Wednesday, March 01, 2017

អភិ​បាលរាជ​ធានីភ្នំ​ពេញ កែប្រែតំបន់​ត្រពាំង​ឈូក​ពីប្លុក​គ្រឿងញៀន​ទៅ​ជាតំបន់​​មាន​សណ្តាប់​ធ្នាប់ និង​អភិវឌ្ឍ

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញសម្រេចកែលំអតំបន់ត្រពាំងឈូក ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឱ្យទៅជាតំបន់ដែលមានសណ្តាប់ធ្នាប់រៀបរយល្អទំាងលំនៅដ្ឋាន និងអនាម័យបរិស្ថានឱ្យកាន់តែល្អ បន្ទាប់ពីតំបន់នេះ ត្រូវបានបោសសំអាតបញ្ហាគ្រឿងញៀនរួចរាល់។
ក្នុងឱកាសចុះត្រួតពិនិត្យតំបន់ត្រពាំងឈូកបន្ទាប់ពីសមត្ថកិច្ចបានបោសសំអាតបញ្ហា សេពគ្រឿងញៀន ចែកចាយ ជួញដូរគ្រឿងញៀនចប់រួចរាល់នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា សាលារាជធានីភ្នំពេញ នឹងចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋនៅតំបន់នេះ ដើម្បីរុះរើលំនៅដ្ឋានបន្ថែម ហើយស្តារសំរាម ទឹកលូឱ្យបានស្អាតនៅពេលឆាប់ៗនេះ សំដៅអភិវឌ្ឍតំបន់នេះឱ្យបានល្អឡើងវិញ។
លោកបញ្ជាក់ថា ដើម្បីប្រែក្លាយតំបន់នេះឱ្យបានល្អតាមការគ្រោងទុកនោះ អាជ្ញាធរ នឹងចុះធ្វើជំរឿនស្ថិតិឡើងវិញពីចំនួនប្រជាពលរដ្ឋ និងខ្នងផ្ទះនីមួយៗ ហើយធ្វើសល្កបត្រដីធ្លី អំពីផ្ទះសម្បែងរបស់ពួកគេឱ្យបានច្បាស់លាស់ ហើយប្រើរូបមន្តស្រុះស្រួលគ្នា ដោយមិនប្រើអំណាចរដ្ឋបាលឡើយ។
ការកែប្រែតំបន់នេះ ធ្វើឡើងខណៈដែលទីនេះមានលក្ខណៈស្មុគស្មាញហើយ មានបទល្មើសផ្សេងៗ កើតឡើងជារឿងៗ ជាពិសេសបញ្ហាគ្រឿងញៀន ដែលធ្វើឱ្យអាជ្ញាធរពិបាក គ្រប់គ្រងហើយបង្ករជាក្តីបារម្ភពីបញ្ហាសន្តិសុខសុវត្ថិភាពចំពោះប្រជាពលរដ្ឋ៕

No comments:

Post a Comment