Tuesday, November 29, 2016

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រាបបង្គំទូល​ថ្វាយអំណរព្រះរាជគុណ​ព្រះមហាក្សត្រដែល​ប្រោសព្រះរាជទាន ព្រះរាជទ្រព្យដើម្បី​ទ្រទ្រង់សកម្ម​ភាពមនុស្សធម៌

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយឥតឧបមាដោយបានទទួលនូវព្រះរាជទ្រព្យ ចំនួន មួយពាន់ដុល្លារអាមេរិក របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណចក្រកម្ពុជា ដែលព្រះអង្គសព្ទព្រះរាជហឬទ័យប្រោសព្រះរាជូបត្ថម្ភចំពោះកាកបាទក្រហមកម្ពុជាសំរាប់ខែវិច្ឆិកា ឆ្នាំ២០១៦ តាមរយៈ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង។ នេះបើយោងតាមការបញ្ជាក់នៅក្នុងសារថ្វាយអំណរព្រះរាជគុណចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងនាមកាកបាទក្រហមកម្ពុជា សូមក្រាបបង្គំទូលថ្វាយអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែប្រោសព្រះរាជទាន ព្រះរាជទ្រព្យដើម្បីទ្រទ្រង់សកម្មភាព មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សំរាប់ជួយសង្រ្គោះ ប្រជារាស្រ្តកម្ពុជាក្រីក្រ ទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ តេជៈបារមីនៃវត្ថុស័ក្តិសិទ្ធិនានា ក្នុងលោក ព្រះបារមីទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យបវរមហាប្រសើរ ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ក្នុងព្រះមហាសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ សំរាប់ប្រជារាស្រ្តកម្ពុជា ជ្រកកោនតរៀងទៅ៕


No comments:

Post a Comment