Thursday, October 05, 2017

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកទឹកចិត្តសិស្សានុសិស្សស្វ័យសិក្សាតាមប្រព័ន្ធបច្ចេកវិទ្យា

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ បានធ្វើជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្សដែលទទួលបានជ័យលាភីឆ្នើម ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧នៅរាជធានីភ្នំពេញ។

ពិធីនេះធ្វើឡើងដោយមានការចូលរួមពីសិស្សានុសិស្សប្រមាណ៣០០នាក់ ដែលជាសិស្សឆ្នើមទាំង៣៤វិទ្យាល័យក្នុងរាជធានីភ្នំពេញ នាយកវិទ្យាល័យ និងអាណាព្យាបាល។
ថ្លែងទៅកាន់អ្នកចូលរួមនៅទីស្តីការក្រសួង លោក សាយ សំអាល់ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ របស់សិស្សានុសិស្សទាំងអស់ ដែលបានទទួលជ័យលាភីឆ្នើមក្នុងការប្រឡងឆ្នាំ២០១៧ ហើយលោករដ្ឋមន្ត្រី ក៏បានថ្លែងអំគុណដល់លោកគ្រូអ្នកគ្រូ និងអរគុណដល់ឪពុកម្តាយដែលជាសសរទ្រូង ជាក្បូនដ៏រ៉ឹងមាំ និងជាថ្នាលក្នុងការបណ្តុះសិស្សានុសិស្ស។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងពីការស្វ័យសិក្សារៀនសូត្រ តាមបច្ចេកវិទ្យាដែលសិស្សានុសិស្សអាចសិក្សាស្រាវជ្រាវបានតាមរយៈ ហ្គូហ្គល (Google) ឬក៏យូធូប (Youtube) ដែលនឹងផ្តល់ចំណេះដឹងទូលំទូលាយ ហើយអាចឱ្យស្វែងយល់ពីបញ្ហាជាច្រើន ដែលកើនជុំវិញខ្លួនរបស់យើងទាំងក្នុងប្រទេស ឬក្នុងពិភពលោកទាំងមូល។

លោកបានលើកឡើង ពីភាពជោគជ័យ របស់អ្នកសិក្សាជាច្រើននៅលើសកលលោក ដែលបានចំណាយពេលសិក្សារៀនសូត្រ ដោយខ្លួនឯងតាមរយៈការស្រាវជ្រាវ និងស្វែងយល់ ហើយទទួលបានជោគជ័យក្នុងការសិក្សានិងអាជីព។
បន្ថែមពីនេះលោក បានលើកទឹកចិត្តរបស់សិស្សានុសិស្សទាំងអស់ ដែលនឹងចូលសិក្សានៅថ្នាក់មហាវិទ្យាល័យ គួរតែរកការងារធ្វើទន្ទឹមនឹងការសិក្សារៀនសូត្រ ដែលនឹងឱ្យសិស្សានុសិស្សស្គាល់គ្នាក្នុងសង្គម និងអាចធ្វើការនិងប្រាស្រ័យទាក់ទងក្នុងការងារ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្តាំផ្ញើរឱ្យសិស្សានុសិស្ស និងអង្គពិធីទាំងមូល ត្រូវចេះប្រែក្លាយឧបសគ្គទៅជាឱកាស ហើយថា ភាពរ៉ឹងមាំរបស់កម្ពុជា គឺមិនមែនពឹងអាស្រ័យលើកម្លាំងបាយនោះទេ គឺកម្លាំងខួរក្បាល។ នៅចុងបញ្ចប់នៃកម្មវិធីសំណេះសំណាល លោករដ្ឋមន្ត្រី បានផ្តល់ជូនរង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សជ័យលាភីឆ្នើម និងសម្ភារៈការិយាល័យដល់វិទ្យាល័យ ដែលមានសិស្សទទួលពិន្ទុខ្ពស់ជាងគេបង្អស់ផងដែរ៕





No comments:

Post a Comment