Tuesday, March 24, 2015

បទអត្ថាធិប្បាយ​ ដោយ៖ សួន​ចំរើន​, ការចោទ​ប្រកាន់​​អំពី​​បញ្ហា​​សិទ្ធិ​មនុស្ស​​ធ្ងន់​ធ្ងរ​ របស់​​ក្រុម​​សង្គម​​ស៊ីវិល​ ជារឿង​​មិន​ពិត​

ជាទូទៅ ​គេ​មិន​អាច​​​និយាយ​ ឬ​ចោទ​ប្រកាន់​ថា​ ប្រទេស​មួយ​​មាន​ការ​​បំបិទសិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និងបំបិទ​សិទ្ទិ​ប្រមូល​ផ្តុំ ឬ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​តែ​ជា​ចំណោទដ៏​ធ្ងន់​ធ្ងរ​​ នៅ​ពេល​ដែល​សង្គម​ស៊ីវិល​ក្នុង​​ស្រុក​​អាច​​ប្រមូល​ផ្តុំ​គ្នា​​​ធ្វើ​​ការ ​រិះគន់​​ ធ្វើ​សកម្ម​ភាព​ប្រឆាំង​គ្រប់​រឿង និង​​​ធ្វើ​​របាយ​ការណ៍​ទៅ​គណៈកម្មាធិកា​រ​សិទ្ទិមនុស្ស​​របស់​​អង្គការ​​ សហប្រជាជាតិ​​ មាន​កំរាស់​រហូត​​ដល់​ទៅ​៨៦​ទំព័រ​នោះ​បាន​ឡើយ​។​ របាយការណ៍​នេះ​គឺ​​វា​ហាក់​ដូច​ជា​មិន​ស៊ីគ្នា​ទៅ​នឹង​​ចរន្ត​ពិត​ដែល​កើត​ មាន​ឡើង និង​សកម្មភាព​ដែល​ក្រុម​​អង្គការ​ទាំងនោះ​កំពុង​ប្រព្រឹត្តិ​នៅក្នុង​ប្រទេស ​កម្ពុជា​ ទាល់​តែ​សោះ​។
​ តើ​ការ​ដែល​ក្រុម​សង្គម​ស៊ីវិល​ទាំង​នោះ​អាច​ចងក្រងគ្នា​​ជាក្រុម​នៅ​គ្រប់​ ​កម្រិតមូល​ដ្ឋាន​សហគមន៍ អាច​ប្រមូល​ផ្តុំ​គ្នាជាសម្ព័ន្ធ​ និង​អាច​​ធ្វើ​សកម្មភាព​ដោយ​សេរី​​ បែរ​ជា​ត្រូវ​បាន​ចាត់​ទុក​ថា​ជាការ​ប្រឈម​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​ឬយ៉ាង​ ណា​​​?​​​​​ ចំណុច​​នេះ​ យើង​សង្ឃឹម​ថា​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ ប្រាកដ​ជា​ចេះ​ថ្លឹង​ថ្លែង​ និង​ធ្វើ​ការ​វាយ​តម្លៃ​ដោយ​យុត្តិធម៌​ ជាមិន​ខាន​។​
តាម ​ការ​ពិត​ក្រុមសង្គម​ស៊ី​វិលទាំង​នោះ​​ បាន​សរសេរ​របាយ​ការ​ណ៍​របស់​ខ្លួន ដោយ​ច្បិច​យក​តែ​​ចំណុច​​អវិជ្ជមាន​បន្តិច​បន្តួច​​នៅ​ក្នុង​សង្គម​ ដែល​បញ្ហា​ទាំង​នោះ​ក៏បាន​កើត​មាននៅ​ប្រទេសនានា​ និង​បណ្តា​ប្រទេស​​ដែល​អួត​ខ្លួន​ថា​គោរព​សិទ្ធិ​មនុស្ស​បាន​ល្អ​បំផុត​ នោះក៏មាន​​​ផង​ដែរ​។​​​ ជាក់​ស្តែង​ សូម្បីតែ​ប្រទេស​អាមេរិក​​ ដែល​អួតអាង​​ខ្លួនឯង​ថា​ជា​បិតា​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​ ក៏​គង់​អនុវត្ត​​ការ​ចាប់​​​​សមាជិកសភា ​៨​នាក់​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​របស់​ខ្លួន​ ​ដែល​កំពុង​ស្ថិត​ក្នុង​តំណែង​​យក​ទៅ​ឃុំឃាំងយ៉ាង​កម្រោល​​ ដោយ​គ្រាន់​តែ​​ពួក​​គេ​​ធ្វើ​បាតុកម្ម​​អោយ​មាន​ការកែទម្រង់​ច្បាប់​អន្តោប្រវេសន៍​​​កាល​​ពី​​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៣ គឺ​​ប្រមាណ​ជា​២​ខែក្រោយ​កម្ពុជា​​​ធ្វើ​ការ​បោះឆ្នោត​រួចប៉ុណ្ណោះ​​។
​ក្រុម​អង្គការ​សង្គម​ស៊ីវិល​​នៅ​ក្នុ្ងង​ប្រទេស​កម្ពុជា​ ដែល​មាន​ជំនាញ​តែ​ខាង​រិះគន់​ទាំង​នោះ​ ​បាន​លើក​ឡើង​ថា​ សិទ្ធិ​ប្រមូល​ផ្តុំ ​សេរីភាពបញ្ចេញ​មតិ​ ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ​ និង​វិសមភាព​ផ្នែក​ជេនឌឺ (Gender) ​​នៅ​​តែ​​ជា​បញ្ហា​ប្រឈម​​។​​ ប៉ុន្ដែ​​ពួក​គេ​មិន​បាន​លើក​ឡើងនោះ​ទេ​ ​អំពី​​​ការ​ដែល​អនុញ្ញាត​អោយ​ជន​អន្ធពាល​​មួយ​ក្រុមតូចប្រើ​សិទ្ធិ​ប្រមូល​ ផ្តុំ​របស់​ខ្លួន​​​​ហួស​ហេតុ​ធ្វើ​​កុប្បកម្ម​​បិទផ្លូវ វាយ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សារធារណៈ និង​ឯកជន​ និង​ការ​​បណ្ដែត​បណ្ដោយ​អោយ​អ្នកនយោបាយ​មួយ​ក្ដាប់​តូច​​ ញុះញង់​ប្រជាជន​​អោយ​ប្រព្រឹត្ត​អំពើ​ហិង្សា​ បង្កចលាចល​ក្នុង​សង្គម​ តើ​នោះ​អាច​ចាត់​ទុក​ថា​ ជា​​ការ​បញ្ចេញ​សិទ្ធិ​សេរីភាព​​របស់​ពួក​គេ​​ឬទេ​​?​
 បរិបទ​នៃសិទ្ធិ​ មនុស្ស​ និង​​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​នីមួយៗ​គឺ​វា​ផ្សេងៗ​គ្នា​។ ការ​អនុវត្ត​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​​វា​មាន​អត្ថន័យ​ទូលំទូលាយ ប៉ុន្ដែ​​​វាក៏​​ងាយ​ក្លាយ​​ទៅ​ជា​​​អនាធិបតេយ្យ​​ប្រសិន​បើ​​គេ​មិន​កំណត់​ ឲ្យ​បាន​ច្បាស់លាស់​អំពី​អត្ថន័យ និង​ព្រំដែនសកម្មភាពរបស់​វា​​នោះទេ​។
​ការ​លើក​ឡើង​របស់អង្គការ​សង្គម​ស៊ីវិល​ ដែល​មាន​និន្នាកា​រ​ប្រឆាំង​ទាំង​នោះ​ គឺ​គ្រាន់​តែ​ជា​​​ការ​លើក​ឡើង​ដើម្បី​បង្ខូច​មុខ​មាត់រាជ​​រដ្ឋាភិបាល​ និង​ដើម្បី​ជារបាយ​ការណ៍​សកម្មភាព​ការងារ​របស់​ខ្លួន​ប្រចាំឆ្នាំ​ តែប៉ុណ្ណោះ​។ របាយការណ៍នេះ​គឺ​មិន​បាន​ឆ្លុះបញ្ចាំង​អំពី​បញ្ហាសិទ្ធិ​មនុស្ស​ជាទូទៅ​នោះ​ទេ​ តែ​វាឆ្លុះ​បញ្ចាំង​តែ​​​ផ្នែក​អវិជ្ជមាន​​​តូចមួយ​​នៃ​បញ្ហា​សិទ្ធិ​មនុស្សនៅកម្ពុជា​​​តែប៉ុណ្ណោះ។​​ ការ​ស្រែក​បំពុល​បរិយាកាស របស់​​ក្រុម​សង្គម​ស៊ីវិល​ទាំង​នោះ​ តែង​តែ​ធ្វើ​ឡើង​ស្រប​ពេល​ទៅ​នឹង​ព្រឹត្តិការណ៍​ដែល​មាន​កិច្ច​ប្រជុំ​​អន្តរជាតិ​នានា ​ដែល​ទាក់​ទងទៅនិង​ព្រឹត្តិការ​ណ៍​​នេះ​​ ក្នុង​ន័យ​ដើម្បី​ទទួល​បាន​​នូវ​               ផល​ប្រយោជន៍​​​​ថវិកា​ចិញ្ចឹម​ឆ្នាំង​បាយ​របស់​ក្រុម​គេ​តែ​ប៉ុណ្ណោះ​​។ អាចនិយាយ​បាន​ម្យ៉ាង​ទៀត​ថា​ បើ​ពួក​គេ​​​ចង់​និយាយ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ គឺ​សូម​និយាយ​​អំពី​សិទ្ធិ​មនុស្ស​ដើម្បី​យើង​ទាំង​អស់​គ្នា​ សូម​កុំ​ធ្វើ​ការ​ងារ​​សិទ្ធិ​មនុស្ស​ ដើម្បី​តែ​ផល​ប្រយោជន៍​ធ្វើមាន​​ធ្វើ​បាន ​​សម្រាប់​​ក្រុម​របស់​ខ្លួន​​ និង​ដើម្បី           ផល​ប្រយោជន៍​​នយោបាយ​នៅពី​ក្រោយ​​ខ្នង​។​

ជារួម​ មក​ដល់​បច្ចុប្បន្ននេះ​ រាជរដ្ឋាភិបាល​បាន​លើក​ស្ទួយ​សិទ្ធិ​ពលរដ្ឋ​លើ​គ្រប់​វិស័យ​ ជាពិសេស​​ក្រៅ​ពីសិទ្ធិ​រស់​រាន​មាន​ជីវិត​ គឺ​សិទ្ធិ​នៃ​ការ​លើក​ស្ទួយ​សេរីភាព​សារព័ត៌មាន​ និង​ការ​បញ្ចេញ​មតិ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​។​ រាជរដ្ឋាភិបាល​ បាន​ពង្រឹង​ និង​ពង្រីក​កាន់​តែ​ទូលាយ​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​​​ និង​លទ្ធិប្រជាធិបតេយ្យ​ ដែល​ធ្វើ​ឲ្យ​អន្តរជាតិ​ទទួល​ស្គាល់​កាន់​តែ​ច្រើន​ទាំង​នៅក្នុង​តំបន់​ និង​លើពិភព​លោក​។ តាម​ការ​វាយ​តម្លៃ​លើ​ផ្នែក​សិទ្ធិ​មនុស្ស​កន្លង​មក ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​មាន​ភាព​ប្រសើរ​ជាងបណ្តាប្រទេស​ជិតខាង​មួយ​ចំនួន​ក្នុង​តំបន់​។ ដូច្នេះ​ ការ​លើក​ឡើង​នៅក្នុង​របាយ​ការណ៍​ របស់​ក្រុម​អង្គការ​​សង្គម​ស៊ីវិល​មួយ​ចំនួន​តូចអំពី​ភាព​អវិជ្ជមាន​នៃ​សិទ្ធិមនុស្ស​​​នោះ​ គឺ​ពិត​ជាមិន​អាចយក​ជាការ​នោះ​ទេ​ សំខាន់​គឺ​រាជរដ្ឋាភិបាល​នៅ​តែ​មាន​ឆន្ទៈ​បន្ត​លើក​ស្ទួយ​បញ្ហា​សិទ្ធិ​មនុស្ស​ដែល​នៅ​មាន​ការ​ខ្វះ​ខាត​ខ្លះៗ​​ ឲ្យ​បាន​កាន់​តែ​ប្រសើរ​​​​​ឡើង​នោះ​ទើប​ប្រទេស​កាន់​តែ​មាន​ការអភិវឌ្ឍ​៕​

No comments:

Post a Comment