ឯកឧត្ដមបណ្ឌិតសភាចារ្យ
សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី
ក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៣-២០១៤ និងទិសដៅឆ្នាំសិក្សា២០១៤-២០១៥ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានថ្លែងថា
សន្និបាតបូកសរុបការងារនេះ ជាវេទិកាដ៏ល្អសម្រាប់ អ្នកជំនាញអ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធដទៃទៀតក្នុងវិស័យអប់រំ ផ្លាស់ប្តូរយោបល់និងបទពិសោធន៍ ព្រមទាំងការអនុវត្តល្អៗសម្រាប់ជាធាតុចូល ក្នុងការបង្កើនប្រសិទ្ធភាពថែមទៀតនៃការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រវិស័យអប់រំ យុវជន និងកីឡា ព្រមទាំងសម្រាប់លើកទិសដៅការងារ របស់ក្រសួងក្នុងឆ្នាំសិក្សាថ្មីឱ្យបានកាន់តែប្រសើរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការថ្មីៗ នៃការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ទាំងចំណេះដឹង ចំណេះធ្វើ
គុណធម៌ និងសីលធម៌។
ឯកឧត្ដមបណ្ឌិតសភាចារ្យ
សុខ អាន បានរំលឹកឲ្យដឹងថា គ្រឹះស្ថានសិក្សា រួមទាំងស្ថាប័នដទៃទៀតទាំងអស់ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ដោយរបបប្រល័យពូជសាសន៍ ក្នុងរយៈពេលតែជាងបីឆ្នាំប៉ុណ្ណោះ។ បន្ទាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩ យើងបានឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាង ដោយដៃម្ខាងខិតខំប្រឹងប្រែងស្ដារ និងកសាងជាតិមាតុភូមិជាទីស្នេហានៃយើងពីបាតដៃទទេ និងដៃម្ខាងទៀតខិតខំការពារមិនឱ្យ មានការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍។ សុខសន្តិភាព និងស្ថិរភាពនយោបាយគឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់ធានាបាននូវការអភិវឌ្ឍលើគ្រប់វិស័យ សំដៅលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ជាក់ស្តែង ក្នុងឆ្នាំ២០១៤ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចមធ្យមប្រចាំឆ្នាំប្រមាណ ៧% និងនៅតែបន្តក្នុងរង្វង់ ៧% នៅឆ្នាំ២០១៥ នេះ ដោយរក្សាបាននូវអតិផរណាទាប។
ឯកឧត្តមបានមានប្រសាសន៍បន្តថា ផ្អែកតាមរបាយការណ៍របស់ឯកឧត្តមរដ្ឋមន្រ្តី វិស័យអប់រំទាំងមូលមានការរីកចម្រើនជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ ទាំងបរិមាណនិងគុណភាព រួមមានការរីកដុះដាលយ៉ាងខ្លាំងនៃសាលារៀនចំណេះទូទៅ គ្រឹះស្ថានឧត្តមសិក្សា និងចំនួនសិស្ស
និស្សិតចុះឈ្មោះចូលរៀននៅគ្រប់ភូមិសិក្សាទាំងផ្នែកសាធារណៈ និងផ្នែកឯកជន ដែលនេះគឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ឈានទៅពង្រឹងគុណភាពអប់រំឱ្យកាន់តែប្រសើរឡើងថែមទៀត។ សាលារៀនត្រូវបានសាងសង់នៅគ្រប់ច្រកល្ហកជាបន្តបន្ទាប់ រហូតដល់តំបន់ដាច់ស្រយាល
ដើម្បីបង្កលក្ខណៈងាយស្រួលដល់កូនចៅប្រជាពលរដ្ឋ
ថែមទៀតក្នុងការសិក្សា ជាពិសេសសិស្សនារី។
ប្រធានបទទាំង២១ នៃអនុវិស័យទាំង៧ ដែលនឹងត្រូវពិភាក្សា មានភាពប្រទាក់ក្រឡាគ្នា និងជាប្រធានបទដែលកំពុងតែទាមទារឱ្យមានការបកស្រាយ
ពន្យល់ រិះរកដំណោះស្រាយ និងត្រូវចំសភាពការណ៍
ព្រមទាំងមានការចូលរួមចំណែកពីសំណាក់បណ្ដាតំណាងអាជ្ញាធរមូលដ្ឋាន
ផ្នែកឯកជន និងដៃគូអភិវឌ្ឍន៍នានាផងដែរ។ ផ្លែផ្កានៃកិច្ចពិភាក្សានេះនឹងអាចជាដំណោះស្រាយប្រកបដោយប្រសិទ្ធភាពមានលក្ខណៈស៊ីជម្រៅ
និងមានវិសាលភាពកាន់តែទូលាយ ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការងារអប់រំ
យុវជន និងកីឡា ជាអាទិ៍ ការពង្រឹងគុណភាពអប់រំនៅគ្រប់កម្រិត ការជំរុញឱ្យកុមារនិងយុវជនទទួលបានការអប់រំនៅគ្រប់កម្រិតសិក្សា ការផ្ដល់សេវាអប់រំប្រកប ដោយគុណភាព ប្រសិទ្ធភាព និងសមធម៌
ការអភិវឌ្ឍស្ថាប័ននិងពង្រឹងសមត្ថភាពមន្ត្រីអប់រំនៅគ្រប់កម្រិត ការពង្រឹងសកម្មភាពអប់រំកាយនិងកីឡានៅតាមគ្រឹះស្ថានសិក្សា ការពង្រឹងសកម្មភាពកីឡាមហាជនជាដើម។
ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងអប់រំ
យុវជន និងកីឡា និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់
ព្រមទាំងអ្នកពាក់ព័ន្ធនានា សូមបន្តចូលរួមចំណែក និងគាំទ្របន្ថែមទៀត ក្នុងការអនុវត្តនូវកម្មវិធីកំណែទម្រង់វិស័យអប់រំ ជាពិសេសអាទិភាពទាំង ៨ គឺ៖ ការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុនិងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការពង្រឹងការគ្រប់គ្រងបុគ្គលិក ការពង្រឹងការប្រលងគ្រប់ប្រភេទ ការបង្កើតធនាគារខួរក្បាលវិស័យអប់រំ កំណែទម្រង់ឧត្តមសិក្សា ការបង្កើនគុណភាពនិងប្រសិទ្ធភាពនៃសេវាអប់រំនៅគ្រប់កម្រិតសិក្សា ក្នុងការបណ្តុះបណ្តាលបច្ចេកទេសនិងមុខជំនាញ ឱ្យស្របទៅតាមតម្រូវការអភិវឌ្ឍរបស់ប្រទេស ការអភិវឌ្ឍសម្រាប់យុវជននូវជំនាញបច្ចេកទេសនិងជំនាញទន់ និងកំណែទម្រង់ការអប់រំកាយនិងកីឡា ដើម្បីត្រៀមខ្លួនឱ្យបានល្អចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣៕
អត្ថបទ៖ ច័ន្ទ ទេវី



No comments:
Post a Comment