Friday, February 21, 2020

កិច្ចការពង្រឹងធនធានមនុស្សក្នុងវិស័យការពារជាតិ ចាំបាច់ត្រូវធ្វើកំណែទម្រង់ឲ្យសមស្របនឹងសភាពការណ៍ ជាពិសេសការកសាងកម្មវិធីអប់រំហ្វឹកហ្វឺនប្រកបដោយគុណភាព

កំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនាយទាហានសកម្មជំនាន់ទី២០ នៅសាលានាយទាហានសកម្ម (ត្មាតពង) ក្នុងភូមិសាស្ត្រស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ ក្រោមការអញ្ជើញជាអធិបតីភាពដោយលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា ដើម្បីពង្រឹងកសាងធនធានមនុស្សក្នុងវិស័យការពារជាតិ កងយោធពលខេមរភូមិន្ទ ចាំបាច់ត្រូវធ្វើកំណែទម្រង់ឲ្យបានសមស្របបំផុតទៅនឹងស្ថានការណ៍ជាក់ស្ដែង ជាពិសេសគឺការកសាងកម្មវិធីអប់រំហ្វឹកហ្វឺនដល់យោធិន ដែលត្រូវតែមានការកែសម្រួលជាបន្តបន្ទាប់ ដើម្បីឲ្យការបណ្តុះបណ្តាលដល់យោធិនអាជីព និងហ្វឹកហ្វឺនជំនាញផ្សេងៗទៀត ប្រកបដោយគុណភាព។
លោកបានថ្លែងទៀតថា ក្នុងដំណាក់កាលបច្ចុប្បន្នការហ្វឹកហ្វឺនបណ្តុះបណ្ដាលនាយទាហានសកម្ម គឺជាតម្រូវការចាំបាច់ដើម្បីរួមចំណែកលើកកម្ពស់សមត្ថភាព ឆ្លើយតបទៅនឹងសំណូមពរភារកិច្ចចាំបាច់ចំពោះមុខ និងយូរអង្វែង។ វគ្គហ្វឹកហ្វឺនដែលកំពុងប្រារព្ធពិធីបិទនាឱកាសនេះ គឺពិតជាបានឆ្លើយតបតាមសេចក្តីត្រូវការក្នុងការពង្រឹងពង្រីកគុណភាពនៃការដឹកនាំបញ្ជា និងការគ្រប់គ្រងកងឯកភាព ដើម្បីត្រៀមខ្លួនបំពេញកិច្ចការងារប្រតិបត្តិការតាមបញ្ជា។ ជាមួយគ្នានោះ លោកក៏បានរំលេចនូវតម្លៃសន្តិភាព ដែលនាយទាហានទាំងអស់ត្រូវរួមគ្នាថែរក្សា និងត្រៀមលក្ខណៈជានិច្ចដើម្បីអនុវត្តបទបញ្ជា ក្នុងនោះត្រូវបង្កើនសមត្ថភាពយល់ដឹងឲ្យបានស៊ីជម្រៅ អំពីសភាពការណ៍សន្តិសុខដែលពាក់ព័ន្ធនឹងកងយោធពលខេមរភូមិន្ទ ដើម្បីលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នរាល់ឧបាយកល ការធ្វើបដិវត្តន៍ពណ៌ ការធ្វើឲ្យបាត់បង់សន្តិភាព និងកើតមានសង្រ្គាមសារជាថ្មី។
បើតាមសេចក្តីរាយការណ៍ពី ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ននេះសាលាបាន និងកំពុងដំណើរការបណ្ដុះបណ្ដាលនាយទាហានចំនួន០៤ជំនាន់បន្ថែមទៀត គឺវគ្គនាយទាហានសកម្មចំនួន០៣ជំនាន់ និងត្រៀមទទួលនិស្សិតថ្មីវគ្គនាយទាហានសកម្មជំនាន់ទី២៤ ចំនួន ២០០នាក់ទៀត។ ដោយឡែកវគ្គបណ្ដុះបណ្ដាលនាយទាហានសកម្មជំនាន់ទី២០ ដែលត្រូវបានបញ្ចប់វគ្គនៅថ្ងៃនេះ មានសិក្ខាកាមសរុបចំនួន១០១នាក់ ដោយឆ្លងកាត់ការសិក្សា និងហ្វឹកហាត់អស់រយៈពេល៤ឆ្នាំ ហើយក្រោយពេលបញ្ចប់វគ្គសិក្ខាកាម ទទួលបានលទ្ធផលនិទ្ទេសល្អ ១៩នាក់ និទ្ទេសល្អបង្គួរ ៧៤នាក់ និងនិទ្ទេសមធ្យមចំនួន ០៨នាក់ ៕

No comments:

Post a Comment