Wednesday, March 01, 2017

គណៈកម្មាធិ​ការជាតិរៀប​ចំការបោះ​ឆ្នោត ស្វាគមន៍ការចូ​លរួមរបស់​អ្នកអង្កេតកា​រអន្តរជាតិ សម្រាប់កា​របោះឆ្នោត​ក្រុមប្រឹក្សាឃុំ-សង្កាត់

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងថា ការបោះឆ្នោតមិនអាចប្រព្រឹត្តទៅបានល្អប្រសើរទេ ប្រសិនបើគ្មានអ្នកអង្កេតការណ៍ជាតិ និងអន្តរជាតិ។ លោក ហង្ស ពុទ្ធា បានថ្លែងបែបនេះប្រាប់ក្រុមអ្នកសារព័តមានអំឡុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីនីតិវិធីនៃការសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សនយោបាយ និងនីតិវិធីនៃការប្តឹងតវ៉ា ប្តឹងជំទាស់ និងដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការចុះបញ្ជីបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ នាទីស្តីការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាពេលខាងមុខនេះមិនអាចដំណើរការដោយរលូន និងល្អប្រសើរទេ ប្រសិនណាបើគ្មានការចូលរួមពីក្រុមអ្នកអង្កេតការណ៍នានានោះ។
លោកបានបន្តថា តាមគម្រោងក្រុមអ្នកអង្កេតការមកពីសហគមន៍អឺរ៉ុបមួយចំនួននឹងចូលរួមជាមួយក្រុមអ្នកអង្កេតការណ៍ជាតិសម្រាប់ការបោះឆ្នោតនេះ ប៉ុន្តែមិនទាន់ដឹងថា មានចំនួនប៉ុន្មាននាក់នោះទេ។ ភាគីជប៉ុនមិនមានគម្រោងបញ្ចូនអ្នកអង្កេតការណ៍មកចូលរួមការបោះឆ្នោតឃុំសង្កាត់ទេ គ្រាន់តែបញ្ចូនក្រុមជំនាញការបោះឆ្នោតមកធ្វើការជាមួយមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប៉ុណ្ណោះ។
លោក ហង្ស ពុទ្ធា បានបញ្ជាក់ឱ្យដឹងផងដែរថា បច្ចុប្បន្នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកំពុងរៀបចំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ២០១៧ ។ ចំនួនឃុំសង្កាត់នៅទូទាំងប្រទេសមានចំនួន១៦៤៦ ការិយាល័យបោះឆ្នោតមានចំនួន ២២១៤៨ ការិយាល័យ ខណៈដែលចំនួនអ្នកមានសិទ្ធិបោះឆ្នោតដែលបានចុះឈ្មោះរួចមានជាង៧.៨លាននាក់៕

No comments:

Post a Comment