Thursday, October 05, 2017

អភិបាលខេត្តកណ្តាល អញ្ជើញជួបសំណេះសំណាល​ជាមួយកីឡាករ​ កីឡាការិនី​ ​ប្រណាំងទូក នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ

កណ្តាល៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល រួមជាមួយ​លោក នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាល​ជាមួយកីឡាករ​ កីឡា​ការិនី​​អុំទូក​ ទស្សនាស្តង់តាំងពិពណ៌​ និងបើកការប្រណាំងទូក នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរង​ខេត្តលោកអភិបាលក្រុង ស្រុក  ប្រធានមន្ទីរ អង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត កីឡាករ កីឡាការិនី និងប្រជាពលរដ្ឋ ជាច្រើនម៉ឺននាក់។

អភិបាលខេត្ត​បានបញ្ជាក់ថា​ គោលបំណងនៃការប្រារព្ធពិធីអុំទូកនេះឡើងគឺ៖

១-អបអរសាទរ និងផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនី ត្រៀមខ្លួន និងដកបទពិសោធន៍ សម្រាប់ប្រកួតប្រជែងនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងខែវិច្ឆិកា ខាងមុខ

២-អបអរសាទរព្រះរាជពិធីគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ ដែលនឹងចូលមកដល់នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ខាងមុខ

៣-អបអរសាទរពិធីបុណ្យចេញព្រះវស្សាដែលនឹងចូលមកដល់ថ្ងៃទី០៥ ខែតុលា ស្អែកនេះ

៤-បង្កើតបរិយាកាសសប្បាយរីករាយជូនដល់មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ​នៅក្នុងខេត្ត​កណ្តាល​ទាំងមូល។

គួរបញ្ជាក់ផងដែរថា កីឡាករ កីឡាការិនីអុំទូកមានចំនួនសរុប ២៨៣១នាក់ ដែលមាន​ទូកចូល​រួម​ប្រកួតប្រជែងសរុបចំនួន ៦៤ទូក ក្នុងនោះ ទូកខ្នាតអន្តរជាតិមានចំនួន ១៧ទូក (ទូកនារី ០២ទូក), ទូកផ្កាចារ ២០ទូក (ទូកនារី ០៤ទូក) និងទូកអុំបុរស ចំនួន ២៧ទូក។ ទូកចូលរួមទាំងនេះមកពី​ក្រុងតា​ខ្មៅ ២៦ទូក, ស្រុកកោះធំ ០២ទូក, កៀនស្វាយ ០២ទូក, ល្វាឯម ០៥ទូក, ស្អាង ០៤ទូក, មុខកំពូល ០៦ទូក, ខ្សាច់កណ្តាល ០៦ទូក, ពញាឮ ០៤ទូក, ស្អាង ០៤ទូក និងមកពីខេត្តកំពង់ចាម ០៣ទូក, រាជធានីភ្នំពេញ ០៣ទូក, ក្រសួងការងារ ០២ទូក, កងទ័ពជើងទឹក ០១ទូក៕

​លោក ម៉ៅ ភិរុណ បានផ្តល់អាវ​ និងមួក​ ដល់កីឡាករ​ កីឡាការី​ ទាំងអស់ដែល​បានមកចូលរួម​ប្រណាំង​ទូកនេះផងដែរ៕









No comments:

Post a Comment