Thursday, October 05, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ផ្តោតសំខាន់ទៅលើវិស័យអប់រំ ទាំងរដ្ឋនិងឯកជន

នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ផ្តោតសំខាន់ទៅលើវិស័យអប់រំ គឺរួមទាំងរដ្ឋ និងឯកជន ដែលបានបង្កើតសាលារៀនរាប់ពាន់ ដែលកំពុងបម្រើលើវិស័យនេះនៅទូទាំងប្រទេស ហើយកំពុងបណ្តុះបណ្តាលបុត្រាបុត្រីខ្មែរប្រមាណជាង ៣លាននាក់។

លោកបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀនឆ្នាំ២០១៧ ក្រោមប្រធានបទ «គ្រូបង្រៀនជាវិស្វករព្រលឹងនៃយុវជនជំនាន់ក្រោយ» ដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ទិវាគ្រូបង្រៀននេះពិតជាមានតម្លៃយ៉ាងខ្លាំង ចំពោះលោកគ្រូអ្នកគ្រូទូទាំងប្រទេស ដើម្បីរំលឹកដល់គុណូបការៈគុណដ៏ថ្លៃថ្លារបស់គ្រូបង្រៀន ដែលបានផ្តល់នូវចំណេះដឹងដល់អ្នកជំនាន់ក្រោយ។ ហើយតាមប្រធានបទនេះ គឺពិតជាមានតម្លៃសម្រាប់គ្រូបង្រៀន ដែលជាមនុស្សដ៏សំខាន់ ជាព្រលឹងមនុស្សជំនាន់ក្រោយ។ រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ផ្តោតសំខាន់ទៅលើវិស័យអប់រំ គឺរួមទាំងវិស័យរដ្ឋ និងវិស័យឯកជន ដែលបានបង្កើតសាលារៀនរាប់ពាន់ ដែលកំពុងបម្រើលើវិស័យនេះនៅទូទាំងប្រទេស ហើយកំពុងបណ្តុះបណ្តាលបុត្រាបុត្រីខ្មែរប្រមាណជាង ៣លាននាក់។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា វិស័យអប់រំជាវិស័យអាទិភាពដ៏សំខាន់បំផុតមួយ ក្នុងនៅក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលមានមនុស្ស ផ្លូវ ទឹក និងភ្លើង ដែលពេលនេះគឺធនធានមនុស្ស កំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្ថិតក្នុងរង្វង់ ៧ % និងកំពុងកើនឡើងថែមទៀតផង។ រាជរដ្ឋាភិបាលតែងតែគិតគូយកចិត្តទុកដាក់ ក្នុងការតម្លើងប្រាក់ខែជាបន្តបន្ទាប់ដល់គ្រូបង្រៀន ដែលនៅក្នុងឆ្នាំ២០១៧នេះ ប្រាក់ខែអតិប្បរមាគឺ៩៥ម៉ឺនរៀល ហើយនៅឆ្នាំ២០១៨ខាងមុខនេះ នឹងកើនឡើងដល់ជាង១លានរៀល ជាអប្បបរមា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសម្តែងសេចក្តីរីករាយយ៉ាងខ្លាំងចំពោះទិវាគ្រូបង្រៀនក្នុងថ្ងៃនេះ ដែលមានការចួលរួមពីគ្រូបង្រៀនគ្រប់ខេត្តក្រុង។ លោកក៏បានអរគុណដល់ក្រសួងអប់រំយុវជន និងកីឡាដែលបានខិតខំជំរុញវិស័យនេះឱ្យកាន់តែរីកចម្រើនឡើង។ ទន្ទឹមនឹងនោះ លោក ក៏រម្លឹកផងដែរ អំពីការបង្កើតទិវាគ្រូបង្រៀងមុនដំបូងនៅថ្ងៃទី០៣ កញ្ញា ឆ្នាំ១៩៩៧មក ដែលរហូតមកដល់ពេលនេះគឺមានរយៈពេល២០ឆ្នាំហើយ៕












No comments:

Post a Comment