សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនូវប្រសាសន៍បែបនេះក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម សមកែវ ស៊ីឡាវង្ស រដ្ឋមន្ត្រីស្តីទីក្រសួងសន្តិសុខសាធារណៈឡាវ ចូលជួបសំដែងការគួរសមនៅវិមានសន្តិភាព រសៀលថ្ងៃទី២៣ខែមីនា ឆ្នាំ២០១៥ នេះ ។
ឯកឧត្តមបណ្ឌិត កៅ កឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានមានប្រសាសន៏ក្រោយជំនួបថា៖ ឯកឧត្តម សម កែវស៊ីឡាវង្ស បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ពីលទ្ធផលនៃកិច្ចប្រជុំទ្វេភាគីរវាងប្រតិភូឡាវជាមួយក្រសួងមហាផ្ទៃកម្ពុជា ដែលបានបញ្ចប់ថ្មីៗនេះ ហើយប្រតិភូក៏នឹងអញ្ជើញទៅទៅទស្សនកិច្ចនៅខេត្តកែប និងខេត្តកំពត ។ ឯកឧត្តមបន្តថា ក្នុងនាមរដ្ឋាភិបាល និងប្រជាជនឡាវ នឹងខិតខំជំរុញផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ជាពិសេសរវាងក្រសួងសន្តិសុខឡាវ និងក្រសួងមហាផ្ទៃកម្ពុជា ។ មួយវិញទៀត ក្រសួងទាំងពីរ នឹងខិតខំធ្វើយ៉ាងណាជំរុញដោះស្រាយនូវបញ្ហាដែលនៅសេសសល់ជាមួយគ្នាជាបន្ត ទៀត។ក្រៅពីនេះភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំនៅពេលនេះ ផងដែរដើម្បីផ្លាស់ប្តូរនិស្សិតបានទៅសិក្សានៅប្រទេសទាំងពីរ មានន័យថា និស្សិតកម្ពុជាបានទៅ សិក្សានៅឡាវ និងនិស្សិតឡាវ បានមកសិក្សា នៅប្រទេសកម្ពុជា។
ទន្ទឹមនេះដែរ ឯកឧត្តម សម កែវស៊ីឡាវង្ស ក៏បានសុំអនុសាសន៍ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសទាំងពីរ បានបន្តកិច្ចការជាមួយគ្នា។
ឆ្លើយតបនឹងបញ្ហានេះ សម្តេចតេជោ បានមានប្រសាសន៍ថា បញ្ហាសន្តិសុខ ជាបញ្ហាសំខាន់ សម្រាប់ ប្រជាជន នៃប្រទេសទាំងពីរ ហើយដោយយើងមានភូមិផងរបងជាប់គ្នានោះ គឺធ្វើ យ៉ាងណាខិតខំបន្តកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនៅតាមព្រំដែន ឱ្យបានគ្រប់ជ្រុង ជ្រោយ រួមទាំងការងារជាច្រើនទៀតដែលត្រូវបន្តធ្វើរួមគ្នាដូចជាការទប់ស្កាត់ បទល្មើសការ កាប់ឈើខុសច្បាប់នៅតាមព្រំដែន និងសម្រួលធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋនៅតាមព្រំដែន មានការទៅមករកគ្នា ជាពិសេសការប្រើប្រាស់ទឹកបានដោយងាយស្រួល ។
ជាងនេះទៀត សម្តេចតេជោ បានជំរុញឱ្យការសាងសង់ស្ពានបានឆាប់ ដើម្បីឱ្យប្រជាពលរដ្ឋនៃប្រទេសទាំង ពីរមានភាពងាយស្រួលក្នុងការចេញចូលប្រកបមុខរបររកស៊ីជាមួយគ្នា៕


No comments:
Post a Comment