Tuesday, November 29, 2016

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន៖ សមត្ថកិច្ចគ្រប់លំដាប់​ថ្នាក់ត្រូវខិតខំបង្រ្កាប អប់រំ និងព្យាបាលស្តារ​នីតិសម្បទា​អ្នកប្រើគ្រឿងញៀនឱ្យសះ​ស្បើយត្រឡប់ទៅកាន់សហគមន៍វិញ

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជំរុញឱ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវខិតខំបង្រ្កាប អប់រំ និងព្យាបាលស្តារនីតិសម្បទាអ្នកប្រើគ្រឿងញៀនឱ្យសះស្បើយត្រឡប់ទៅកាន់សហគមន៍វិញ។ លោកឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ដូចនេះ ក្នុងឱកាសចុះពិនិត្យគម្រោងសាងសង់មណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនរបស់កងពលតូចអន្តរាគមន៍លេខ១១ ដែលស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពតនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
កិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ តំណាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម(ម្ចាស់គម្រោង) ក្រសួងសុខាភិបាល អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពត ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធនៃកងពលអន្តរាគមន៍លេខ១១ ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានប្រសាសន៍ថា បញ្ហាគ្រឿងញៀនពិភពលោកមិនមានការថមថយទេ ហើយបានជះឥទ្ធិពលដល់ព្រះរាជាណាចក្រកម្ពុជាយើងតាមរយៈការលួចលាក់ប្រើប្រាស់ និងចែកចាយ ហើយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ខិតខំបង្រ្កាបជនល្មើស អប់រំអ្នកមិនទាន់ប្រើកុំឱ្យប្រើ និងព្យាបាលស្តារនីតិសម្បទាអ្នកដែលប្រើឱ្យសះស្បើយត្រឡប់ទៅកាន់សហគមន៍វិញ ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងពីគោលបំណងនៃការកសាងដើម្បីព្យាបាលជនរងគ្រោះថ្មី និងស្តារនីតិសម្បទាបន្តពីជនរងគ្រោះដែលបានព្យាបាលបន្សាបនៅរាជធានីភ្នំពេញរួចហើយ។ តាមការឱ្យដឹងពី លោក ជួន វន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្មបានឱ្យដឹងថា គម្រោងសាងសង់មណ្ឌលមាន៦អគារ សរុបទឹកប្រាក់ប្រមាណជា៣០០.០០០ដុល្លារអាមេរិក ។ហើយជំហ៊ាន១នេះយើងគ្រោងសាងសង់អគារចំនួន០៣សិន៕




No comments:

Post a Comment