Tuesday, November 29, 2016

សម្តេច ហេង សំរិន៖ សភាកម្ពុជាមានកិត្តិយស និងក្តីរីករាយ ដែលបានទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះមហាសន្និបាត សភាអាស៊ីលើកទី៩

ថ្លែងក្នុងពិធីបើក មហាសន្និបាតសភាអាស៊ី លើកទី៩ សម្តេច ហេង សំរិន បានមានប្រាសន៍ថា សភាកម្ពុជា មានកិត្តិយស និងក្តីរីករាយ ដែលបានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ដោយមានការគាំទ្រ យ៉ាងពេញលេញពីសភាសមាជិក ជាពិសេស មហាសន្និបាតអាស៊ីលើកទី៩ នាពេលនេះ។
នារសៀលថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងជាប្រធានសភាអាស៊ី (អេ-ភី-អេ) បានចូលរួមបើកមហាសន្និបាតសភាអាស៊ីលើកទី៩ នៅសណ្ឋាគារ និងមជ្ឈមណ្ឌលសន្និសីទ    សុខាថ្មី នៃទីរួមខេត្តសៀមរាប។
សម្តេច ហេង សំរិន បន្តថា ការជួបជុំជាប្រវត្តិសាស្រ្តរបស់យើង នាពេលនេះ នឹងសម្រេចបាននៅលទ្ធផលជាវិជ្ជមាន ដែលនឹងរួមចំណែកក្នុងការលើកកម្ពស់ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជូនប្រជាជាតិរបស់យើង។ សមិទ្ធផលដែលកើតចេញពីមនសិការរួម របស់យើងទាំងអស់គ្នា ជាមូលដ្ឋាននាំមកនូវកត្តាជោគជ័យ សម្រាប់អ្នកបន្តវេន។
ក្នុងរយៈពេលមហាសន្និបាត អេ-ភី-អេ នេះ សម្តេច ហេង សំរិន សង្ឃឹមជឿជាក់ថា ចំនុចវិជ្ជមានជាច្រើនទៀតនឹងត្រូវបានឯកភាព និងអនុម័តនៅក្នុងរង្វង់គ្រួសារសភានៅអាស៊ី ប្រកប ដោយស្មារតីសាមគ្គីភាព មិត្តភាព និងភាតរភាព៕


No comments:

Post a Comment