Wednesday, April 26, 2017

ក្រសួងឧស្សាហកម្ម និងសិប្បកម្មពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងថែមទៀត ជាមួយ ADB លើការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា

កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ក្នុងជំនួបរវាងលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយក្រុមបេសកកម្មកម្មវិធីក្នុងប្រទេសឆ្នាំ ២០១៧ (2017 Country Programming Mission) នៃធនាគារអភិវឌ្ឍន៍អាស៊ី ADB ដឹកនាំដោយលោក Samiuela Tukuafu ប្រធានធនាគារអភិវឌ្ឍអាស៊ីប្រចាំកម្ពុជា នៅទីស្តីការក្រសួង។ ដៃគូសន្ទនា បាន ផ្តោតការយកចិត្តទុកដាក់ជាសំខាន់ ពីគម្រោងដែលក្រសួងឧស្សាហកម្ម និងសិប្បកម្ម កំពុងអនុវត្ត និងបណ្តាគម្រោងនានា ដែលគ្រោងស្នើសុំនាពេលអនាគត ទាក់ទងនឹងវិស័យផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា។
ក្នុងឱកាសនោះ ADB បានលើកឡើងពីផែនការកម្មវិធីក្នុងប្រទេសរបស់ខ្លួនសម្រាប់អនុវត្តនៅកម្ពុជា រួមមាន ៖
-ឆ្នាំ២០១៧ គ្រោងនឹងចុះកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងទឹកស្អាត និងអនាម័យខេត្ត ដែលមានទំហំថវិការឥណទានរបស់ADB ចំនួន ៥០ លានដុល្លាអាមេរិក។
-ឆ្នាំ២០១៧ គម្រោងអភិវឌ្ឍដៃគូរវាងរដ្ឋ និងឯកជន (PPP)
-ឆ្នាំ២០១៨ គម្រោងជំនួយបច្ចេកទេស ដែលមានថវិកា ជាជំនួយឥតសំណងប្រមាណ ១,៥ លានដុល្លារអាមេរិកសម្រាប់សិក្សារៀបចំគម្រោងទឹកស្អាត និងអនាម័យដំណាក់កាលទី២
-ឆ្នាំ២០២០ គ្រោងនឹងអនុម័តគម្រោងទឹកស្អាត និងអនាម័យខេត្តជំហ៊ានទី២ ដែលមានថវិកា របស់ADB ចំនួន ៥០ លានដុល្លារអាមេរិក។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសាទរនូវគម្រោងបេសកកម្មកម្មវិធី របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB និងស្នើឲ្យADB ផ្តល់សារៈសំខាន់ចំពោះគម្រោងអភិវឌ្ឃន៍ជាអាទិភាពមួយចំនួន រួមមានៈ
-រោងចក្រទឹកស្អាតនៅខេត្តស្ទឹងត្រែង ដែលបច្ចុប្បន្ននៅប្រើបំពង់បណ្តាញចាស់តាំងពីជំនាន់បារាំង កំពុងមានបញ្ហាធ្លាយលេចជាច្រើនកន្លែង ដែលតម្រូវឲ្យមានការផ្លាស់ប្តូរថ្មី និងកែតម្រូវប្រព័ន្ធដទៃទៀត
-គម្រោងផ្គត់ផ្គង់ពង្រីកវិសាលភាពទឹកស្អាត នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលជាទីប្រជុំជនជាប់ព្រំដែន មានសកម្មភាពពាណិជ្ជកម្មមមាញឹក ជាពិសេសជាតំបន់សេដ្ឋកិច្ចពិសេស ប្រមូលផ្តុំដោយរោងចក្រ សហគ្រាស និងកម្មករ និងគម្រោងពង្រីកសេវាគ្របដណ្តប់បណ្តាញផ្គត់ផ្គង់ទឹកស្អាត នៅខេត្តសៀមរាប ដែលជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់របស់ពិភពលោក៕

No comments:

Post a Comment