Tuesday, March 24, 2015

សុន្ទរកថា ឯកឧត្តម បណ្ឌិត​សភាចារ្យ សុខ អាន នាឱកាស​ពីធី​បើក «កិច្ច​សន្ទនា​ជាមួយ​ព្រះគ្រូ Sri Sri Ravi Shangkar ស្តីពីការ​ជំរុញ​ក្រម​សីលធម៌​ផ្នែក​ធុរកិច្ច ការ​អភិវឌ្ឍ​ខ្លួន

សុន្ទរកថា
របស់
ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី
នាឱកាសពីធីបើក «កិច្ចសន្ទនាជាមួយព្រះគ្រូ Sri Sri Ravi Shangkar ស្តីពីការជំរុញក្រមសីលធម៌ផ្នែកធុរកិច្ច ការអភិវឌ្ឍខ្លួន ការរស់នៅដោយក្តីរីករាយ និងការប្រកាសបើកទិវា Yoga អន្តរជាតិ»
រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥
*****

-               ព្រះគ្រូ Sri Sri Ravi Shangkar ជាទីគោរព
-               ឯកឧត្តម Dinesh K. Patnaik ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា
-               ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា‌‌‌ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាទីមេត្រី

ខ្ញុំមានសេចក្តីរីករាយយ៉ាងក្រៃលែងដែលបានចូលរួមជាមួយអ្នកទាំងអស់គ្នា នៅក្នុងពិធីបើក «កិច្ចសន្ទនា​ជាមួយ​ព្រះគ្រូSri Sri Ravi Shangkar ស្តីពីការជំរុញក្រមសីលធម៌ផ្នែកធុរកិច្ច ការអភិវឌ្ឍខ្លួន ការរស់នៅដោយ​ក្តី រីករាយ និងការប្រកាសបើកទិវា Yoga អន្តរជាតិ» ដែលរៀបចំដោយអង្គការ The Art of Living នៅពេលនេះ។ ខ្ញុំសូម​វាយតម្លៃខ្ពស់ចំពោះមូលនិធិ The Art of Living ជាពិសេសចំពោះព្រះគ្រូ Sri Sri Ravi Shangkar ដែលបាន​រៀបចំព្រឹត្តការណ៍ដ៏មានសារៈសំខាន់នេះ ដែលមានអ្នកចូលរួមមកពីមជ្ឈដ្ឋានផ្សេងៗគ្នាដូចជា ធុរកិច្ច សាកល​វិទ្យាល័យ និងសាធារណៈជន។

វាគឺជារឿងមួយជំរុញទឹកចិត្តខ្លាំងណាស់ ដែលកម្មវិធីពិសេសនេះនឹងរៀបរាប់អំពីឆាក​ជីវិតក្នុងន័យ​ទូលំ​ទូលាយ និង គួរឱ្យចាប់អារម្មណ៍។ វាគឺជាកម្មវិធីពិសេស ព្រោះថា នៅជាមួយយើងទាំងអស់គ្នានៅទីនេះ យើងមានវត្តមានរបស់ ​ព្រះគ្រូ Sri Sri Ravi Shangkar ដែលជា​មេដឹកនាំ​លក្ខណៈសាសនា និងមនុស្សធម៌ដ៏​ល្បី​ល្បាញ ប្រកបដោយ​ទស្សនវិស័យ​ផ្តោតលើពិភពលោកមួយដែលគ្មានអំពើហិង្សា និងគ្មានស្រ្តេស (stress) ហើយគំនិត​ផ្តួចផ្តើម​របស់ ​ព្រះគ្រូ រួមមាន ការដោះស្រាយជម្លោះ ការកាត់បន្ថយស្រ្តេស ការកាត់បន្ថយភាពក្រីក្រ និងការសិក្សាសម្រាប់​ទាំង​អស់គ្នា ដើម្បីចែករំលែកនូវទស្សនាទានបែបទស្សនៈវិជ្ជាចំពោះជីវិត ដែលគាត់បាននិងកំពុងផ្តល់ដល់​ពិភពលោក​អស់រយៈពេលជាង៣០ឆ្នាំមកហើយ។ ជាពិសេស អង្គការរបស់ព្រះគ្រូ គឺអង្គការ The Art of Living បានរៀបចំ​កម្មវិធីប្លែកៗជាច្រើនសម្រាប់ប្រជាជនគ្រប់មជ្ឈដ្ឋាន នៅទូទាំងពិភពលោក ដោយផ្តោតលើការពង្រឹងគុណភាព​ជីវិត តាមរយៈកម្មវិធីការអភិវឌ្ឍខ្លួន និងកាត់បន្ថយស្រ្តេស ដើម្បីឱ្យអ្នកទាំងនោះអាចប្រឈមនឹង​បញ្ហានានា​នៅ​ក្នុងជីវិត និងអាចរស់នៅប្រកបដោយសុខភាពល្អ និងមានសុភមង្គល។

ព្រះគ្រូ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា

ដូចដែលអ្នកទាំងអស់គ្នាបានដឹងរួចហើយ របបប៉ុលពតដែលបានគ្រប់គ្រងប្រទេសអស់រយៈកាលជាង៣ឆ្នាំ រហូត ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បានបំផ្លិចបំផ្លាញមិនត្រឹមតែហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ធនធានមនុស្សទៀតផង។ ក្រោយពេលរំដោះ បើទោះបីជាសន្តិភាព ស្ថិរភាព និងសេរីភាព​ត្រូវបានស្តារ​ឡើងវិញ​បន្តិចម្តងៗក៏ដោយ ក៏ប្រជាជនដែលរស់រានមានជីវិតរួចផុតពីសោកនាដកម្មនេះ បានទទួលរងការប៉ះទង្គិចផ្លូវចិត្ត ដែ​លបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគាត់។

ទោះបីជាមានហេតុការណ៍ដ៏អកុសលទាំងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍​ប្រទេសលើគ្រប់វិស័យតាំងពីបាតដៃទទេ ដោយបានផ្តោតលើការស្តារនីតិសម្បទា និងការដោះស្រាយឱ្យបាននូវ​ទុក្ខលំបាកដែលបន្សល់ដោយរបបប្រល័យពូជសាសន៍ប៉ុលពត និងសង្រ្គាមស៊ីវិលជាងបីទសវត្សរ៍។ តាមរយៈ​នយោបាយឈ្នះ-ឈ្នះដាក់ចេញដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានបញ្ចប់ទាំងស្រុង​នូវ​រចនាសម្ព័ន្ធនយោបាយ និងយោធានៃរបបខ្មែរក្រហមនៅឆ្នាំ១៩៩៨ ប្រទេសយើងបាននិងកំពុង​ទទួល​នូវ​សន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយនៅពាសពេញផ្ទៃប្រទេស ដែលមិនដែលធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត​៥០០ឆ្នាំ​ចុងក្រោយរបស់កម្ពុជា។ ជាមួយនឹងស្ថានភាពអនុគ្រោះទាំងនេះ រាជរដ្ឋាភិបាលបានឈានទៅរៀបចំគោល​នយោ​បាយ ផែនការ និងយុទ្ធសាស្រ្តនានា ដើម្បីលើកកម្ពស់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រ និងធ្វើឱ្យប្រសើរឡើង​នូវ​សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ប្រជាជន ជាបណ្តើរៗ។ ដើម្បីលើកកម្ពស់សេចក្តីសុខរបស់ប្រជាជន រាជរដ្ឋា​ភិ​បាល បានធ្វើការវិនិយោគយ៉ាងច្រើនទៅលើវិស័យសុខាភិបាលសាធារណៈ និងមជ្ឈមណ្ឌលកីឡា។ ជាងនេះ​ទៀត ដៃគូ អភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងសហគមន៍នានាបានចូលរួមចំណែកក្នុងកិច្ចប្រឹងប្រែងនេះ តាមរយៈការ​លើក​កម្ពស់ការយល់ដឹងជាសាធារណៈអំពីបញ្ហាសុខភាព និងបង្កើនវិធីសាស្រ្តសកម្មចំពោះសុខភាព។ ជាការពិត​ណាស់ គឺជារឿងរីករាយដែលយើងសង្កេតឃើញថាចំណាប់អារម្មណ៍របស់ប្រជាជនកម្ពុជា លើការហាត់កីឡា​កាន់តែ​កើន​ឡើងច្រើនជាងមុន ហើយប្រការនេះត្រូវបានសម្រួលតាមរយៈការបង្កើនទំហំទីតាំងសាធារណៈ និងសួនច្បារ​នានា ក៏ដូចជាទីតាំងហាត់កីឡា ដែលមានទាំងរដ្ឋ និងឯកជនកំពុងដាក់ឱ្យដំណើរការ។

ព្រះគ្រូ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា

ជាមួយនឹងគោលដៅ និងខ្លឹមសារប្រកបដោយអត្ថន័យទាំងនេះ ខ្ញុំគិតថាកម្មវិធីដែលរៀបចំដោយអង្គការ The Art of Living នេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាជនកម្ពុជា និងពិភពលោក ជាពិសេស​នៅក្នុង​បរិបទ​សង្គម​បច្ចុប្បន្ន ដែលទាមទារឱ្យមានល្បឿនលឿន និងផ្តល់សារៈសំខាន់លើការងារ ការប្រកួតប្រជែង និងភាព​ឥត​ខ្ចោះ។ នៅក្នុងសង្គមដែលប្រែប្រួលលឿនបែបនេះ បច្ចេកវិទ្យា និង​សាកល​ភាវូប​នីយ​កម្ម មិនត្រឹម​តែ​ផ្តល់​កាលា​នុវត្ត​ភាព​ថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវបញ្ហាប្រឈមនានាផងដែរ នៅ​ពេល​​ដែលមនុស្សនៅពាសពេញ​ពិភព​លោក បាននិងកំពុងស្វែងរកតុល្យភាពមួយរវាងការងារ និងជីវិតរស់នៅ។ ភាពឈានមុខផ្នែកបច្ចេកវិទ្យា​អនុញ្ញាត​ឱ្យ​យើង បំពេញកិច្ចការជាច្រើនក្នុងពេលតែមួយ និងឱ្យធ្វើការងារបាន​កាន់តែ​ច្រើន​ឡើងៗ ប៉ុន្តែនៅក្នុង​ពេលជាមួយ​គ្នា​នេះ វាក៏បានធ្វើឱ្យព្រំដែនរវាងការងារ និងជិវិតរស់មានភាព​មិនច្បាស់​លាស់​ផងដែរ។ ជា​លទ្ធ​ផល យើងសង្កេត​ឃើញ​ថាមានបញ្ហាសង្គមថ្មីៗជាច្រើនបានកើតឡើង ហើយស្រ្តេស​គឺជា​​បញ្ហា​រួមរបស់​សង្គមដែលកំពុង កើតឡើងចំពោះ​មនុស្សរាល់គ្នា គ្រាន់តែនៅក្នុងរូបភាពផ្សេងៗគ្នាប៉ុណ្ណោះ។ ការ​សិក្សា​​បាន​បង្ហាញថា បញ្ហាស្រេ្តស នៅកន្លែង​ធ្វើ​ការ គឺស្ថិតនៅលំដាប់ខ្ពស់ជាងគេបង្អស់។ យើងអាចយល់​បានថាស្រ្តេស​នាពេល​បច្ចុប្បន្នគឺមាន លក្ខណៈ ​កាន់តែអាក្រក់​ជាងពេលណាៗទាំងអស់ ដោយសារតែការកើនឡើងនៃតម្រូវការនៃជីវិត​រស់នៅ​សម័យ​ទំនើប​នេះ និងការ​ផ្លាស់​ប្តូរដែលកើតឡើងជាប្រចាំ។ ស្រ្តេសធ្វើឱ្យមានការខូចខាតដែល​មិនអាច​ប៉ាន់​ស្មានបាន។ ជាទូទៅ គេ បានដឹងថា ស្រ្តេសធ្វើឱ្យប៉ះពាល់ដល់ការចងចាំ ការប្រមូលផ្តុំអារម្មណ៍ ការ​វាយតម្លៃ និង​ការសម្រេច​ចិត្ត។ ជារឿង ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើលផងដែរ​ តាមរយៈ​លទ្ធផល​នៃការសិក្សា​នានា យើងសង្កេតឃើញ​ថា ស្រេ្តសគឺជា​មូលហេតុ​ចម្បង​បំផុតតែ​មួយគត់នៃអវត្តមានពីការងារ ដែលស្មើនឹង២ដងនៃអត្រាបុគ្គលិកមានជម្ងឺ ឬ​រងគ្រោះ​ថ្នាក់។ ស្រ្តេស បាន​ក្លាយ​ជា​បញ្ហានៃគោលនយោបាយ​សុខភាពសាធារណៈដែលចាំបាច់​ត្រូវមាន​ដំណោះ​​ស្រាយ​រួមគ្នា ដោយបុគ្គល គ្រួសារ សហគមន៍ អង្គការ រដ្ឋាភិបាល និងសង្គម ប្រសិនបើយើងចង់បាន​កម្លាំងការងារ​មួយ​ដែលមានប្រសិទ្ធិភាព។ ការ​មានសុភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត គឺជាលក្ខខណ្ឌដំបូងបំផុតនៃការងារប្រកប​ដោយ​ប្រសិទ្ធភាពដែល​មាន សារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចិរភាព ព្រោះថាបុគ្គលដែលមានសុខភាពល្អអាច​បំពេញការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព និងអាចបង្កើតគ្រួសារល្អ ហើយមនុស្សដែលមានសុខភាពល្អ គឺជាយុទ្ធសាស្រ្តគន្លឹះ ក្នុងការដោះ​ស្រាយ​បញ្ហា​ភាពក្រីក្រ។

ពាក់ព័ន្ធនឹងប្រធានបទសុខភាព ខ្ញុំសូមចែករំលែកនូវគំនិត និងបទពិសោធន៍មួយចំនួន ជាមួយឯកឧត្តម លោក​ជំទាវ អស់លោក លោកស្រី។ ខ្ញុំជឿជាក់ថា បុគ្គលម្នាក់ៗអាចចាប់យកវិធីសាស្ត្រប្រតិ​សកម្ម ដើម្បី​នឹង​ធ្វើ​ឱ្យ​សុខភាពរបស់ខ្លួន​ប្រសើរឡើងបាន ឧទាហរណ៍ដូចជាការទទួលទាន​អាហារ​សមស្រប និងលំហាត់​ប្រាណ​។ បើ​ទោះ​បីជាមានមធ្យោបាយជាច្រើនដើម្បីធ្វើឱ្យសុខភាព​របស់យើងប្រសើរឡើង​ក៏ដោយ ប៉ុន្តែការយល់ដឹង និង​ការ ដាក់វិន័យផ្ទាល់ខ្លួន គឺជារឿងសំខាន់។ នៅ​ក្នុងចំណោមវិធីសាស្ត្រជាច្រើននោះ លំហាត់ប្រាណសាមញ្ញ ប៉ុន្តែ​ជា​ទៀងទាត់ គឺជា​វិធីសាស្ត្រ​មួយ​ប្រកប​ដោយ​ប្រសិទ្ធភាព សម្រាប់ការពង្រឹងសុខភាពជាទូទៅ និងជាពិសេសការ​កាត់ បន្ថយស្ត្រេស។ លំហាត់ប្រាណអាចកាត់បន្ថយ​ការឈឺចាប់ និងភាពហត់នឿយ ក៏ដូចជាពង្រឹង​និងសម្រប​សម្រួល ចលនាដងខ្លួន។ ផលប្រយោជន៍ទាំងនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ តាមរយៈបទពិសោធន៍​ផ្ទាល់​របស់ខ្ញុំ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ខ្ញុំធ្វើលំហាត់ប្រាណជារៀងរាល់ព្រឹក ហើយ​សង្កេតឃើញថា សុខភាព​របស់ខ្ញុំមាន​ភាពប្រសើរជាងមុនជាលំដាប់។ ជាក់ស្ដែង មានប្រភេទ​លំហាត់ប្រាណជាច្រើន ប៉ុន្តែ​ខ្ញុំចូល​ចិត្ត​ហែល​ទឹក។ ដើម្បីកាត់បន្ថយស្ត្រេស យើងអាចងាកមកធ្វើសមាធិ ឬឧបករណ៍កាត់​បន្ថយភាព​តានតឹង​ផ្លូវ​ចិត្ត​ផ្សេងទៀត ដូចជាការធ្វើ Yoga ជាដើម។ ការ​ធ្វើ Yoga បានក្លាយទៅជាប្រព័ន្ធលំហាត់ប្រាណមួយដ៏មានប្រជាប្រិយភាព ប៉ុន្តែ វាក៏មានចំណុច​សំខាន់ពាក់ព័ន្ធ​នឹងការសមាធិផ្លូវចិត្ត និងស្មារតីផងដែរ។ Yoga គឺជាទស្សនៈវិទ្យា​ឥណ្ឌា​បុរាណ​មួយ ដែលមានដើមកំណើតរាប់ពាន់ឆ្នាំមកហើយ។ វាត្រូវបានបង្កើតឡើង​ដើម្បីជាផ្លូវឆ្ពោះទៅរកការឈ្វេង​យល់ផ្នែក​ស្មារតី ប៉ុន្តែនៅសម័យទំនើបនេះ លក្ខណៈរូបវ័ន្តនៃការធ្វើ Yoga បានទទួលនូវ​ប្រជាប្រិយភាព​ជាខ្លាំង ជាទម្រង់​នៃ លំហាត់ប្រាណទន់ភ្លន់និងការគ្រប់គ្រងស្ត្រេស។ ការធ្វើលំហាត់​ប្រាណនេះបានទទួលនូវការ​ចាប់អារម្មណ៍កាន់តែ​ច្រើនឡើង​ នៅក្នុងចំណោមប្រជាជនកម្ពុជា ហើយ​បណ្ដាញទូរទស្សន៍ក្នុងស្រុកមួយចំនួន​ថែមទាំងបានធ្វើការ​ផ្សព្វ ផ្សាយលំហាត់ប្រាណតាម​បែប Yoga នេះនៅក្នុងកម្មវិធីរបស់ខ្លួនផងដែរ។

ព្រះគ្រូ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា

ដោយហេតុថាឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់​កំពុងទន្ទឹង​រង់ចាំស្ដាប់ការថ្លែងសុន្ទរកថារបស់ព្រះគ្រូ Sri Sri Ravi Shankar ដែលនឹងធ្វើការបក​ស្រាយពន្យល់អំពី​ទស្សនៈជីវិតរបស់ព្រះគ្រូ ពាក់ព័ន្ធនឹងការជំរុញក្រមសីលធម៌ផ្នែកធុរៈកិច្ច ការអភិវឌ្ឍខ្លួន និងការរស់នៅ​ដោយ​ក្តី​រីករាយ ខ្ញុំសូមធ្វើការបញ្ចប់សុន្ទរកថា និងសូមថ្លែងអំណរគុណ​ជាថ្មីម្ដងទៀតដល់ព្រះគ្រូ និងអង្គការ The Art of Living ដែលបានរៀបចំ​ព្រឹត្តិការណ៍នេះនៅកម្ពុជា។

ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ជាមួយនឹងវត្តមានរបស់អ្នកចូលរួមរាប់រយនាក់មកពីសាកល​វិទ្យាល័យ ក្រុមហ៊ុន និង​សាធារណជនទូទៅ ព្រឹត្តិការណ៍ថ្ងៃនេះនឹងជួយលើកកម្ពស់វិធីសាស្ត្រប្រតិសកម្មឆ្ពោះទៅរក​សុខភាពល្អ និង​ការ​រស់នៅប្រសើរជាងមុន ដែលនឹងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកសាងកម្លាំង​ពលកម្មដែលមានសុខភាពល្អបរិបូរណ៍ និងការកាត់បន្ថយភាពក្រីក្រ។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរសម្តេចព្រះគ្រូ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ​និង​អន្តរ​ជាតិ ទាំងអស់ ឱ្យមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងសុភមង្គល​ក្នុងគ្រួសារ។

ខ្ញុំសូមប្រកាសបើកកម្មវិធី «កិច្ចសន្ទនា​ជាមួយ​ព្រះគ្រូ Sri Sri Ravi Shangkar ស្តីពីការជំរុញ​ក្រម​សីលធម៌​ផ្នែកធុរកិច្ច ការអភិវឌ្ឍខ្លួន ការរស់នៅដោយ​ក្តីរីករាយ និងការប្រកាសបើកទិវា Yoga អន្តរជាតិ»នាពេលនេះ។

សូមអរគុណ!!!

No comments:

Post a Comment