Wednesday, April 26, 2017

ប្រធានក្រុមប្រឹក្សាយុវជនបក្សសង្គ្រោះជាតិ ខេត្តកំពង់ស្ពឺសម្រេចចិត្តដោះអាវ​ និងលាលែងពីដំណែង​ ដោយងាកមក​រួមរស់ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា​

លោក វួក ធួន ប្រធានក្រុមប្រឹក្សាយុវជនគណបក្សសង្គ្រោះជាតិ និងជាបេក្ខជនពេញសិទ្ធិលេខរៀងទី៧ ប្រចាំនៅឃុំកាត់ភ្លុក ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ  បានសម្រេចចិត្តដោះអាវ និងលាលែងពីប្រធានយុវជន និងបេក្ខភាពក្រុមប្រឹក្សាឃុំ ងាកមកចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដោយលើកឡើងថា បក្សប្រឆាំងពុករលួយ បក្ខពួកនិយម សន្យាបានតែមាត់។
ការដែលលោកចាកចេញពីគណបក្សសង្គ្រោះជាតិនេះ ក៏ដោយសារគណបក្សនេះពុករលួយ បក្សពួកនិយម អ្នកធ្វើតិចបានផលច្រើន ឯអ្នកខំប្រឹងគ្មានលុយឱ្យថ្នាក់លើ និងមិនពូកែឯបអបមេកើយ មិនដែលបានផល និងត្រូវគេទុកចោលទៀតផង។
លោកបានបន្តថា ដោយមើលឃើញពីការខិតខំប្រឹងប្រែង របស់គណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍជាតិ និងជាគណបក្សមានសាមគ្គីភាព និងប្រជាធិបតេយ្យផ្ទៃក្នុងខ្ពស់ ទើបលោកសម្រេចចិត្តមករួមរស់ជាមួយ។
ពិធីទទួលសមាជិកបក្សថ្មីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហេង សុខគង់ អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបរសេដ្ឋ ទទួលបន្ទុកឃុំកាត់ភ្លុក និងឃុំភក្តី និងមានការចូលរួមពីសំណាក់លោកវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ ប្រធានក្រុមការងារចុះជួយឃុំកាត់ភ្លុក លោកវេជ្ជបណ្ឌិត ស៊ឹម ពិសិដ្ឋ សមាជិកក្រុមការងារចុះជួយស្រុកបរសេដ្ឋ តំណាងគណបក្សស្រុកបរសេដ្ឋ ប្រធាន-អនុប្រធានគណបក្សឃុំ ភូមិ និងគណៈចលនាបោះឆ្នោតឃុំ ភូមិ ទាំង១១ភូមិ នៃឃុំកាត់ភ្លុក។
លោក ហេង សុខគង់ បានស្វាគមន៍ចំពោះការចូលមករួមរស់ជាគ្រួសារតែមួយ ជាមួយគណបក្សប្រជាជនកម្ពុជា លោកបានកោតសរសើរ ចំពោះស្មារតីភ្ញាក់រលឹកទាន់ពេលវេលារបស់ លោក វួក ធួន និងបានបញ្ជាក់ជូនដល់អង្គពិធីទាំងមូល ដែលនេះគឺជាសញ្ញាណបង្ហាញឱ្យកាន់តែច្បាស់លាស់ នៃបែបផែនការងាររបស់គណបក្សប្រឆាំង ដែលតែងអួតខ្លួនឯងថា ជាគណបក្សប្រជាធិបតេយ្យ បម្រើរាស្រ្ត និងបម្រើសង្គមនោះ តែធាតុពិតគឺបម្រើបក្សពួក បម្រើក្រុមគ្រួសារខ្លួន និងបម្រើមហិច្ឆតាក្រុមខ្លួនមួយក្តាប់តូច។
លោកបានបញ្ជាក់ថា កម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  មានសុខសន្តិភាព និងសុវត្ថិភាពពេញលេញ ប្រកបដោយការអភិវឌ្ឍឥតឈប់ឈរ បើបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា កម្ពុជានឹងបន្តនូវសុខសន្តិភាព និងភាពរីកចម្រើននេះ កាន់តែខ្លាំងឡើងថែមទៀត តែបើបោះឱ្យគណបក្សផ្សេង ហាក់ដូចជាយកអាយុជីវិតខ្លួនឯង គ្រួសារយើង និងសង្គមជាតិយើង ទៅផ្សងព្រេងដោយមិនដឹងគោលដៅ និងអនាគតពិតប្រាកដ៕



No comments:

Post a Comment