Tuesday, March 24, 2015

បទវិចារណកថា ដោយ៖ លី គាំ, ថ្នាក់ដឹក​នាំ​​​​​បក្ស​ប្រឆាំង​លែង​ស្តាប់​មេស្តាប់​កើយ!

          សាធារណមតិទាំងក្នុងប្រទេស និង​ទាំងក្រៅប្រទេស សុទ្ធតែដឹងថា ​​​លោក សម រង្ស៊ី ​​​ជាប្រធានគណបក្សសង្រ្គោះជាតិ ​​រីឯលោក កឹម សុខា ជាអនុប្រធាន។ តែ​អ្វី​ដែល​គេសង្កេត​ឃើញ​​នោះ​គឺ​ថា ​​​ចាប់តាំងពី លោក កឹម សុខា​​ ​​​​​​ត្រូវបាន​​គណបក្សសម្រេច​​ឲ្យទទួលដំណែង​ជា​អនុប្រធានទី១នៃរដ្ឋសភា​​ មក គាត់ហាក់ដូចជា ​​មានឫកពារក្អេងក្អាង មិនសូវបានស្តាប់ ឬ​អនុវត្ត​​​​តាមសេចក្តីសម្រេច​​របស់លោក សម រង្ស៊ី ដែលជាប្រធានរបស់ខ្លួននោះឡើយ។
ព្រឹត្តិការណ៍ជាក់ស្តែង ​​មុនពេល​​​​ លោក សម រង្ស៊ីបានត្រូវ នាយករដ្ឋមន្រ្តី ហ៊ុន សែន  ​​ឯកភាព​​បង្កើតដំណែងថ្មីមួយ ជាប្រធានក្រុមសមាជិកភាគតិចរដ្ឋសភា ដែលមានឋានៈស្មើនាយ​​​​​​រដ្ឋ​មន្រ្តី នោះ លោក កឹម សុខា ​​ក្នុងតួនាទី​ជា​អនុ​ប្រធាន​ទី១រដ្ឋសភា ដែល​ម្តងម្កាល​ពេលប្រធាន​រដ្ឋ​​សភា​អវត្តមាន លោកទទួលនាទីជាប្រធានស្តីទី ត្រូវ​យល់ថា ខ្លួនមាន​អំណា​ច​គ្រប់​គ្រង​រដ្ឋសភា ដែលលោក សម រង្ស៊ី ប្រធានរបស់ខ្លួនមាន​ឋានៈត្រឹមតែ​ជាសមាជិក​​សា​មញ្ញ​​​មួយ​រូប ឬក៏អាចថា លោក សម រង្ស៊ី មាន​ឋានៈជាសមាជិកកូនក្រុមរបស់ខ្លួនតែប៉ុណ្ណោះ។
          ជានិច្ចកាល ពេលប្រជុំគណៈអចិន្រ្តៃយ៍របស់គណបក្សខ្លួន​ ដែលបាន​​សម្រេចថា​អី​ចេះ​ ឬ​ថា​​​​អី​ចុះ ​ដែលមានហត្ថលេខារបស់ប្រធានលើ​កំ​ណត់​កត់​ត្រា លុះ​ដល់​ស្អែកឡើង លោក កឹម សុ​ខា និយាយ​​ធ្វើយ៉ាងហី ហាក់ដូចជាមិនដឹងមិនឭនូវអ្វីដែលប្រធានរបស់ខ្លួន​​បានណែនាំក្នុងអង្គ​ប្រ​​ជុំ តួ​​យ៉ាង​ដូច​ជា​ករណី​លោក​ស្រី​ ឡាក់​ សុ​ភាព​ ជា​ដើម​ ដែល​ពាក់​ពន័្ធទៅ​នឹង​ព័តមាន​លេច​ឭ​រឿង អា​​​ស្រូវ ​កិប​កេង​លុយ​របស់​បក្ស​ ២០​ទៅ​៤០​លាន​ ដុល្លារ​អា​មេរិកជា​ដើម​​។   
          ព្រឹត្តការណ៍ដ៏​ធំមួយ​ ថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៤ លោក សម រង្ស៊ី ​​​​​​បាន​ខិត​ខំប្រឹង​ប្រែង​ចរចា​​ស្មើភាពគ្នា ជា​មួយ​នឹងគណបក្សប្រជាជនកម្ពុជា ជាមួយនឹង ​លោក ហ៊ុន សែន អនុ​ប្រធាន​គណ​បក្សប្រជាជនកម្ពុជា ក្នុងគោលបំណងបញ្ចប់នូវបញ្ហា​​​ប្រទូស្តរ៉ាយ​នានា ក្នុង​សង្គម​​បន្ទាប់​​​​ពី​ការ​បោះឆ្នោត​​ឆ្នាំ២០១៣ បែរជាខ្លួននិយាយយ៉ាង​ឆ្កុយ​ថា​ «ខ្ញុំមិនពេញចិត្តនឹងកិច្ច​ព្រម​ព្រៀង​​នេះ​ទេ តែ​គ្មាន​ជំ​រើស»។​​ ការអួតក្អេងក្អាងនេះគឺបន្លឺឡើង ក្នុង​គំ​និត​អួតសំញែងដាក់ក្រុម​​អ្នកគាំ​ទ្រ​​ខ្លួន​នៅទីក្រុងឡុងបិច រដ្ឋកាលីហ័រនី កាលពីថ្ងៃអាទិត្យទី​១៥​ កន្លងទៅនេះ។
          ប្រជាពលរដ្ឋខ្មែរក្នុងប្រទេស បានស្តាប់នូវសម្លេងរបស់ លោក កឹម សុខា តាម​គេហទំព័រ​ឮថា «យើងបានកិច្ចព្រមព្រៀងយ៉ាងខ្លី ហើយអត់បានច្បាស់លំអិតទេ ហើយមិន​​​បានបកស្រាយ​​​ច្រើនទេ» និយាយ​នេះ​គឺ​បញ្រ្ចាសទៅ​នឹង​លោក  សម រង្ស៊ី ទាំង​ស្រុង។ ព្រោះ​ថា ខណៈដែល​ចេញ​​​​​ពីប្រជុំចុងក្រោយ រួមទាំង លោក ខេង ដែល​ជា​ប្រធានសមាជិកក្រុមភាគច្រើនក្នុងរដ្ឋ​សភា ផង​ដែរ​នោះ លោក​ សម​ រង្ស៊ី បានថ្លែងថា «គណបក្សទាំងពីរពេញចិត្តនឹងអ្វីដែល​យើងបាន​​ ពិ​ភាក្សា​គ្នា» ដែល​អាចឈាន​​ដល់សេចក្តីព្រាងច្បាប់ថ្មីមួយ​គឺការ​រៀបចំ និងការប្រព្រឹត្ត​ទៅ​នៃ​​​​គណៈ​​កម្មាធិ​ការ​​​ជាតិ​រៀបចំការបោះឆ្នោត និងការតែងតាំងគណៈកម្មាធិការបោះឆ្នោតថ្មី និងសេច​ក្តី​​​ព្រាង​ច្បាប់​ជ្រើសរើសតំណាងរាស្រ្ត។
          ពលរដ្ឋ​ខ្មែរគ្រប់រូបក្នុង​ប្រទេសឆ្ងល់ណាស់ថា តើហេតុអ្វីក៏ លោក កឹម សុខា យករឿង​នេះ​ទៅផ្សព្វផ្សាយនៅសហរដ្ឋអាមេរិក? បើ​តាម​ប្រ​ភព​ព៌ត័មាន​ពីអ្នកដែលដឹងរឿងផ្ទៃ​ក្នុងពិត​របស់​គណបក្ស​សង្រ្គោះ​ជាតិនៅសហរដ្ឋអាមេរិក ទើប​អាច​ឆ្លើយ​សំ​ណួរ​នេះ​បាន​។   ព្រោះថា លោក កឹម​ សុខា មិន​អាច​នៅ​​ក្រោម លោក សម រង្ស៊ី បាន។ ពួក លោក កឹម សុខា គិតថាក្រុមលោក សម រង្ស៊ី ជាក្រុម​អភិជន​ ជាក្រុមដែលមានសញ្ជាតិពីរ ឬក៏ជាអា​ណិ​ក​ជនខ្មែរ-អាមេរិកាំង​ ឬ​ក៏ជាខ្មែរ-បារាំង ជា​ដើម​​ ហើយ​​​​​ក៏​​​ជាក្រុម​អ្នកបញ្ញវន្តផង​ដែរ។ ដូច្នេះហើយ​ទើប​ លោក កឹម សុខា ​​ខិតខំព្យាយាម ប្រមែ​​ប្រមូល​​អ្នកមិនសូវចេះដឹង ដែល​​ស្រួល​​ភូតភរ បង្កើតជាក្រុមមួយ ហៅថា គណបក្ស​សង្រ្គោះ​ជាតិ​​សហ​​​រដ្ឋអាមេរិក ដើម្បីឲ្យមានតុល្យភាពជាមួយនឹង​ក្រុម លោក សម រង្ស៊ី ​​​​ដែលមានឈ្មោះថា គណបក្សសង្រ្គោះជាតិប៉ែកខាងជើងសហរដ្ឋអាមេរិក។
          នរណាក៏ដឹងដែរ​ថា លោក សម រង្ស៊ី បានឆ្លងកាត់នូវ​ «ទង្វើខុសច្បាប់»​ ត្រូវ​តុលាការ​កម្ពុជា កាត់ទោសកំបាំងមុខ ជាច្រើនលើកច្រើនសារដែលបង្ខំឲ្យលោកនិរ​ទេសខ្លួនឯង។ ប៉ុន្តែ​ករណីចុង​ក្រោយ​​​នេះ (នៅ​ដើ​ម​ខែកក្កដា ឆ្នាំ​២០១៣ បន្ទាប់ពីត្រឡប់មកពីប្រទេសបារាំងវិញ ក្រោយ​ពី​ពេល​ដែល​លោក​ ហ៊ុន សែន នាយ​ក​ ​រ​ដ្ឋមន្រ្តីនៃព្រះ​រាជា​ណាចក្រកម្ពុជា ស្នើព្រះ​មហា​ក្សត្រ​ឲ្យលើកលែងទោស​ដល់​រូ​ប​លោក បាន​វិលចូលមាតុភូមិ​​វិញ ដោយ​ពុំ​មាន​ឈ្មោះ​ថា​ជា​«ទណ្ឌិត»​​ ទៀត​ឡើយ​ បានក្លាយទៅ​ជាអ្នកដឹកនាំ​មួយ​រូប​ មានចរិត​ទន់ភ្លន់ ដឹងខុស​ ដឹងត្រូវ ចេះ​បត់បែនតាមកាលៈទេសៈ  តាមសភាពការ​នយោ​បាយ​​ក្នុង ​និង​ក្រៅ​ប្រទេស ដែលញាំង​ដល់​ការផ្តល់នូវ​ឱកាស​​​ជួនប្រជាពលរដ្ឋ​​ខ្មែរ ​​ដែលជា​អ្នក​គាំទ្រ​គណបក្សនយោបាយទាំងពីរ បាន​រស់​នៅ​ក្រោម​ដំ​បូលសុខសន្តិភាព​។
          ឥរិយាបទ​​សម្របសម្រួលរបស់មេដឹកនាំគណបក្សសង្រ្គោះជាតិ គឺលោក សម រង្ស៊ី ដែលធ្វើឲ្យប្រទេសជាតិបានស្ងប់ស្ងាត់ពីភាពដែលប្រៀបបានការបះបោរ (ដូច​ព្រឹត្តិការណ៍បន្ទាប់​ពី​ការ​បោះឆ្នោតហើយនោះ) មិនគួរលោកអនុប្រធានគណបក្សសង្រ្គោះជាតិ កឹម សុខា បែរ​ជា​មិន​ស្តាប់មេដឹកនាំ​​របស់ខ្លួន បែរជានិយាយប្រាប់អ្នកគាំទ្រនៅទីក្រុងឡុងប៊ិច ថា​ «យើង​មិន​បោះ​បង់​ជំហរទាមទារ រហូតប្តូររបប ហ៊ុន សែន នោះទេ យើងនៅតែតស៊ូរហូត» តើការ​និយាយ​បែបនេះ ជាឥរិយាបទអ្នកទទួលខុសត្រូវមួយរូបក្នុងឆាកនយោបាយ ដែលខ្លួនទទួលខុស​ត្រូវក្នុងប្រវត្តិសាស្រ្ត  និង​​ដែល​ខ្លួន​ត្រូវទ​ទួលខុសជាអនុប្រធាន របស់លោក សម រង្ស៊ី ឬយ៉ាងណា?​​ឬមួយ​ក៏ពាក្យដែលនិយាយនេះ គ្រាន់តែបិទបាំងនូវភាពល្ងង់ខ្លៅរបស់ខ្លួន នូវភាព​​ក្អេង​ក្អាង​​របស់​ខ្លួន ចំពោះមុខអ្នកគាំទ្រនៅក្រៅប្រទេសថាខ្លួនពុំមែនជាអ្នកដឹកនាំល្ងង់ខ្លៅនោះទេ។  
          នៅក្រុងឡុងបិច លោក កឹម សុខា បានបន្តទៀតថា «បើសិនពួកយើងខ្ញុំបន្តធ្វើតទៅទៀតខ្មែរនឹងបង្ហូរឈាម​»។ តើភាសានេះមិនបានន័យថា លោក កឹម សុខា ដើរបញ្រ្ចាស់ខ្យល់ជាមួយប្រធាន​រ​បស់ខ្លួន ដោយប្រើពាក្យខ្មែរបង្ហូរឈាមនោះ ក៏ត្រូវមានសំណួរសួរថា អ្នកណាបង្កឲ្យមានការ​​​បង្ហូរឈាមយ៉ាងទទេៗបែបនេះ ព្រោះពាក្យថា ការបង្ហូរឈាមប្រើ​​​នៅពេល​​យុគសម័យមួយ ក្នុង​​​​​​ប្រទេសមួយដែលមានការបះបោរ ធ្វើបដិវត្តទម្លាក់រដ្ឋាភិបាល ដែលកំពុងកាន់អំណាចស្របច្បាប់ហើយការបំបះបំបោរឲ្យមានការបង្ហូរឈាម តើនេះពុំបានន័យថា លោក កឹម សុខា មានគំនិតប៉ុន​ប៉ងធ្វើរដ្ឋប្រហារឬទេ?

          ក្នុង ​ករណី​នេះ លោក​ កឹម សុខា ពុំ​គ្រាន់​តែជា​អ្នក​នយោ​បាយ​មិន​ស្តាប់​មេ​ កើយប៉ុណ្ណោះ​ទេ ​បន្ថែម​លើ​នេះ​ទៀត លោក​ កឹម សុខា នឹង​ត្រូវ​ប្រឈម​មុខចំ​ ពោះ​មុខ​ច្បា​ប់​ទៀត​ផងដែរ៕

No comments:

Post a Comment