Thursday, October 05, 2017

អ្នកជំនាញ​អាជ្ញាធរជាតិអប្សរា​ រំដោះទឹកភ្លៀង​ដែលដក់​នៅក្នុង​ប្រាសាទអង្គរវត្ត​

ក្រោយភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាប់ៗគ្នា ជំនន់ទឹកភ្លៀងបានកើតមានក្នុងក្រុងសៀមរាប និងបណ្តាភូមិស្រុកជាច្រើនផ្សេងទៀត។ ទឹកភ្លៀងក៏បានធ្វើឱ្យមានទឹកដក់នៅតាមប្រាសាទមួយចំនួនក្នុងឧទ្យានអង្គរផងដែរ តែការដក់ទឹកនោះមិនបានបង្កជាបញ្ហាដល់ប្រាសាទ និងរំខានដល់ការចូលទៅទស្សនារបស់ភ្ញៀវទេសចរនោះឡើយ។
ជាក់ស្តែងប្រាសាទអង្គរវត្ត ក៏បានទទួលរងនូវទឹកភ្លៀងដក់នៅកន្លែងខ្លះដែរ ប៉ុន្តែក្រុមអ្នកជំនាញនៃនាយកដ្ឋានគ្រប់គ្រងទឹកបានរំដោះទឹកដក់ទាំងនោះបានទាន់ពេលវេលា។ លោក ញ៉ែម រស្មី បុគ្គលិកជំនាញផ្នែកគ្រប់គ្រងទឹកបានឱ្យដឹងថា ទឹកដែលដក់នៅប្រាសាទអង្គរវត្ត ត្រូវបានក្រុមការងារ និងអ្នកលក់ដូរក្នុងប្រាសាទជួយគ្នាជីកស្តារប្រឡាយដែលជាប្រព័ន្ធផ្លូវទឹកចាស់ដើម្បីរំដោះទឹកឱ្យហូរចូលទៅស្រះទឹកក្នុងបរិវេណប្រាសាទ និងកសិន្ធុជុំវិញប្រាសាទ។
បុគ្គលិកជំនាញផ្នែកគ្រប់គ្រងទឹក បានបញ្ជាក់ដែរថា មូលហេតុដែលធ្វើឱ្យទឹកដក់ក្នុងប្រាសាទអង្គរព្រោះកន្លែងខ្លះទាប និងការបោះសំរាមចោលដែលធ្វើឱ្យស្ទះមាត់ប្រឡាយ ទឹកហូរមិនទាន់។ ប៉ុន្តែក្រោយធ្វើការរំដោះទឹកចាប់ពីថ្ងៃដំបូង មកដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ ធ្វើឱ្យស្ថានភាពទឹកស្រកអស់ច្រើនហើយ។
បន្ថែមពីនោះ លោក ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទឹកបានឱ្យដឹងថា កន្លងមកអាជ្ញាធរជាតិអប្សរា មានប្រព័ន្ធគ្រប់គ្រងទឹកជំនន់ច្បាស់លាស់ណាស់ មិនឱ្យទឹកជន់លិចក្រុងសៀមរាប និងតំបន់ឧទ្យានអង្គរឡើយ ប៉ុន្តែនេះជាករណីជំនន់ទឹកភ្លៀង ទើបយើងមិនអាចគ្រប់គ្រងនិងរំដោះទឹករាប់ពាន់លីត្រភ្លាមៗបាន តែជំនន់ទឹកភ្លៀងនេះមិនបង្កបញ្ហាដល់ប្រាសាទ និងប៉ះពាល់ដល់ភ្ញៀវចូលមកទស្សនានោះទេ។

ជាមួយនឹងការរំដោះទឹកភ្លៀងពីក្នុងប្រាសាទ ក្រុមការងារក៏បានកាយប្រឡាយដែលប្រជាជនយកដីទៅចាក់ពីលើបែបអាណាធិបតេយ្យតាមបណ្តោយផ្លូវវាងរមណីយដ្ឋានអង្គរខាងលិចស្ថិតក្នុងសង្កាត់គោកចក ដើម្បីរំដោះទឹកឱ្យហូរបានលឿន ចៀសវាងការច្រាលមកលើទៀតផង៕




No comments:

Post a Comment