Wednesday, March 01, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គាំទ្រ និងលើកទឹកចិត្តដល់អ្នកផលិតសាស្រ្តាស្លឹករឹទ្ធ វ័យក្មេងក្នុងខេត្តសៀមរាប

(សៀមរាប)៖ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ លោក ហ៊ុន សែន បានផ្តល់កិត្តិយសឱ្យអ្នកនាង ភឿន ផាវី អាយុ៣០ឆ្នាំ និងម្តាយ រួមទាំងកូនតូច បានចូលជួបសំដែងការគួរសម និងលើកទឹកចិត្តចំពោះអ្នកនាងដែលចេះចារសាស្ត្រាស្លឹករឹទ្ធ ដែលស្ទើតែបាត់បង់អស់ទៅហើយនោះ។
លោក ហ៊ុន សែន រីករាយសាទរ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ អ្នកនាង ភឿន ផាវី ក្នុងការចារផលិតសាស្ត្រាស្លឹករឹទ្ធឡើងវិញនៅក្នុងខេត្តសៀមរាបនេះ។
លោកបានគាំទ្រ និងលើកទឹកចិត្តដល់គាត់ក្នុងការផលិតសាស្រ្តាស្លឹករឹទ្ធឡើងវិញ និងបង្កើនការបណ្តុះបណ្តាលសិស្សានុសិស្សឱ្យចេះដឹងបានច្រើនដើម្បីរក្សាតម្លៃមរតកវប្បធម៍ខ្មែរ។
ការផលិតសាស្ត្រាស្លឹករឹទ្ធថ្មីនេះ គឺជាការគិតគូរមួយ ដើម្បីរក្សាទុកសម្រាប់កូនចៅជំនាន់ក្រោយអោយបានស្កាល់ថាជាស្នាដៃរបស់ខ្មែរ។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឱ្យអ្នកនាង ភឿន ផាវី ប្រឹងប្រែងដុសខាត់សមត្ថភាពឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីធ្វើឱ្យការផលិតស្លឹករឹទ្ធនេះកាន់តែមានគុណភាពល្អ។
លោក បានណែនាំឱ្យអ្នកផលិតស្លឹករឹទ្ធវ័យក្មេងរូបនេះប្រមូលផ្តុំអ្នកដែលធ្លាប់មានបទពិសោធន៍ ឬសមត្ថភាពធ្វើសាស្ត្រាស្លឹករឹទ្ធ ដើម្បីចូលរួមជាមួយគ្នាធ្វើឱ្យសង្វាក់នៃការផលិតសាស្ត្រាស្លឹករឹទ្ធបានឆាប់លឿននិងកាន់តែច្រើន។ ដើម្បីគាំទ្រ លើកទឹកចិត្តដល់អ្នកផលិតស្រ្តាស្លឹករឹទ្ឋ និងថែរក្សានូវកេរ្តិ៍មរតកដូនតាយើងអោយបានគង់វង្ស លោក ហ៊ុន សែន បានធានាទិញសាស្ត្រាស្លឹករឹទ្ធដែលផលិតបានទាំងអស់ក្នុងតម្លៃទ្វេជាពីរ។
តាមធម្មតាសាស្ត្រាស្លឹករឹទ្ធមួយច្បាប់លក់ក្នុងតម្លៃ ១២,០០០រៀល ប៉ុន្តែ លោក ហ៊ុន សែន ទទួលទិញក្នុងតម្លៃ ២៥,០០០រៀល។ តាមរយៈការធានាទទួលទិញរបស់លោក ហ៊ុន សែន គឺនឹងធ្វើឱ្យគ្រួសាររបស់អ្នកនាង ផាវី មានការងារធ្វើកាន់ តែច្រើនឡើង ព្រមទាំងទទួលបាននូវប្រាក់ចំណូលសមរម្យដែលនឹងជួយសម្រួលដល់ជីវភាពរស់នៅរបស់គ្រួសារអ្នកនាងអោយកាន់តែប្រសើរឡើង៕



No comments:

Post a Comment