Wednesday, March 01, 2017

អង្គភាព​ប្រឆាំងអំពើ​ពុករ​លួយ ទាត់ចោល​របាយការណ៍​របស់អង្គការ​តម្លាភាព​អន្តរជាតិ​

ភ្នំពេញ៖ លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ពីការចេញរបាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិធ្វើឡើងដោយគ្មានអព្យាក្រិត្យ គ្មានមូលដ្ឋានច្បាស់លាស់ដោយដើរសួរតែមនុស្សដែលគ្មានមូលដ្ឋានច្បាស់លាស់និងមានទំនោរទៅកាន់និន្នាការនយោបាយ ។
លោក ឱម យិនទៀង បានបញ្ជាក់ថា របាយការណ៍នេះធ្វើឱ្យបរិយាកាសមិនល្អនៃការបោះឆ្នោតនៅកម្ពុជា និងបង្កបរិយាកាសអាប់អួរដល់សង្គម ។
លោក ឱម យិនទៀង បានប្រៀបធៀបការចេញរបាយការណ៍នេះទៅនឹងសុភាសិតខ្មែរ ថា ពេលក្រពើក្នុងទឹកបងមិនហ៊ានចាប់ ដល់ក្រពើងាប់ស្រាប់ ទើបបងចាប់ឱ្យស្រីមើល ខណៈដែលរាជរដ្ឋាភិបាលបានធ្វើនិងចេញជាផ្លែផ្ការួចទៅហើយដូចជា សេចក្តីព្រាងច្បាប់ស្តីពីការការពារបុគ្គលរាយការណ៍ និងសាក្សី។
ការច្រានចោលការចេញរបាយការណ៍នេះ ធ្វើឡើងខណៈអង្គការតម្លាភាពអន្តរជាតិ នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់រាជធានីភ្នំពេញ បានបង្ហាញរបាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦ ដែលបង្ហាញថាមន្ត្រីតុលាការប៉ូលីស និងមន្ត្រីរដ្ឋាភិបាលបានប្រព្រឹត្តអំពើពុករលួយជាងគេ។
ពោលគឺមន្ត្រីតុលាការ៥៩ភាគរយ ប៉ូលីស៥២ភាគរយ និងមន្ត្រីរដ្ឋាភិបាល៤៤ភាគរយ។
តែទោះជាយ៉ាងនេះក្តី របាយការណ៍ដដែលនេះបានបង្ហាញភាពវិជ្ជមានថាអំពើសូកប៉ាន់បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ទាក់ទងនឹងការប្រើប្រាស់សេវាសាធារណៈ ដូចជា ការធ្វើអត្តសញ្ញាណប័ណ្ណ បញ្ជីអត្រានីកូលដ្ឋាន មន្ទីរពេទ្យរដ្ឋ សាលារៀនរដ្ឋ សេវាទឹកស្អាតនិងអនាម័យ និងអគ្គិសនីរដ្ឋ ជាដើម៕

No comments:

Post a Comment