Friday, February 21, 2020

លោកស្រី ដាំ ដារីនី ដឹកនាំនាយ ពលទាហានបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់»

ឈាម ២០០ប្លោក ត្រូវការជាចាំបាច់រៀងរាល់ថ្ងៃ សម្រាប់អ្នកជម្ងីប្រមាណ ១00នាក់ ក្នុងមួយថ្ងៃៗ នៅកម្ពុជា។ ឈាម ២០០ប្លោក បានមកពីអំណោយឈាមរបស់សប្បុរសជន បងប្អូន ប្រមាណ២០០នាក់។ ឈាមមិនអាចផលិតនៅក្រៅខ្លួនមនុស្សយើងបានឡើយ។ អ្នកជម្ងីត្រូវការឈាមស្ទើរទាំងអស់ សុទ្ធសឹងជាអ្នកមិនដែលបានផ្តល់ឈាម ពួកគាត់ភាគច្រើនពុំបានដឹងថា ត្រូវការឈាមនៅថ្ងៃណាមួយនោះទេ។ ដោយសារគ្រោះថ្នាក់ចរាចរ គ្រោះអាសន្នផ្សេងៗ ជម្ងីហូរឈាមធ្ងន់ធ្ងរ មុន ឬក្រោយសម្រាលកូន ជម្ងីឈាមររាំរ៉ៃ មហារីក អ្នកជម្ងីខ្លះត្រូវការឈាមច្រើនជាងឈាម ដែលមាននៅក្នុងខ្លួនរបស់គាត់ទៅទៀត ដោយសារតែវិបត្តិនៃការហូរឈាម។ល។ អ្នកជម្ងឺស្ទើរទាំងអស់ជាប្រជាជនខ្មែរ ជាមនុស្សជាទីស្រលាញ់នៃយើងទាំងអស់គ្នា់។ មនុស្សម្នាក់ៗពេលមានអាសន្ន ឬមានជម្ងឺរហូតត្រូវការចាក់បញ្ចូលឈាម ភាគច្រើនត្រូវការឈាមដ៏ទៃ ជួនកាលឈាមរបស់ញាតិសណ្តានក៏មិនអាចដូចគ្នាដែរ។
នេះជាការលើកឡើងរបស់ លោកវេជ្ជបណ្ឌិត លី ស៊ូវីន នាយករងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានលើកឡើង ក្នុងឱកាសដែលនាយទាហាន នាយទាហានរង និងពលទាហាន ប្រមាណ ៣០០នាក់ ចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក ជើងទឹក ជើងអាកាស និងកងរាជអាវុធហត្ថ បានស្ម័គ្រចិត្តមកបរិច្ចាគឈាមនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្រោមការដឹកនាំដោយ លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាកលវិទ្យាល័យការពារជាតិ។
មានប្រសាសន៏ក្នុងឱកាសនោះ លោកស្រី ដាំ ដារីនី បានបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលលោកស្រីបានដឹកនាំ នាយទាហាន និងពលទាហាន ដែលស្ម័គ្រចិត្តមកធ្វើបរិច្ចាគឈាម ដើម្បីចូលរួមជួយដល់ការងារសង្គម និងឆ្លើយតបចំពោះតំរូវការឈាម ដើម្បីជួយសង្គ្រោះអាយុជីវិតជនរងគ្រោះឲ្យទាន់ពេលវេលា។ លោកស្រីបានបន្តទៀតថា តាមរយៈសកម្មភាពស្ម័គ្រចិត្តរបស់បងប្អូនក្នុងថ្ងៃនេះ គឺបានបង្ហាញយ៉ាងច្បាស់ពីការទទួលខុសត្រូវ និងចូលរួមចំណែករបស់កងទ័ព ក្រៅពីភារកិច្ចការពារជាតិ ការពារមាតុភូមិ គឺកងទ័ពក៏បានចូលរួមចំណែកក្នុងកិច្ចការសង្គមជាច្រើនផងដែរ។ លោកស្រីបានបន្តទៀតថា ជាការពិត ការបរិច្ចាគឈាមមានអត្ថប្រយោជន៍ជួយដល់សង្គម ជួយអ្នកជំងឺដែលខ្វះឈាម បង្ហាញពីសាមគ្គីភាព និងចូលរួមការងារសង្គមដើម្បីប្រទេសជាតិរបស់យើង ម្យ៉ាងវិញទៀតវាជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពទ្យ និងជាទង្វើប្រកបដោយមនុស្សធម៌ ដែលឆ្លើយតបទៅនឹងតម្រូវការសង្គមយ៉ាងពិតប្រាកដផងដែរ។
អំណោយឈាមរបស់ បងប្អូន ក្នុងថ្ងៃនេះ គឺអាចជួយសង្គ្រោះដល់ជីវិតអ្នកជំងឺ បានទាន់ពេលវេលា ពិសេសអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ដូចជាជំងឺទាក់ទិននឹងការហូរឈាម តាមប្រដាប់រំលាយអាហារ ការវះកាត់ ជំងឺបេះដូង គ្រោះថ្នាក់ចរាចរណ៍ ការហូរឈាមមិនប្រក្រតីនៅមុន និងក្រោយពេលសំរាលកូន ជំងឺខ្សោយតំរង់នោម និងការព្យាបាលថែទាំជំងឺមហារីកជាដើម។ លោកជំទាវរដ្ឋលេខាធិការបានបញ្ជាក់ថា៖ ការបរិច្ចាគឈាមរបស់បងប្អូនក្នុងថ្ងៃនេះ មិនត្រឹមតែជាការជួយដល់អ្នកជំងឺដែលកំពុងត្រូវការឈាមប៉ុណ្ណោះទេ គឺបងប្អូននឹងទទួលបានការពិនិត្យសុខភាព ពោលគឺអ្នកបរិច្ចាគឈាមទទួលបានការពិនិត្យរាងកាយ និងអាចដឹងពីកម្រិតសម្ពាធឈាម កម្រិតកូឡេស្តេរ៉ូល ការវិភាគឈាម ដែលជាកត្តាសំខាន់ទាំងពីរ ក្នុងការរក្សាសុខភាព និងដើម្បីប្រាកដថាឈាមអាចប្រើសម្រាប់ការបរិច្ចាគបាន ៕


No comments:

Post a Comment