លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ជាបន្តបន្ទាប់វិស័យអប់រំត្រូវបានពង្រីកវិសាលភាពរបស់ខ្លួនពីទីប្រជុំជនទៅកាន់តំបន់ជនបទដើម្បីផ្តល់ឱកាសដល់ប្រជាជនខ្មែរគ្រប់រូបទទួលបានការអប់រំពីព្រោះការអប់រំសម្រាប់ទាំងអស់គ្នាដែលយើងធ្វើឱ្យមានការអប់រំជាមូលដ្ឋានយ៉ាងតិច៩ឆ្នាំដោយឥតបង់ថ្លៃស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ លោក ក៏បានបន្ថែមថា យើងពិតជាត្រូវការកម្លាំងសរុបជាតិទាំងមូលដោយរួមគ្នាដោះស្រាយ ដោយមិនទុកឱ្យកូនចៅយើងណាម្នាក់ស្ថិតនៅក្រៅសេវាអប់រំ ឬជាមនុស្សដែលគ្មានជំនាញពិតប្រាកដនោះឡើយ ជាពិសេសចំពោះក្រុមងាយរងគ្រោះដែលត្រូវយកចិត្តទុកដាក់ជាបឋម។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា ដើម្បីគាំទ្រចំពោះកំណើន ផ្នែកបរិមាណ យើងបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដែលរហូតមកដល់ពេលនេះ យើងមានសាលាបឋមសិក្សា ៧១៤៤ អនុវិទ្យាល័យ ១២៤៥ វិទ្យាល័យ ៤៨៦ និងគ្រឹះស្ថានឧត្តមសិក្សា ១១៥ បាននិងកំពុងផ្តល់ការអប់រំដល់ក្មួយៗ សិស្សានុសិស្សជាង៣លាននាក់នៅទូទាំងប្រទេស។ លទ្ធផលទាំងអស់នេះកើតឡើងពីការខិតខំពីគ្រប់ភាគីពាក់ព័ន្ធរួមទាំងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ សប្បុរសជន សហគមន៍ជាតិ អន្តរជាតិ ដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការសាងសង់អគារសិក្សានៅគ្រប់ទីកន្លែង៕

No comments:
Post a Comment