Wednesday, March 01, 2017

លិខិតមិត្តអ្នកអាន៖ ទន្សាយក៏រួច ត្រីរ៉ស់ក៏រួច !

ការលាលែងដ៏ស្លន់ស្លោរបស់ សម រង្ស៊ី ពីប្រធានគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ បានធ្វើឱ្យគណបក្សនេះកំពុង ប្រឈមនិងវិបត្តិធ្ងន់ធ្ងរ ពិសេសគឺ វិបត្តិក្បាលម៉ាស៊ីនដឹកនាំ បូកបន្ថែមនិងការជ្រួលច្របល់ និងការដណ្តើមអំណាចគ្នា នៅក្នុងបក្ស ទាំងថ្នាក់លើ ទាំងថ្នាក់កណ្តាល ទាំងថ្នាក់ក្រោម។ ទីបំផុតដោយមិនអាចរង់ចាំបាន រហូតដល់ខែមេសា ឆ្នាំ២០១៧ ដើម្បីធ្វើសមាជបក្សគណបក្សសង្រ្គោះជាតិ បានសម្រេចធ្វើ សមាជវិសាមញ្ញមុនកាលកំណត់ គឺនៅថ្ងៃទី០២ ខែមីនាខាងមុខនេះ ដើម្បីជ្រើសរើសប្រធានបក្ស និងអនុប្រធាន
បក្សឡើងវិញ។ លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សនៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រូវបានផ្ទៃក្នុងបក្សបង្ហាញឱ្យដឹងថា គណបក្សសង្គ្រោះជាតិសម្រេចយករូបមន្ត«ប្រធាន ១ អនុប្រធាន ៣» ក្នុងនោះ កឹម សុខា និងឈរបេក្ខភាពជាប្រធានបក្ស ប៉ុល ហំម មូរ សុខហួរ និង អេង ឆៃអ៊ាង ឈរជាបេក្ខជនអនុប្រធាន។ ចំណែក យឹម សុវណ្ណ សម្រេចមិនឈរឈ្មោះធ្វើជាអនុប្រធានបក្សទេ។
សម រង្ស៊ី បានប្រាប់ទៅយឹម សុវណ្ណ នៅក្នុងសារបែកធ្លាយថារូបមន្តប្រធាន១ អនុប្រធាន៣ គឺល្អណាស់ ដែលអាចជួយឱ្យគណបក្សចៀសពីការរំលាយ និងរកអ្នកដែលមិនជាប់ពាក់ព័ន្ធនឹងរឿងក្តីក្តាំក្នុងតុលាការ។ ប៉ុន្តែនៅក្នុងចំណោមអនុប្រធានទាំងបីនាក់គឺមានម្នាក់កំពុងជាប់រឿងក្តីនៅតុលាការ ក្នុងសំណុំរឿងកុបកម្មរំដោះទីលានប្រជាធិបតេយ្យ ជាមួយ មាជ សុវណ្ណារ៉ា ទៀត ហើយត្រូវបានកម្លាំងសមត្ថកិច្ច ចាប់វាយខ្នោះឃុំឃាំងម្តងរួចមក ហើយ។ ចុះបើ មាជ សុវណ្ណារ៉ា កំពុងត្រូវជាប់ចោទ បានសម្រេចលាលែងពីសមាជិកគណៈកម្មាធិការនាយក ដើម្បីសង្គ្រោះបក្ស ចុះ មូរ សុខហួរ ដែលប្រឈមមុខនិងការចោទប្រកាន់ដូចគ្នា ហេតុអ្វីមិនលាលែងដូច ម៉ាជ សុវណ្ណារ៉ាដែរទៅ? ហេតុអ្វីបាន ជានៅក្រាញននៀលដណ្តើមតំណែង ជាអនុប្រធានបក្សធ្វើអ្វី? ដូច្នេះក្នុងចំណោមអនុប្រធានបក្សនេះ មូរ សុខហួរ គឺជាមនុស្សនៅមានជាប់បណ្តឹងនៅតុលាការ ហើយងាយនិងបង្កហានិភ័យ គ្រប់ពេលចំពោះគណបក្សសង្គ្រោះជាតិ។ បើយកល្អ មូរ សុខហួរ គួរតែក្លាហានលាលែងពីសមាជិកជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងហ៊ានក្លាហានបោះបង់ តំណែងជាអនុប្រធានគណបក្សចោល ដើម្បីសង្គ្រោះបក្សដូចលោកប្រធានខ្លួនដែរ។
កាលដែលសម្រេចដាក់ មូរ សុខហួរ ជាបេក្ខជនអនុប្រធាននេះ ក៏មិនអាចស្រោចស្រង់បក្សបានឡើយ ហើយម្យ៉ាងទៀតក្នុងចំណោមអនុប្រធានបក្ស មកពីក្រុម សម រង្ស៊ី គឺសុទ្ធតែគីឡូអន់ទាំងអស់។ ថា មូរ សុខហួរ ជាប់បណ្តឹងនៅតុលាការ បើ អេង ឆៃអ៊ាង វិញលើកមកធ្វើជាអនុប្រធានបក្ស ក៏ពិបាកព្រោះមានរឿងអាស្រូវផ្លូវភេទផង និងជាអ្នកញៀនល្បែងស៊ីសងផង។ កុំថាឡើយអាចទប់ទល់នឹងឥទ្ធិពលរបស់លោក កឹម សុខា អនុប្រធានបក្ស ពីររូបនេះមិនអាចទប់នឹង ប៉ុល ហំម បានផង។ ប៉ុល ហំម គឺជាមនុស្សទី២ បន្ទាប់ពី កឹម សុខា និងជាអ្នករៀបយុទ្ធសាស្រ្តជាមួយក្រុម យ៉ែម ប៉ុញ្ញាឬទ្ធិ ដើម្បីឱ្យ កឹម សុខា បានឈរជើងនយោបាយក្នុងគណបក្សប្រឆាំង និងក្តោបក្តាប់គណបក្សនេះទៅតាមស្ថានភាពជាក់ស្តែង។ ខាង កឹម សុខា គឺស្ថិតក្នុងស្ថានភាពដូចត្រូវឆ្នោតអញ្ចឹង។
ដូច្នេះបើសិនជាព័ត៌មាននេះជាការពិត សម រង្ស៊ី មិនត្រឹមតែលាលែងដើម្បីសង្គ្រោះបក្សដោយគ្មានន័យទេ ប៉ុន្តែបានបាត់បង់បក្សទាំងមូលតែម្តង ព្រោះកឹម សុខា បានគ្រប់គ្រងបក្ស ហើយ ប៉ុល ហំម មកពីក្រុម កឹម សុខា ជាអនុប្រធានមានឥទ្ធិពល ខណៈ មូរ សុខហួរ វិលវល់ក្នុងបណ្តឹង អេង ឆៃអ៊ាង ងប់នឹងល្បែងស្រីស្រា។ តើឱ្យក្រុម សម រង្ស៊ី សង្ឃឹមអ្វី? ដូច្នេះបើបេក្ខភាព មូរ សុខហួរ មិនត្រូវបានគិតពិចារណាឡើងវិញទេ អាចបក្សសង្គ្រោះ ជាតិ នៅតែប្រឈមមុខនឹងរឿងក្តីក្តាំដដែលដោយសារតែបុគ្គល មូរ សុខហួរ អាចនាំចង្រៃដល់អ្នកផ្សេង ឬអាចដល់បក្សទាំងមូល។ ដូច្នេះក្រុម សម រង្ស៊ី ពិតជាពិបាកថា តើត្រូវរកមនុស្សណាដែលអាចបំពេញតំណែងនេះបាន។ ឯ យឹម សុវណ្ណ វិញ មានរឿងអាស្រូវផ្លូវភេទផិតក្បត់ល្បីល្បាញពេក ហើយ មនុស្សក្នុងបក្ស មិនសូវចូលចិត្តទៅទៀត។ យឹម សុវណ្ណ ត្រូវមន្ត្រី សម រង្ស៊ី និយាយថាជាមនុស្សដប់គត់ និងមិនអាចទប់ជាមួយ កឹម សុខា បានទេ។ ដើម្បីកុំឱ្យមានភាពប្រទាំងប្រទិស យឹម សុវណ្ណ ក៏យកលេសថា ខ្លួនមិនចង់ធ្វើប្រធានបក្សទេ។ តើនរណាអាចត្រូវជំនួសបេក្ខភាព មូរ សុខហួរ បើបក្សសម្រេចចិត្តមិនគាំទ្រឱ្យធ្វើជាបេក្ខភាពអនុប្រធានគណបក្ស ដើម្បីបោះឆ្នោតនៅក្នុងសមាជថ្ងៃទី២ មីនាទេនោះ?
ដើររកក្នុងបក្សសង្រ្គោះជាតិយូរៗទៅកាន់តែអត់ឃើញទៅ រកតែអ្នកគ្រាន់បើមួយមកធ្វើថ្នាំក៏មិនបានហើយ ចុងក្រោយគេអាចសំឡឹងឃើញ អ្នកនៅក្រៅឆាក ក្រៅបក្សសង្រ្គោះជាតិ ឈប់ធ្វើនយោបាយឱ្យមកជួយទប់ជាមួយ កឹម សុខា ទៅវិញ ហើយគិតថា ជាថ្នាំយិនស៊ិនរយឆ្នាំសម្រាប់ក្រុម សម រង្ស៊ី! លោក គង់ គាំ ដែលមិនមែនជាសមាជិកគណៈកម្មាធិការនាយក ឬសមាជិកគណបក្សសង្រ្គោះជាតិ និងបានស្បថលាឈប់ធ្វើ នយោបាយពីប្រធានបែបទីម៉ោង នៃគណបក្ស សម រង្ស៊ី ក៏ត្រូវបានគេគិតពិចារណាដែរ សម្រាប់បេក្ខភាពបម្រុងសម្រាប់តំណែងអនុប្រធាន
គណបក្សសង្រ្គោះជាតិក្នុងករណីដែលបេក្ខភាពណាមួយត្រូវបានច្រានចោល ប្រហែលអាចជាគេគិតថា ជាមនុស្សទី២ នៅក្នុងគណបក្សសម រង្ស៊ី ស្រាប់។
គិតយូរៗទៅ បើមិនសើចមិនបាន ព្រោះវាអស់សំណើចជាងអាយ៉ៃនាយ ព្រហ្ម ម៉ាញ ទៅទៀត! ចុះឥស្សរជនគ្រាក់ៗរបស់ក្រុម សម រង្ស៊ី ទៅណាអស់ហើយ ឬនៅក្នុងគណបក្សសង្រ្គោះជាតិ មានតែក្រុម កឹម សុខា ទេ ដែលមានសមត្ថភាពខ្លាំង? ប៉ុន្តែម្យ៉ាងដែរ បើចុងក្រោយដោយ សារតែគេពិនិត្យឃើញថា បេក្ខភាព មូរ សុខហួរ សម្រាប់អនុប្រធានបក្សអាចបង្កបញ្ហាដល់បក្សទាំងមូល គេអាចនឹងងាកមករក លោក គង់ គាំ ហើយបើមែននោះ គឺជាសេណារីយ៉ូរបស់ក្រុម សម រង្ស៊ី រៀបទប់ជាមួយ កឹម សុខា មែន! ប៉ុន្តែ វាជារឿងមិនទំនង ហើយតើសេះជរា ដែលបានលាចាក ពីពិភពគុណទៅហើយនោះ នៅអាចរត់ប្រណាំងជាមួយសេះខ្លាំង ដែលមានសមត្ថភាពមួយយប់ ដល់ទៅពីរដងបានដូចម្តេច? ប៉ុន្តែទោះចង់ឬមិនចង់ គង់ គាំ ក៏ដូចជា សម រង្ស៊ី ជាអ្នកនយោបាយចាញ់ចាស់វស្សា។
តែសំខាន់ទោះបីជាដាក់នរណាចូលក៏ដោយ ក៏មិនអាចទប់ទល់យីអ៊ុនរបស់ កឹម សុខា និងក្រុមរបស់គាត់ ដែលទេវតាប្រទានឱ្យនោះឡើយ។ ហេហេ! មិនត្រឹមតែកឹម សុខា ទេ ដែលមានយីអ៊ុនឡើង សូម្បីអ្នកដើរតាមក៏បានសើមមាត់សើមកដែរ រីឯក្រុម សម រង្ស៊ី និងអ្នកដើរតាមក៏យីអ៊ុនធ្លាក់តាម មេដឹកនាំខ្លួនដែរ! ដូចពាក្យចាស់និយាយថា «ទន្សាយក៏រួច ត្រីរ៉ស់ក៏រួច!»៕
ប្រពភ Freshnew ៖

No comments:

Post a Comment