Wednesday, April 26, 2017

ទស្សនវិភាគ៖ នយោបាយនាំសង្គ្រាមចូលស្រុក

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ គណនីហ្វេសប៊ុក វិទ្យាស្ថាន ពលរដ្ឋវិជ្ជា បានបង្ហោះ​ផ្សាយនូវអត្ថបទមួយជាទស្សនវិភាគក្រោមចំណងជើងថា «នយោបាយនាំសង្គ្រាមចូលស្រុក» ដែលមានខ្លឹមសារដូចតទៅ៖
សង្គ្រាមកើតមាននៅកម្ពុជាពីអតីតកាល និងសង្គ្រាមកំពុងកើតមានបច្ចុប្បន្ននៅបណ្តាប្រទេសនានាលើពិភពលោក មានទឡ្ហីករណ៍ជាក់លាក់បញ្ជាក់ថា សង្គ្រាមក្នុងស្រុកទាំងនោះ កើតចេញពីហេតុផលនយោបាយនៃការដើរលើផ្លូវខុសរបស់ក្រុមអ្នកនិន្នាការប្រឆាំងនឹងរដ្ឋាភិបាល។ ដើម្បីអំណាច គឺក្រុមនិន្នាការនយោបាយប្រឆាំងនឹងរដ្ឋាភិបាល តែងដើរតួជាចលករនៃការផ្លាស់ប្តូរតាមឆន្ទៈសហរដ្ឋអាមេរិក ក្រោមលេសប្រជាធិបតេយ្យ និងសេរីភាព។ បើទោះ​បីជាក្រុមនិន្នាការប្រឆាំងនឹងរដ្ឋាភិបាល ដំបូងឡើយ គ្មានអាវុធ និងគ្មានទាហាន ក៏ពិតមែន តែបន្ទាប់មក អាវុធយុទ្ធភ័ណ្ឌ នឹងទទួលបាននៅពេលក្រោយ ដើម្បីចិញ្ចឹមសង្គ្រាម។ រីឯអ្នកគាំទ្រផ្កាប់មុខ ជាពិសេសយុវជនដែលទទួលការអប់រំមនោគមន៍វិជ្ជាពីមេដឹកនាំបក្សប្រឆាំង នឹងត្រូវបំពាក់អាវុធក្លាយខ្លួនជា «យុវសកម្មប្រយុទ្ធ»
ទិដ្ឋភាព «យុវសកម្មប្រយុទ្ធ» នៅកម្ពុជា បានបង្ហាញឱ្យប្រជាជនកម្ពុជា មើលឃើញច្បាស់ក្រ​ឡែតរួចទៅហើយក្នុងរូបភាពកុប្បកម្មបះបោរ ដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា ក្រោយការបោះឆ្នោតឆ្នាំ២០១៣។ នេះហើយជាពន្លកនយោបាយដែលត្រូវពិចារណាថាតើហេតុផលនយោបាយអ្វីដែលសំអាងថា មេដឹកនាំគណបក្សសង្គ្រោះជាតិ នឹងនាំសង្គ្រាមចូលស្រុក ដូចកាលជំនាន់ក្រុមលោក លន់ នល់/ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ កាន់អំណាច?
មេដឹកនាំគណបក្សសង្គ្រោះជាតិប្រកាន់យកគោលនយោបាយធំៗបីដែលគ្រោះថ្នាក់ដល់ជាតិ គឺ៖
១- នយោបាយអាមេរិកាំងនិយម ដោយយកអាមេរិក ជាចៅហ្វាយនៃនយោបាយកម្ពុជា។ នេះជានយោបាយបំផ្លាញអព្យាក្រិត្យអចិន្ត្រៃយ៍កម្ពុជា។ ដើម្បីយកអាមេរិកជាខ្នងបង្អែកនៃមហិច្ឆិតាអំណាច មេដឹកនាំគណបក្សសង្គ្រោះជាតិ ហ៊ានធ្វើនយោបាយដោះដូរ លក់អធិបតេយ្យភាពជាតិ ដោយបើកដៃឱ្យអាមេរិកយកកម្ពុជាធ្វើជាឈ្នាន់សម្រាប់ត្រួតត្រាតំបន់។ នេះជានយោ​បាយ​នាំសង្គ្រាមចូលស្រុក ជាថ្មីម្តងទៀត ចម្លងតាមក្រុមលោក លន់ នល់/ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ។
២- នយោបាយលាបពណ៌ បញ្ឆេះកំហឹងវណ្ណៈ បំបែកបំបាក់សង្គមជាតិ។ មេដឹកនាំគណបក្សសង្គ្រោះជាតិ ប្រកាន់យកមនោគមន៍វិជ្ជាបញ្ឆេះកំហឹងវណ្ណៈឱ្យអ្នកក្រខឹងអ្នក​​មាន ដែលធ្វើឱ្យសង្គមជាតិបែកបាក់ និងធ្វើនយោបាយលាបពណ៌ឱ្យប្រជាពលរដ្ឋស្អប់រដ្ឋាភិបាល។
៣- នយោបាយប្រឆាំងពូជសាសន៍ គឺមេដឹកនាំគណបក្សសង្គ្រោះជាតិយករឿងប្រវត្តិសាស្ត្រដ៏យូរលង់សម័យសក្តិភូមិនៃការបាត់បង់ទឹកដី មកបញ្ឆេះកំហឹងជាតិនិយមឱ្យខ្មែរជំនាន់ក្រោយស្អប់វៀតណាម។
ដូច្នេះ ប្រជាជនកម្ពុជា ត្រូវប្រកាន់ជំហររឹងមាំថែរក្សាសន្តិភាព ដោយត្រូវរួមគ្នាទប់ស្កាត់ធ្វើយ៉ាងណាកុំឱ្យមេដឹកនាំគណបក្សសង្គ្រោះជាតិ មានឱកាសយកគោលនយោបាយដ៏គ្រោះថ្នាក់នេះ មកអនុវត្តបានឱ្យសោះ ពោលគឺ មិនផ្តល់ការគាំទ្រលើសន្លឹកឆ្នោតដល់គណបក្សសង្គ្រោះជាតិ។ សន្លឹកឆ្នោតរបស់យើងម្នាក់ៗជាពលរដ្ឋ ត្រូវមានកាតព្វកិច្ចធ្វើការសម្រេចចិត្តផ្តល់នូវគុណតម្លៃនៃការថែរក្សាសន្តិភាពយូរអង្វែង ជាមូលដ្ឋាននៃដំណើរការប្រជាធិបតេយ្យ និងការអភិ​វឌ្ឍជាជំហានៗ៕

ប្រភព៖ វិទ្យាស្ថាន ពលរដ្ឋវិជ្ជា


No comments:

Post a Comment