Friday, February 21, 2020

លោក អម សុភា អញ្ជើញចូលរួមសិក្ខាសាលាកសាងយុទ្ធសាស្ត្រ ២០៣០ របស់កាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ សិក្ខាសាលាកសាងយុទ្ធសាស្ត្រ ២០៣០ របស់កាកបាទក្រហមកម្ពុជា ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងលោក គ្រីស្តូហ្វឺ រ៉ាស៊ី ប្រធានក្រុមគាំទ្រកម្រងប្រទេសនៃសហព័ន្ធអន្តរជាតិ ដែលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ១៩-២០ ខែកុម្ភៈ ឆ្នាំ២០២០។
ក្នុងអង្គសិក្ខាសាលាមានការអញ្ជើញចូលរួមពីលោក អម សុភា ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង លោក លោកស្រីជាសមាជិក សមាជិកា គណៈកម្មាធិការសាខាទាំង ២៥រាជធានីខេត្ត ក្រុមការងារកសាងយុទ្ធសាស្ត្រទីស្នាក់ការកណ្តាល សរុបចំនួន ៥១នាក់។
ក្នុងឱកាសនោះដែរ លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរពីសំណាក់ លោកស្រីប្រធាន ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះ លោក គ្រីស្តូហ្វឺ រ៉ាស៊ី និងលោក លោកស្រីគណៈកម្មាធិការសាខា ដែលបានរួមចំណែក្នុងការអភិវឌ្ឍសមាគមជាតិ ទទួលបានជោគជ័យជាទីមោទន។
លោកស្រីក៏បានស្នើសុំ លោក លោកស្រីជាគណៈអភិបាលសាខា ដែលបានស្ម័គ្រចិត្តចូលរួមសិក្ខាសាលានេះ ចំនួន ២ថ្ងៃ យកអស់ពេលវេលា សមត្ថភាព បញ្ចេញមតិ និងប្រមើមើល ១០ឆ្នាំទៅមុខទៀត តើកាកបាទក្រហមកម្ពុជាអាចធ្វើអី ដើម្បីជួយប្រជាពលរដ្ឋកាន់តែប្រសើរជាងមុន និងសំណូមពរឲ្យសិក្ខាកាមទាំងអស់ សម្រេចបានទាំងយុទ្ធសាស្ត្រ ២០៣០ របស់កាកបាទក្រហមកម្ពុជាបានដោយជោគជ័យ៕



No comments:

Post a Comment