Wednesday, March 01, 2017

គិតតែលើការប្រឆាំងការជួញដូរកុមារ និងពលកម្មកុមារ តើមានដែលគិតដល់សិទ្ធិរស់រានមានជីវិតរបស់កុមារដែរឬទេ?

នៅព្រឹកថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងជាសំណួរថា គិតតែលើការប្រឆាំងការជួញដូរកុមារ និងពលកម្មកុមារ តើមាន​ដែលគិតដល់សិទ្ធិរស់រានមានជីវិតរបស់កុមារដែរឬទេ? ។ លោក បានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីការអភិវឌ្ឍន៍​​​ កុមារតូច ដែលរៀបចំដោយ ក្រសួងអប់រំយុវជន និងកីឡា នៅសណ្ឋាគារអង្គរអេរ៉ា ខេត្តសៀម​រាប។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងសម្រាប់ជាការពិចារណា​ និងធ្វើការថ្កោល​ទោស​​​ចំពោះ​ប្រទេស​ដែល​នាំកងទ័ពឈ្លានពានគេ សម្លាប់កុមារ ដែលមិនត្រឹមតែ​នៅក្នុង​ប្រទេ​ស​​​របស់គេនោះទេ ថែមទាំងប្រទេសខ្លួនឯងផងដែរ។ លោក ក៏បានលើកឡើងថា កុំខ្លា​ច​ពួក​​ចក្រ​​ពត្តិនិយមដែលបាន និង​កំពុង​​ឈ្លានពានប្រទេសគេ និងសម្លាប់កុមារជាច្រើន​នៅ​ប្រ​ទេស​​​អ៊ីរ៉ាក់ លីប៊ី និងស៊ីរីជាដើម។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ក៏បានបញ្ជាក់ថា លោក ក៏ធ្លាប់ជាកុមាររងគ្រោះ ក្រោមរបបអាណានិគមនិយមបារាំង នៅពេលដែលមានសង្គ្រាមតស៊ូដណ្តើមឯករាជ្យ។ ក្រោយ​​​​មកទៀត លោក បានរងគ្រោះដោយសារការឈ្លានពាន ពីកងទ័ពចក្រពត្តិអាមេរិក ដែល​​​​បានទម្លាក់គ្រាប់បែក​​សម្លាប់កុមារជាច្រើននៅក្នុងប្រទេសកម្ពុជា និងឥណ្ឌូចិន។ ដោយ​សារ​ជាតិ​​គីមី​ពី​សង្រ្គាមធ្វើឱ្យកុមារខ្វះទម្ងន់ ឆែបមាត់ ពិការ ដែលគួរតែត្រូវបាន​ថ្កោលទោស​  ផ​ង​​​​ដែរ។
លោក ហ៊ុន សែន ក៏បានបញ្ជាក់ថា សហរដ្ឋអាមេរិក បានសម្លាប់គេជាច្រើន ហើយមក​តាំង​ខ្លួន​ធ្វើជា​គ្រូប្រដៅគេទៀត នៅប្រទេសគេសោះ ហ៊ានចេញរបាយការណ៍​ពីការរំលោភសិទ្ធិ​មនុស្ស សិទ្ធិកុមារ ពលកម្មកុមារ តើអាមេរិកមានដែលចេញរបាយការណ៍ ​ថាខ្លួនបាន​ឈ្លាន​ពា​ន​គេ បានសម្លាប់​កុមារប៉ុន្មាននាក់ក្នុងប្រទេសនានាដែរឬទេ?


No comments:

Post a Comment