Friday, February 21, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដាក់ចេញនូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗចំនួន៤ នៅក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកងកម្លាំង និងមន្រ្តីរាជការទាំងអស់នៃក្រសួងមហាផ្ទៃដែលបានប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានសមិទ្ធផលជាច្រើននៅក្នុងឆ្នាំ២០១៩កន្លងមកនេះ ហើយដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារប្រកបដោយស្មារតីទទួលខុសត្រូវក្នុងឆ្នាំថ្មីជាបន្តនេះ លោក បានដាក់ចេញនូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗ៤ ដែលត្រូវខិតខំពុះពាសម្រេចឱ្យបាន។ លោកបានថ្លែងដូចនេះ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃដែលពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ។
ទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗទាំង៤ចំណុចនោះរួមមាន៖
ទី១- បន្តប្តូរផ្តាច់ការពារ និងថែរក្សាឱ្យបាននូវសុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យជាតិ និងបូរណភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់សង្គម និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងលើកស្ទួយនូវសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ។
ទី២- បន្តជំរុញលើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការធានាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព និងការកសាងភាពសុខដុមរមនាជាមួយគ្រប់ជាតិសាសន៍ នៅក្នុងសង្គមជាតិទាំងមូល។
ទី៣- បន្តអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងច្បាស់ពីការអនុវត្ត និងការប្រើប្រាស់សិទ្ធិសេរីភាព តាមរយៈការរួមគ្នាការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមឤស្រ័យរដ្ឋធម្មនុញ្ញ និង ប្រព័ន្ធនយោបាយនៅកម្ពុជា។ ត្រូវពង្រឹងនិង ជំរុញការអនុវត្តច្បាប់ឱ្យបានហ្មឺងម៉ាត់ និងស្មើភាពគ្នា ។
និងទី៤- លើកកម្ពស់ប្រសិទ្ធភាពនូវការកែទម្រង់លើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅស្របតាមបាវចនា «កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ» និងអភិក្រម «ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់»៕




No comments:

Post a Comment