នៅព្រឹកថ្ងៃទី ២៣ ខែមីនា
ឆ្នាំ២០១៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ញើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ
នូវរូបសំណាកព្រះនាងប្រាជ្ញាបារមី ច្រាំងទន្លេ សួនច្បារជ្រោយចង្វារត្រើយខាងកើត និងសម្ពោធបើកឲ្យដំណើរការជាផ្លូវការ សណ្ឋាគាររ៉េស៊ីដង់
សុខាភ្នំពេញ។
ឯកឧត្តម
ប៉ាសុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការស្ថាបនា
សមិទ្ធផលរូបសំណាកព្រះនាងប្រាជ្ញាបារមី ច្រាំងទន្លេ សួនច្បារ ជ្រោយចង្វារត្រើយខាងកើតចំណាយអស់ថវិកាសរុបចំនួនជាង២១លានដុល្លារអាមេរិក
គឺជាកញ្ចប់ថវិកាបានមកពីការវិនិយោគ ទីតាំងសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញរបស់ក្រុមហ៊ុន
សុខា អូតែល ដោយឡែក សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ត្រូវបានចំណាយថវិកាសាងសង់ប្រមាណ១២០លានដុល្លារអាមេរិក
ដោយមិនគិតបញ្ចូលតំលៃដីដែលជាការវិនិយោគផ្ទាល់របស់ក្រុមហ៊ុន សុខាអូតែល។
ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
បានមានប្រសាសន៍បន្តថា នៅក្នុងតំណាក់កាលនៃការសាងសង់គម្រោងវិនិយោគនេះ បានបង្កើតការងារជូនពលករកម្ពុជាប្រមាណ១៥០០នាក់ ហើយក្នុងដំណាក់កាលប្រតិបត្តិការអាជីវកម្មបច្ចុប្បន្ននេះ
បានផ្តល់ឱកាសការងារជូននិយោជិកចំនួន៨០០នាក់ដែលចំនួននេះនឹងកើនឡើងជាបន្តបន្ទាប់
នៅពេលដែលដំណើរការរបស់សណ្ឋាគារមានភាពពេលលេញ។
គំរូស្ថាបនាច្រាំងទន្លេត្រើយខាងកើតចាប់ពីគល់ស្ពានជ្រោយចង្វារ
រហូតមកដល់ដីក្បាលស្ពានជ្រោយចង្វារ ពីមុនតំបន់នេះគឺជាច្រាំងលិចទឹក
បោះបង់ចោល សម្បួរដោយព្រៃត្រែង និងមានដុះស្មៅទ្រុពទ្រុលស្ទើរតែគ្មានមនុស្សហ៊ានចូលទៅដល់។
ការស្ថាបនាច្រាំងទន្លេត្រើយខាងកើតត្រូវប្រើរយៈពេល២៨ខែ ដោយបានចាប់ផ្តើមពីថ្ងៃទី៨
ខែកុម្ភៈ ឆ្នាំ២០១១ នឹងបានបញ្ចប់នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៤។ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្តបំពាក់ជាប់រួមមាន
ផ្លូវ លូ សួនច្បារ និងរូបសំណាកព្រះនាងប្រាជ្ញាបារមី ត្រូវប្រើរយៈពេល១៣ខែគិតចាប់ពីថ្ងៃទី៨
កុម្ភៈ ឆ្នាំ២០១៤ ដល់ថ្ងៃទី ១៨ មីនា ឆ្នាំ២០១៥។
ដោយឡែកសណ្ឋាគរ
រ៉េស៊ីដង់សុខាភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា
ឆ្នាំ២០០៨ គឺជាសណ្ឋាគារទី៤របស់ ក្រុមហ៊ុន
សុខាអូតែល ដែលបានវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។
ប្លង់ស្ថាបត្យកម្មត្រូវបានសិក្សារៀបចំនិងគូរដោយស្ថាបត្យករបរទេស
សហការជាមួយនឹងស្ថាបត្យករកម្ពុជាដោយមានការចូលរួមបញ្ជូល
រវាងរចនាបទទំនើបជាមួយនឹងរចនាបទខ្មែរដើម្បីធ្វើយ៉ាងណាឲ្យសំណង់
នេះមានភាពរឹងមាំ
មានសោភ័ណភាពស័ក្តិសមទៅនឹងទីតាំងដ៏សែនមនោរម្យនិងស្រស់ត្រកាល
នៃតំបន់ក្បាយជ្រោយចង្វារចតុមុខ។
សមិទ្ធិផល ដែលសម្ពោធនៅថ្ងៃនេះ
រួមមាន ១-ច្រាំងទន្លេត្រើយខាងកើតប្រវែង៣០០០ម៉ែត្រ, ២-ផ្លូវពីរខ្សែដែលមានប្រវែង៣៩៦៥ម៉ែត្រ,
៣-រូបសំណាកព្រះនាងប្រាជ្ញាបារមី និង៤-សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ នៅក្នុងពិធីនោះដែរ
សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានរំលេចឲ្យឃើញថា អ្វីដែលកម្ពុជាបានធ្វើនៅពេលនេះ
គឺទាំងប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាមិត្តភ័ក្ត្ររបស់កម្ពុជា គឺពិតជាបានឃើញនូវវឌ្ឍនៈភាពដែលគួរឲ្យកត់សំគាល់។
សម្តេចបានលើកឡើងថា យើងអាចយករូបភាពដើមត្រឡប់មកវិញ ដើម្បីចាក់បញ្ចាំងជាពិសេស
ធ្វើការប្រៀបធៀប នៅពេលវេលាបុណ្យអ៊ុំទូកម្តងៗ គឺប្រជាជនដែលរស់នៅត្រើយខាងកើតនេះ
គឺយកដើមត្រែងខ្ពស់ណាមួយធ្វើជាកងព័ន្ធ រឺជាគោលថាទូកណានៅមុខ និងទូកណានៅក្រោយ។
សម្តេចបន្តថា យើងបានខិតខំធ្វើកិច្ចការងារនេះជាមួយ និងធម្មជាតិ ដោយបានចាក់ដីបំពេញជាបន្តបន្ទាប់ ហើយបើយើងពិនិត្យមើលពីអតីតកាលកន្លែងនេះគឺជាទឹក។
សម្តេចបានរំលឹកឲ្យដឹងផងដែរថា កិច្ចការងារនេះ ចាប់ផ្តើមធ្វើតាំងពីជំនាន់ឯកឧត្តមអភិបាលក្រុង
ជា សុផារ៉ា បន្តមក គឺឯកឧត្តម កែប ជុតិមា និងបន្តមកទៀតគឺឯកឧត្តម ប៉ាសុជាតិវង្ស៕
អត្ថបទ៖ ច័ន្ទ ទេវី





No comments:
Post a Comment