Tuesday, November 29, 2016

ស្វែងយល់អំពី មហាសន្និបាតសភាតំបន់អាស៊ី (APA) និងមហាសន្និបាតលើកទី៩

សភាតំបន់អាស៊ី ហៅកាត់ថា (APA) នេះ គឺបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយបានប្តូរមក ពីសមាគមសភាអាស៊ីដើម្បីសន្តិភាព ដែលហៅកាត់ថា (AAPP)។ សភាប្រទេសកម្ពុជា គឺជាសមាជិកស្ថាបនិក (AAPP) ដែលបានប្រសូត្រឡើងនៅឆ្នាំ១៩៩៩។  AAPP គឺជាស្ថាប័ន ដែលប្រមូលផ្តុំសំឡេងអ្នកតំណាងប្រជាពលរដ្ឋ នៅក្នុងតំបន់អាស៊ី ឲ្យរួបរួមគ្នាជាធ្លុងមួយក្នុង គោលដៅស្វែងរកសុខសន្តិភាព និងការផ្សះផ្សាប្រជាជាតិទំាងឡាយ នៅក្នុងតំបន់អាស៊ីឲ្យក្លាយជាមហាគ្រួសារតែមួយ ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍស្មើៗគ្នាដោយចីរភាព។
ឈរលើគោលបំណងនៃការជំរុញសុខសន្តិភាព និងសមាហរណកម្មសម្រាប់ប្រជាជាតិ ក្នុងតំបន់អាស៊ី APA គឺបានកំណត់ឲ្យមានជំនួបកំពូលជាមហាសន្និបាត ថ្នាក់ដឹកនាំសភា នៃបណ្តាប្រទេសដែលជាសមាជិក និងកិច្ចប្រជុំគណៈកម្មាធិការនានាជាទៀងទាត់ប្រចំាឆ្នំា ដើម្បីប្រមូលឆន្ទៈរួម ដំណោះស្រាយរួម យុទ្ធសាស្រ្តរួម ដាក់ជូនដល់អ្នកអនុវត្តច្បាប់ របស់រដ្ឋាភិបាលនៃប្រទេសនីមួយៗនៃរដ្ឋជាសមាជិក APA ដើម្បីធានាឲ្យបាន នូវសុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់ក៏ដូចជាក្នុងពិភពលោក។
ដោយឡែក សម្រាបមហាសន្និបាតសភាអាស៊ី លើកទី៩នេះ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍អំពីមោទនភាពកម្ពុជា ដែលបានធ្វើម្ចាស់ផ្ទះមហាសន្និបាត APA លើកទី៩ នៅខេត្តសៀមរាបអង្គរ។ ប្រធានបទ មហាសន្និបាត APA លើកទី៩ នេះគឺ «ការជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អាស៊ី» នេះគឺពិតជាមានសារសំខាន់ បំផុត សំរាប់ប្រទេសក្នុងតំបន់អាស៊ីក្នុងការបំផុតស្មារតីរួមគ្នាអោយចូលរួមស្រឡាញ់ និងថែរក្សាសុខសន្តិភាព និងចូលរួមធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍ និងរីកចម្រើន។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ផងដែរថា ប្រទេសទាំងអស់នៅ លើពិភពលោកសុទ្ធតែត្រូវការសន្តិភាព ត្រូវការភាពរីកចម្រើន ដើម្បីប្រជាជនរស់នៅប្រកបដោយសន្តិភាព។ ប្រជាពលរដ្ឋកម្ពុជាទាំងអស់មិនត្រូវការសង្គ្រាមឡើយ។ ចំពោះសម្តេចតេជោផ្ទាល់ គឺបានយកជីវិតធ្វើដើមទុនដើម្បីបញ្ចប់សង្គ្រាម ហើយប្រឹងទាំងវេទនាបំផុតក្នុងការស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ កម្ពុជាត្រូវបានញ៉ាំញីដោយភ្លើងសង្រ្គាមចាប់តាំងពីសង្រ្គាមលោកលើកទី២ ហើយត្រូវបានបិទបញ្ចប់ទំព័រខ្មៅងងឹងនៅក្រោយថ្ងៃទី០៧ មករា ១៩៧៩។ ដូច្នេះប្រជាពលរដ្ឋកម្ពុជា មិនចង់ឃើញភ្លើងសង្រ្គាមទៀតទេ ហើយប្រជាជាតិដទៃក៏មិនចង់ឃើញដែរ ដូច្នេះយើងទាមទារឲ្យមានការរួមគ្នាដើម្បីទប់ស្កាត់នូវភ្លើងសង្រ្គាមនេះទោះបីនៅទីណាក៏ដោយ។
ទន្ទឹមនឹងនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាជាតិទាំងអស់លើពិភពលោករួមគ្នាទប់ស្កាត់សកម្មភាពបដិវត្តន៍ពណ៌ដែលបានធ្វើឲ្យមនុស្សរាប់លាននាក់ស្លាប់បាត់បង់ជីវិត។ មិនត្រឹមតែ បាត់បង់ជីវិតមនុស្សទេ គឺបានបណ្តាលអោយកើតមានវិបត្តិជនភៀសខ្លួនយ៉ាងខ្លាំង។ សម្តេចតេជោ ក៏ បានអំពាវនាវដល់ប្រទេសអឺរ៉ុប សូមជួយទទួលយកជនភៀសខ្លួនអោយបានស្នាក់នៅសមរម្យ និងមានការងារធ្វើផង ព្រោះនេះទង្វើនៃលទ្ឋផលសង្រ្គាម។ ដើម្បីរក្សាសន្តិភាពបាន ទាល់តែកុំឲ្យមានអ្នកបំផ្លាញសន្តិភាព ដើម្បីរក្សាសន្តិភាពបាន ទាល់តែទប់ស្កាត់អ្នកបង្កសង្រ្គាម។ ការអភិវឌ្ឍ និងសន្តិភាព គឺមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ បើគ្មានសន្តិភាពហើយ ក៏មិនអាចមានការអភិវឌ្ឍបានឡើយ។
កិច្ចប្រជុំពិភាក្សារវាងសមាជិក APA ទាំង ២៣ប្រទេស គឺនឹងបន្តពិភាក្សាគ្នាអំពីប្រធានបទខាងលើ ចាប់ពីថ្ងៃទី ២៨ ខែវិច្ឆិកា រហូតដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីរកនូវដំណោះស្រាយសមស្របនានាដែលនាំមកនូវសន្តិភាព និងការរីកចម្រើនប្រកប ដោយចីរភាព ដល់ប្រជាជាតិទាំងក្នុងតំបន់ និងក្នុងពិភពលោក៕





No comments:

Post a Comment