ឯកឧត្តមបណ្ឌិត
ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ
យុវជន និងកីឡា ឆ្នាំសិក្សា ២០១៣- ២០១៤ និងទិសដៅឆ្នាំសិក្សា ២០១៤-២០១៥
នៅព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០១៥នេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
បានថ្លែងថា លទ្ធផលដែលសម្រេចបានក្នុងឆ្នាំសិក្សា ២០១៣-២០១៤ កន្លងទៅនេះ
បានឆ្លុះបញ្ចាំងពីការរីកចម្រើនថ្មីៗថែមទៀត ទាំងបរិមាណ
ទាំងគុណភាពនៃវិស័យអប់រំ យុវជន និងកីឡា។
ជារួមការអនុវត្តបានផ្តោតជាសំខាន់លើសកម្មភាព
និងចំណុចដៅដែលបានលើកឡើងកាលពីឆ្នាំកន្លងមក និងស្របតាមយុទ្ធសាស្ត្រ
និងសូចនាករដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំឆ្នាំ
២០១៤-២០១៨។
សមិទ្ធផលសំខាន់ៗតាមផ្នែកដែលសម្រេចបានរួមមាន៖
១-ការងារអប់រំ៖
ក្រសួងអប់រំ
បានខិតខំកសាងអគារសិក្សាជាច្រើននៅគ្រប់ច្រកល្ហកនៅទូទាំងប្រទេស ពិសេស
នៅតាមតំបន់ព្រំដែន និងតំបន់ជួបការលំបាកក្នុងគោលដៅបង្ខិតសាលារៀនឲ្យនៅជិតលំនៅស្ថានរបស់ប្រជាជន។
ជាលទ្ធផលនៅទូទាំងប្រទេសយើងមាន សាលាមត្តេយ្យសិក្សា
និងសាលារៀនចំណេះទូទៅទាំងសាធារណៈ និងឯកជនសរុបចំនួន ១២,៨៦៣ រួមមាន៖ សាលាមត្តេយ្យចំនួន ៣,៦៧៨
សាលាបឋមសិក្សាចំនួន ៧,៣៤៨ អនុវិទ្យាល័យចំនួន ១,២៩៥ និងវិទ្យាល័យចំនួន ៥៤២។ សិស្សសរុបគ្រប់ភូមិសិក្សាសាធារណៈ
និងឯកជនពីមត្តេយ្យសិក្សាដល់មធ្យមសិក្សា ៣ ១១២ ៩៦៩នាក់ ស្រី ១ ៥២០ ៣១១នាក់
ស្មើនឹង ៤៨,៨ភាគរយ។
បុគ្គលិកអប់រំនៅទូទាំងប្រទេសសរុបចំនួន ១១៣ ៩៨៦ នាក់ ស្រី ៤៨ ៣៤២ នាក់
ត្រូវជា ៤២,៤១ ភាគរយ។ គ្រឹះស្ថានឧត្តមសិក្សាមាន ១១០
ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋមាន ៤៣ និងឯកជនមាន៦៧
ដែលមានទីតាំងស្ថិតនៅតាមរាជធានីខេត្ត ១៩។ គ្រឹះស្ថានឧត្តមសិក្សា ១៤ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង។
និស្សិតចាប់ពីថ្នាក់បរិញ្ញាបត្ររងដល់បណ្ឌិតមានចំនួន ២៤៩ ០៩២ នាក់ នារី ១០៣
៦៦១ នាក់ ស្មើនឹង ៤១, ៦ ភាគរយ។
២-ការងារអភិវឌ្ឍយុវជន៖
ក្រសួងបានរៀបចំផែនការសកម្មភាព ឆ្នាំ២០១៥-២០១៨ ដើម្បីជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជន
សំដៅផ្តល់ឱកាសឲ្យយុវជនគ្រប់រូបអភិវឌ្ឍសមត្ថភាព ប្រកបដោយឆន្ទៈ
សេចក្តីព្យាយាម និងមនសិការវិជ្ជាជីវៈ
ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រមួយចំនួនរួមមាន៖ ពង្រឹងក្រុមប្រឹក្សាកុមារ
និងក្រុមប្រឹក្សាយុវជន បណ្តុះបណ្តាលជំនាញទន់
លើកកម្ពស់លទ្ធផលសិក្សាអាកប្បកិរិយាសមស្រប
និងពង្រឹងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈរយៈពេលខ្លីដល់យុវជន
ផ្តល់សេវាព័ត៌មានទីផ្សារការងារកន្លែងហាត់ធ្វើការងារ
និងឱកាសបង្កើតមុខរបរដោយខ្លួនឯង។
3-ការងារអប់រំកាយ និងកីឡា៖ ក្រសួងអប់រំ
បានដាក់ចេញនូវកម្មវិធីសិក្សាអប់រំកាយ និងកីឡា សម្រាប់សាលារៀនបឋមសិក្សា
ដែលជាថ្នាលគ្រឹះសម្រាប់អភិវឌ្ឍកាយសម្បទា គំនិត ប្រាជ្ញា
និងស្មារតីរបស់កុមារ និងបានបណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋានឯកទេសអប់រំកាយ
និងកីឡា បាន ២២ ជំនាន់ មានចំនួន ២ ៤៥៨នាក់។ ក្រសួងបានបញ្ជូនប្រតិភូកីឡា
ទៅចូលរួមប្រកួតកីឡាជាលក្ខណៈអន្តរជាតិ រួមមាន៖
ប្រកួតកីឡាអូឡាំពិកយុវជនលើកទី២ កីឡាអាស៊ីហ្គេមលើកទី ១៧
កីឡាអាស៊ីហេ្គមឆ្នេរខ្សាច់លើកទី ៤ កីឡាសាកលវិទ្យាល័យអាស៊ានហ្គេមលើកទី១៧
ទទួលបានមេដាយសរុប មាន ១២ ប្រាក់ ១៣ និងសំរឹទ្ធ ២៤ ។
ជាមួយគ្នានេះដែរ
ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីការអប់រំ យុវជន
និងកីឡា បាននិងកំពុងធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានដែលមានស្រាប់ និង
កសាងលិខិតបទដ្ឋានចាំបាច់បន្ថែមទៀតព្រមទាំងរៀបចំគោលនយោបាយនានា
សំដៅឆ្លើយតប និងឆ្ពោះទៅធ្វើកំណែទម្រង់ស៊ីជម្រៅ
ការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងបរិបទនៃសង្គមពុទ្ធិ។
ជាក់ស្តែងក្រសួងបានសម្រេចនូវវឌ្ឍនភាពនៃការអនុវត្តវិធានការកំណែទម្រង់វិស័យអប់រំទាំង៨រួមមាន៖
ការបង្កើនគុណភាព និងប្រសិទ្ធភាពនៃសេវាអប់រំ, ការពង្រឹងការគ្រប់គ្រងបុគ្គលិក, ការពង្រឹងការប្រឡងគ្រប់ប្រភេទ, ការកែទម្រង់ឧត្តមសិក្សា, ការអភិវឌ្ឍសម្រាប់យុវជន
នូវជំនាញបច្ចេកទេស និងជំនាញទន់, ការអនុវត្តស៊ីជម្រៅកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការកែទម្រង់ការងារអប់រំកាយ និងកីឡា
និងការបង្កើតធនាគារខួរក្បាលវិស័យអប់រំ។
ជារួមគោល
បំណងនៃសន្និបាតអប់រំ យុវជន និងកីឡា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៤-២៦ ខែមីនា
ឆ្នាំ២០១៥ នឹងផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើការពិភាក្សាឲ្យបានគ្រប់
ជ្រុងជ្រោយដើម្បីរកឲ្យឃើញបញ្ហាគន្លឹះ
និងអនុសាសន៍នានាទាក់ទងទៅនឹងប្រធានបទនានានៃការអនុវិស័យទាំង៧របស់ផែន
ការយុទ្ធសាស្រ្តវិស័យអប់រំ ២០១៤-២០១៨ ដូចជា៖ ១-អនុវិស័យការអប់រំកុមារតូច
២-អនុវិស័យការអប់រំបឋមសិក្សា ៣-អនុវស័យការអប់រំមធ្យមសិក្សា
និងអប់រំបច្ចេកទេស ៤-អនុវិស័យការអប់រំឧត្តមសិក្សា
៥-អនុវិស័យការអប់រំក្រៅប្រព័ន្ធ ៦-អនុវិស័យការអភិវឌ្ឍយុវជន
និង៧-អនុវិស័យការអប់រំកាយ និងកីឡា៕
អត្ថបទ៖ ច័ន្ទ ទេវី



No comments:
Post a Comment