Wednesday, April 26, 2017

អភិបាល​ខេត្តកំពង់ធំ៖​ ការបន្តយក​ថ្លៃសេវាសាធារណៈ​ ពីប្រជាពលរដ្ឋ​ ជាទង្វើ​ខុសច្បាប់​ និងព្រមានចាត់វិធានការក្តៅ

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត មានការចូលរួមពីក្រុមការងារ និងបេក្ខជនពេញសិទ្ធិ និងឈរឈ្មោះជាច្រើនរយនាក់ បានព្រមានថា នឹងចាត់វិធានការក្តៅលើមន្ត្រីរាជការ មេឃុំ-ចៅសង្កាត់ណា ដែលនៅតែបន្តយកថ្លៃសេវាសាធារណៈផ្សេងៗ ពីប្រជាពលរដ្ឋ ព្រោះទង្វើនេះជាអំពើខុសច្បាប់ និងគាបសង្កត់ប្រជាពលរដ្ឋ។
លោកថ្លែងដូច្នេះ ក្នុងឱកាសនាំយកថវិការបស់លោកបណ្ឌិត ងួន ញ៉ិល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ ជាង៥០លានរៀល ឧបត្ថម្ភដល់បេក្ខជនដែលឈរឈ្មោះក្រុមប្រឹក្សាសង្កាត់ទាំង៨ ក្នុងក្រុងស្ទឹងសែន ចំនួន១១៤នាក់ និងបេក្ខជនឈរឈ្មោះមកពីឃុំចំនួន៥ ក្នុងស្រុកប្រាសាទសំបូរ ចំនួន៨៨នាក់ សរុបចំនួន២០២នាក់ ដោយម្នាក់ៗទទួលបានថវិកា ចំនួន២០ម៉ឺនរៀល និងជួយឧបត្ថម្ភដល់គណបក្សប្រជាជនក្រុងស្ទឹងសែន ចំនួន១០លានរៀល ឧបត្ថម្ភដល់ទីស្នាក់ការគណបក្សប្រជាជនស្រុកប្រាសាទសំបូរ ចំនួន១០លានរៀល។
លោកបានថ្លែងបន្តយ៉ាងដូច្នេះថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការបញ្ចុះតម្លៃនៃអាត្រាចងការប្រាក់ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗ មិនឲ្យយកសេវាផ្សេងៗពីប្រជាពលរដ្ឋ បញ្ចុះតម្លៃអគ្គិសនី ផ្តល់បណ្ណក្រីក្រដល់ប្រជាពលរដ្ឋ នៅពេលដែលលោកទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ដោយមិនបាច់បង់ប្រាក់។
ហេតុដូច្នេះហើយ បើបុគ្គលណាប្រព្រឹត្តខុសនៅតែបន្តយកលុយថ្លៃសេវាផ្សេង ពីប្រជាពលរដ្ឋទៀត បើរកឃើញនឹងត្រូវមានទោសចំពោះមុខច្បាប់។
លោកអភិបាលខេត្តកំពង់ធំ បានបន្ថែមទៀតថា ផ្លូវគ្រួសក្រហមចំនួន៥ខ្សែ នៅក្រុងស្ទឹងសែន នឹងត្រូវបើកការដ្ឋានសាងសង់ចាក់កៅស៊ូ នៅមុនពេលបោះឆ្នោតជ្រើសរើសឃុំសង្កាត់ខាងមុខនេះ ហើយលោកក៏បានសំណូមពរបេក្ខជន និងក្រុមការងារទាំងអស់ ត្រូវតែពង្រឹងការងាររបស់ខ្លួន ចុះពន្យល់ប្រជាពលរដ្ឋនៅតាមផ្ទះ ឲ្យឈប់ជឿលើការដើរនិយាយភូតកុហក និងសន្យាខ្យល់របស់ជនអគតិមួយចំនួនតូចនោះតទៅទៀត៕

No comments:

Post a Comment