នៅក្នុងជំនួបរវាងលោក ហេង សំរិន ប្រធានរដ្ឋសភា និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២៥ ខែមេសា នៅវិមានរដ្ឋសភា ភាគីទាំងពីរបានឯកភាពគ្នាអញ្ជើញអ្នកជំនាញព្រំដែនប្រទេសបារាំងដើម្បីឲ្យមកជួយពិនិត្យ និងចូលរួមបោះបង្គោលព្រំដែនកម្ពុជា និងវៀតណាមដែលនៅសល់ប្រមាណ១៦ភាគរយអោយបានចប់រួចរាល់នៅពេលឆាប់ៗខាងមុខនេះ។
លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យលោក ហេង សំរិន បានឱ្យដឹងថា ក្រោយពីបញ្ចប់ជំនួបនោះ ប្រមុខរដ្ឋាភិបាលវៀតណាម និងលោក ហេង សំរិន បានបង្ហាញពីការខិតជិតគ្នាដើម្បីស្វែងរកវិធីសាស្រ្តក្នុងចូលរួមដោះស្រាយបញ្ហាដែលនៅជាប់គាំងមួយចំនួនដែលធ្វើឲ្យការបោះបង្គ្រោលព្រំដែនមិនទាន់បានឯកភាពគ្នា។
សូមរំលឹកផងដែរថា ព្រំដែនកម្ពុជា វៀតណាម មានបណ្តោយ១២៧០គីឡូម៉ែត្រ ក្រុមបច្ចេកទេសនៃប្រទេសទាំងពីរ បានបោះបង្គោលព្រំដែនបានប្រវែងជិត១០០០គីឡូម៉ែត្រស្មើនឹងប្រវែង៨៤ភាគរយហើយ នៅសល់តែជាង១៦%ទៀតប៉ុណ្ណោះ។
ដោយឡែកទាក់ទងទៅនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មវិញ ភាគីទាំងពីរបានឯកភាពគ្នាជំរុញទំហំពាណិជ្ជកម្មអោយបានដល់គោលដៅ ៥ពាន់លានដុល្លានៅពេលឆាប់ៗខាងមុខនេះ។
ក្នុងជំនួបនោះដែរភាគីទាំងពីរបានលើកឡើងពីការរៀបចំរំលឹកខួបនៃទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម ៕

No comments:
Post a Comment