Wednesday, April 26, 2017

ប្រធានអាជ្ញាធរជាតិអប្សរាជួបប្រជុំជាមួយមន្រ្តីរាជការថ្នាក់ដឹកនាំនៃអាជ្ញាធរអប្សរាដើម្បីយល់ច្បាស់អំពីដំណើរការស្ថាប័ននិងការគ្រប់គ្រងរមណីយដ្ឋានអង្គរ

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានថ្មីនៃអាជ្ញាធរជាតិអប្សរា លោកស្រី ភឿង សកុណា នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ បានជួបប្រជុំជាមួយមន្រ្តីរាជការ ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ដើម្បីស្វែងយល់បន្ថែមនូវការងារអនុវត្តជាក់ស្តែងនៃស្ថាប័ន និងការគ្រប់គ្រងនៅរមណីយដ្ឋានអង្គរ។

ជំនួបប្រជុំនេះ ត្រូវបានរៀបចំឡើងនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា និងក៏ជាលើកទី២ផងដែរ បន្ទាប់ពី​អាជ្ញាធរជាតិអប្សរាត្រូវបានរាជរដ្ឋាភិបាលផ្ទេរការគ្រប់គ្រងពីទីស្តីការគណៈរដ្ឋមន្ត្រី ឲ្យស្ថិតនៅក្រោមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

តាមគម្រោងកិច្ចប្រជុំនេះនឹងដំណើរការរយៈពេល២ថ្ងៃ គឺរសៀលថ្ងៃទី២៥ និងព្រឹកថ្ងៃទី២៦ ខែមសា ដែលគ្រប់នាយកដ្ឋាន និងអង្គភាពចំណុះរបស់អាជ្ញាធរជាតិអប្សរាទាំងអស់នឹងលើកឡើងនូវសកម្មភាពការងាររបស់ខ្លួន និងសំណូមពររាល់បញ្ហាលំបាកផ្សេងៗ ដើម្បីដាក់ជូនប្រធានអាជ្ញាធរជាតិអប្សរាដោះស្រាយ៕



No comments:

Post a Comment