Wednesday, March 01, 2017

លោក ចម ប្រសិទ្ធ ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ជប៉ុន លើគ​ម្រោងបង្កើត​​ប្រព័ន្ធ​ប្រព្រឹ​ត្តិកម្មទឹ​កស្អាតថ្មី​ក្រុងតា​ខ្មៅ

ភ្នំពេញ៖ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៧ បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រតិភូតំណាងការិយាល័យទឹកស្អាត និងទឹកកខ្វក់នៃទីក្រុង kitakyushu ប្រទេសជប៉ុន ដោយផ្តោតការយកចិត្តទុកដាក់ទៅលើ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតថ្មី សម្រាប់ផ្គត់ផ្គង់សង្កាត់ចំនួន០៦ ក្នុងក្រុងតាខ្មៅ តាមរយៈគម្រោងជំនួយថ្មីរបស់រាជរដ្ឋាភិបាលជប៉ុន។
លោក Osamu ISAYAMA នាយកប្រតិបត្តិ និងជាប្រធានគណៈប្រិភូ បានជម្រាបជូនថា៖ គម្រោងជំនួយថ្មីរបស់រាជរដ្ឋាភិបាលជប៉ុននេះ ត្រូវដាក់ទុនវិនិយោគជាមួយក្រុមហ៊ុនជប៉ុនមួយ ដែលនឹងបង្កើតឡើង ហៅថាក្រុមហ៊ុន SPC (Special Purpose Company) មានកាតព្វកិច្ច សាងសង់ ប្រតិបត្តិការ និងថែរក្សា ។ ឯភាគីកម្ពុជា ជាអ្នកផ្តល់ទីតាំង និងប្រភពទឹក។ តាមផែនការ និងបញ្ចប់គម្រោងសាងសង់ និងដាក់ឱ្យដំណើរការរោងចក្រនៅឆ្នាំ២០២០ ដោយយកប្រភពទឹកពីទន្លេបាសាក់ មានសមត្ថភាពផលិតជាបណ្តើរៗរហូត បាន ៣ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ២០៣០។ បន្ទាប់ពីដំណើការរយៈពេល ១០ឆ្នាំ និងប្រគល់ឱ្យភាគីកម្ពុជាជាអ្នកប្រតិបត្តិការវិញ។
លោក ចម ប្រសិទ្ធ បានស្វាគមន៍ចំពោះគម្រោងនេះ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់អ្នកជំនាញទឹកស្អាតមកពីទីក្រុង kitakyushu តែលោកសូមស្នើថា ពេលគម្រោងនេះចាប់ដំណើរការភ្លាមគឺត្រូវ មានសមត្ថភាពផលិតឱ្យបាន ៣ម៉ឺនម៉ែត្រគូបតែម្តង មិនចាំបាច់ដល់ឆ្នាំ២០៣០ទេ ពីព្រោះកំណើនប្រជាជន និងតម្រូវការប្រើប្រាស់តាមល្បឿនសេដ្ឋកិច្ចរបស់ជាតិ ពិតជាលូតលាស់លឿនណាស់។ ម៉្យាងគោលដៅរបស់រដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញ ដែលនឹងត្រូវជាវដុំពីការផលិតទឹកស្អាតរបស់គម្រោងក្រុមហ៊ុនជប៉ុននេះ គឺមិនត្រឹមផ្គត់ផ្គង់គ្របដណ្តប់ត្រឹម ០៦ សង្កាត់ប៉ុណ្ណោះទេ និងត្រូវពង្រីកតំបន់ជុំវិញនោះជាច្រើនទៀត ជាពិសេសតំបន់ភាគខាងលិចរាជធានីភ្នំពេញ។
ទោះជាយ៉ាងណាលោក ចម ប្រសិទ្ធ បានស្នើដល់ភាគីជប៉ុនពិភាក្សាលំអិតផ្នែកបច្ចេកទេស ជាមួយអ្នកជំនាញនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីឱ្យប្រាកដថា តម្លៃទឹកលក់ដុំមកឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវមានតម្លៃថោកជាងតម្លៃលក់រាយបច្ចុប្បន្ន ជៀសវាងលក់ក្នុងតម្លៃថ្លៃ ដែលធ្វើប៉ះពាល់ដល់កម្រិតជីវភាពប្រជាពលរដ្ឋ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ និងចាត់ទុកទឹកស្អាតជាវិស័យអាទិភាពក្នុងការលើកកម្ពស់សុខមាលភាព និងការកាត់បន្ថយភាពក្រីក្រ៕


No comments:

Post a Comment