)។

អនុស្សារណៈនេះត្រូវបានចុះហត្ថលេខារួមគ្នា ដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ជាមួយក្រុមហ៊ុនស្មាតអាស្យាតា ដោយក្រុមហ៊ុនបានសន្យាថា នឹងផ្ដល់មូលនិធិផ្គត់ផ្គង់ពេញលេញសម្រាប់ការសិក្សារបស់និស្សិតចំនួន១០នាក់ ដែលមានបំណងសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញទាក់ទង នឹង ICT នៅវិទ្យាស្ថាន (NIPTICT)។
ក្នុងពិធីនេះ លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានអបអរសាទរ និងកោតសរសើរ ដល់ភាពជាដៃគូររវាងក្រុមហ៊ុនស្មាត និងវិទ្យាស្ថាន NIPTICT ដែលបានបង្កើតឲ្យចេញជាសមិទ្ធិផលថ្មីនេះឡើង ក្នុងការចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ជាពិសេសការកសាងមូលដ្ឋានគ្រិះនៃសង្គម ឌីជីថល។

លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានស្នើឲ្យក្រុមហ៊ុនស្មាតបន្តជម្រុញ និងបង្កើតឲ្យមានការបណ្ដុះបណ្ដាល នៅក្នុងផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននេះបន្តទៅទៀត ដើម្បីជម្រុញធ្វើយ៉ាងណាបង្កើនធនធានមនុស្សនៅក្នុងវិស័យ ICT សម្រាប់ទ្រទ្រង់ និងវិវឌ្ឍន៍សង្គមកម្ពុជាឲ្យទៅជាសង្គមឌីជីថលនាពេលខាងមុខ៕




No comments:

Post a Comment